ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ រឿងរណ្តៅលូកណ្តាលផ្លូវ​បង្កគ្រោះថ្នាក់

មិត្តអ្នកនិយមបណ្តាញសង្គមហ្វេសប៊ុក​បានបង្ហោះរូបភាពមួយសន្លឹក គឺរណ្តៅលូ ដែលមានជម្រៅជ្រៅ ហើយរថយន្ត ជាច្រើនគ្រឿង​​ព្យាយាមចៀសរណ្តៅនេះ ។ សម្រាប់នាងខ្ញុំ ដែលឃើញរូបភាពនេះ ក៏ចាប់អារម្មណ៍ដែរ ហើយមិននឹកស្មានថា អាជ្ញាធរបណ្តោយឲ្យមាន​ទិដ្ឋភាពនេះនោះឡើយ ។ តាមរយៈការសន្ទនាគ្នា​នៅលើបណ្តាញសង្គមហ្វេសប៊ុក អ្នកខ្លះឲ្យដឹងថា រូបភាពបែបនេះ គឺជារណ្តៅលូ មួយកន្លែងស្ថិតក្នុងខណ្ឌចំការមន ព្រំប្រទល់ខណ្ឌមានជ័យ ។

តាមអ្វីដែលនាងខ្ញុំធ្លាប់ឮ មិនត្រឹមតែបញ្ហាសណ្តាប់ធ្នាប់នោះទេ សូម្បីតែបញ្ហាសន្តិសុខ ដែលកើតឡើង​នៅតាម​ព្រំដែន​ខណ្ឌនីមួយៗ អាជ្ញាធរតែងតែរុញដាក់គ្នា ។ ឧទាហរណ៍ ករណីមានខ្មោចអណ្តែតទឹកនៅត្រើយខាងកើត​ មុខព្រះបរមរាជវាំង ខាងខណ្ឌជ្រោយចង្វា អាជ្ញាធរខណ្ឌនេះ​ព្យាយាមរុញខ្មោចនោះ​ឲ្យអណ្តែត​មកត្រើយខាងលិច ដែលជាការទទួលខុសត្រូវរបស់ខណ្ឌដូនពេញ ។ ដូចគ្នានេះដែរ​ រណ្តៅលូ ដែលបងប្អូនបានឃើញនេះ ទំនងជា​កើតឡើងនៅកណ្តាលព្រំដែនខណ្ឌណាមួយ ទើបបានជាគ្មាននរណាអើពើ ។

វាជារឿងតូច ប៉ុន្តែវាអាចគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ។ ដូច្នេះ អាជ្ញាធរមានសមត្ថកិច្ចគួរចាត់វិធានការដោះស្រាយ​បញ្ហាបែបនេះ​ឲ្យបានលឿនរហ័ស ចៀសវាងមានគ្រោះថ្នាក់ ទើបនាំគ្នា​ទម្លាក់កំហុសទៅវិញទៅមក ។ បញ្ហានេះ គេឃើញ ថា បណ្តាលមកពីការមិនទទួលខុសត្រូវ​របស់ស្ថាប័នជំនាញ ឬក្រុមហ៊ុនដែលទទួលម៉ៅការ ក្នុងការ​ធ្វើគម្របលូនោះ ។ រឿងធ្វើហើយដើរចេញនេះ គឺមានច្រើនករណីណាស់ ។ ជាក់ស្តែងក្រុមហ៊ុនជួសជុលផ្លូវដាក់លូ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលធ្វើលូ តាំងពីខែឧសភា រហូតមកដល់ពេលនេះ លូធ្វើរួចហើយ ប៉ុន្តែចិញ្ចើមផ្លូវ​មិនបាន​ធ្វើឲ្យរួចរាល់នោះទេ ។

វាជារឿងតួចតាច​សម្រាប់អ្នកទទួលម៉ៅការ ប៉ុន្តែនៅពេលដែលមានគ្រោះថ្នាក់កើតឡើង ជួនកាលអាចបាត់បង់អាយុជីវិតអ្នកធ្វើដំណើរនៅតាមផ្លូវក៏ថាបាន ។ រឿងរ៉ាវតួចតាចបែបនេះ ញាំងឲ្យមានការរិះគន់​ជាខ្លាំង​ដល់​អាជ្ញាធរមានសមត្ថកិច្ច ។ ដូច្នេះ នាងខ្ញុំរំពឹងថា រឿងរ៉ាវតូចតាចបែបនេះ គួរតែត្រូវបានដោះស្រាយភ្លាមៗ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ ៕ ប្រជាពលរដ្ឋម្នាក់