ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ រឿងទុំទាវ អាប់ដេត បានសម្រេច

ស្ថានីយទូរទស្សន៍ PNN បានកំពុងចាក់ផ្សាយរឿងភាគខ្មែរមួយ ដែលមានចំណងជើងថា «ភក្តីស្នេហ៍ទ្វេភព» ដែលក្រុមអ្នកអក្សរសិល្ប៍ខ្មែរអះអាងថា ខ្សែភាពយន្តនេះកើតចេញពីការអាប់ដេត (Update) រឿងទុំទាវ ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់ដើម ។ ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់មិនយល់ស្របចំពោះការអាប់ដេតនេះទេ ។ ប៉ុន្តែក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាក្រសួងព័ត៌មានទំនងជាមានទឡ្ហីករណ៍ច្បាស់លាស់ ទើបអនុញ្ញាតឲ្យរឿង ទុំទាវអាប់ដេតបានដល់គោលដៅ ។

 

នៅក្នុងសាច់រឿង ដែលកំពុងចាក់ផ្សាយ ប្រាកដណាស់ថា ជារឿងទុំទាវរបស់អ្នកនិពន្ធភិក្ខុសោម ហើយក៏ជារឿង ដែលក្រសួងអប់រំយុវជន និងកីឡាដាក់បញ្ចូលក្នុងកម្មវិធីសិក្សាផង ។ វាជាភាពច្បាស់លាស់មួយសម្រាប់អក្សរសិល្ប៍រឿងទុំទាវ ដែលបានបញ្ជ្រាបដល់យុវជនខ្មែរឲ្យបានយល់ដឹងអំពីតម្លៃអក្សរសាស្ត្រ ។ វាជាកម្រងរឿង ដែលចាត់ទុកថាល្បីនៅក្នុងតំបន់ និងនៅលើពិភពលោក ។ រឿងនេះ បានឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្ត្រផង អំពីការតស៊ូរបស់តួអង្គ ដែលប្រឆាំងនឹងទស្សនៈនុំមិនធំជាងនាឡិនោះផង ។ ប្រជាពលរដ្ឋខ្មែរភាគច្រើនឲ្យតម្លៃចំពោះកាព្យរឿងទុំទាវនេះ ។

 

ប៉ុន្តែរហូតមកដល់សម័យបច្ចុប្បន្ន ក្រោមការយកចិត្តទុកដាក់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នាដៃអក្សរសិល្ប៍ដ៏ផូរផង់មួយនេះ ត្រូវបានកែច្នៃ (អាប់ដេត) ឲ្យទៅជារឿងផ្សេងមួយទៀត ប៉ុន្តែមានលំនាំសាច់រឿងដូចគ្នានឹងរឿងទុំទាវ គ្រាន់តែមានការបន្ថែមកន្ទុយរឿងតែប៉ុណ្ណោះ ។ ករណីនេះវាដូចគ្នាទៅនឹងល្ខោនរឿងទុំទាវ ដែលគេផលិតក្រោយឆ្នាំ១៩៧៩ ដោយកែច្នៃសាច់រឿងពីការដែលតួឯកទាំងពីរត្រូវស្លាប់ មកជាការរស់រានមានជីវិត និងតស៊ូធ្វើបដិវត្តន៍រំលំរបបស្តេចនោះទៀតផង ។

NKD-36x6_outline

 

តាមយោបល់ខ្ញុំបាទ អក្សរសិល្ប៍ដែលមានតម្លៃដូចជារឿងទុំទាវ មិនគួរត្រូវបានយកទៅលេងសើចតាមរយៈការអាប់ដេត យ៉ាងដូច្នេះឡើយ ។ គេអាចផលិតរឿងថ្មី ដែលមានសាច់រឿងស្រដៀងគ្នា ទាំងកាលវេលា និងខ្លឹមសារ ។ ប៉ុន្តែមិនគួរត្រូវបានយកសាច់រឿងមួយទាំងមូលមកកែច្នៃ ហើយដាក់ចំណងជើងថ្មីយ៉ាងដូច្នោះទេ ។ ករណីនេះ វាពាក់ព័ន្ធដល់កម្មសិទ្ធិបញ្ញានោះផងដែរ ។ ការផលិតរឿងមួយនេះអាចនិយាយថា ផលិតករមានចេតនាលួចស្នាដៃអ្នកនិពន្ធជំនាន់ដើម(ភិក្ខុសោម) ដើម្បីចៀសផុតពីការផ្តន្ទាទោសតាមផ្លូវច្បាប់? បើទោះបីជាអ្នកនិពន្ធរឿងទុំទាវ បានស្លាប់យូរទៅហើយក៏ដោយ ប៉ុន្តែសាច់ញាតិបងប្អូនរបស់អ្នកនិពន្ធបានរស់រានមានជីវិតនៅឡើយ ។ នៅភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ក្នុងវត្តកំព្រៅ ក្នុងវត្តមានស្រះទឹកមួយជាទីកន្លែងដែលអ្នកនិពន្ធបានសរសេរលុបៗ នៅលើក្តារខៀន ដែលមានតែដីឥដ្ឋ(ដីស) សរសេរសាច់រឿងដ៏មានតម្លៃមួយនេះ ។

 

ពលីកម្មដ៏ធំធេងរបស់អ្នកនិពន្ធមិនគួរត្រូវបានយកមកលេងសើចនោះឡើយ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទ មិនយល់សោះចំពោះចំណាត់ការរបស់ក្រសួងវប្បធម៌ ដែលសាទរចំពោះការអាប់ដេតរឿងទុំទាវនេះ ។ ក្នុងន័យនេះ មានន័យថា គឺជាការដុតបំផ្លាញវប្បធម៌ខ្លួនឯងយ៉ាងដូច្នោះ? ខ្ញុំបាទមិនដឹងថា អ្នកចេះដឹង នៅក្រសួងវប្បធម៌យល់យ៉ាងណាចំពោះការអាប់ដេតរឿងទុំទាវនេះទេ ៕ ប្រជាពលរដ្ឋម្នាក់

 

sa