ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ លទ្ធផលប្រឡងបាក់ឌុបខុសឆ្គងគ្មានអ្នកទទួលខុសត្រូវ

ក្រសួងអប់រំ យុវជន និងកីឡា បានសម្តែង​អារម្មណ៍ «សោកស្តាយ» ចំពោះលទ្ធផលនៃការប្រឡងបាក់ឌុប ដែល​មាន​«កំហុសឆ្គង» ប៉ុន្តែ​គ្មានអ្នកទទួលខុសត្រូវចំពោះរឿងនេះទេ ហើយបើគ្មាន​ការ​ផ្ទុះការតវ៉ា ក៏មិនដឹងអំពី​«ចំណុចខុសឆ្គង» នោះដែរ ។ ទីបំផុត​ ក្រសួង​បានត្រឹម​«សោកស្តាយ» ប៉ុណ្ណោះ ។

តាមអ្វីដែលជាភាពហ្មឹងម៉ាត់ ម៉ត់ចត់ របស់លោករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន ចំណុចខុសឆ្គង ដែលបណ្តាល​ឲ្យមានការតវ៉ាពី​សំណាក់សិស្សានុសិស្ស ដែលយល់ថា មានភាពមិនប្រក្រតី​ចំពោះលទ្ធផលពិន្ទុរបស់ខ្លួននោះ អ្វីដែលនាំឲ្យមានការតវ៉ានេះ​គួរតែ​មានអ្នកទទួលខុសត្រូវ ។ យ៉ាងហោចណាស់ ក៏មានប្រធាន​ផ្នែកណាមួយនៃការបូកស្រង់ពិន្ទុ ជាអ្នកទទួលសារភាពអំពីកំហុសរបស់ខ្លួនក្នុងចេតនា​ណាមួយ ។ ប៉ុន្តែនេះ​ក្រៅតែពីការសម្តែងនូវ​«ការសោកស្តាយ» គឺគ្មានមន្ត្រីណាមួយត្រូវបានប្រកាស​ទទួលស្គាល់«កំហុស​» របស់ខ្លួននោះឡើយ ។

ករណីនេះ ត្រូវគេមើលឃើញថា ក្លាយទៅជាទម្លាប់នៃការមិនទទួលខុសត្រូវរបស់អ្នកខុស ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរតែងតែលើកយកគំរូពីការទទួលខុសត្រូវ​របស់មេដឹកនាំបរទេសខ្លះ ដែលតែងតែទទួល«ខុស» ហើយមួយចំនួន ក៏បានដើរចេញពីការងារទៀតផង ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ មិនមែនចង់​ឲ្យលោករដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា «ដើរចេញ» ព្រោះតែ​មានកំហុស​ក្នុងរឿង​«បូកស្រង់» ពិន្ទុខុសឆ្គងនេះទេ ។ ប៉ុន្តែយ៉ាងហោចណាស់​គួរតែ​មានអ្នកទទួលខុសត្រូវណាម្នាក់​ត្រូវបានបង្ហាញឲ្យសាធារណជនបានដឹង ។

គេរំពឹងថា វប្បធម៌នៃការទទួល«ខុស» អាចនឹងជ្រាបចូលចំពោះការដឹកនាំរបស់មេដឹកនាំតាមស្ថាប័ន​នានា ដែល​ត្រូវការកែទម្រង់ ។ ការដែល​ធ្វើការដោយគ្មានកំហុស វាមិនមែនជារឿងគួរឲ្យមោទនភាពសម្រាប់អ្នកដឹកនាំនោះឡើយ ។ អ្នកធ្វើខុស​ ត្រូវតែទទួលទោស ។ បើនិយាយពីទោសកំហុសចំពោះការដែលធ្វើឲ្យ​សិស្សធ្លាក់​វាមិនមែនជារឿងតួចតាចនោះឡើយ ផ្ទុយទៅវិញ វាជារឿងធំមួយ ដែលត្រូវតែមានអ្នកទទួលខុសត្រូវ ។ យ៉ាងណាក៏ដោយ រឿងនេះ​ត្រូវបាន «ខ័ណ្ឌចប់»ទៅហើយ ៕ ប្រជាពលរដ្ឋម្នាក់