ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ សមត្ថកិច្ចគួរកំុមើលរំលងភ្ញៀវទេសចរដុតកាំជ្រួចនៅឆ្នេរអូរឈើទាល

តាមពិតនាងខ្ញុំមិនមែនជាអ្នករស់នៅក្រុងព្រះសីហនុនោះទេ ពោលគឺខ្ញុំជាអ្នករស់ នៅទីក្រុងភ្នំពេញដែលកាលពីប៉ុន្មានថ្ងៃមុននេះខ្ញុំបានធ្វើដំណើរតាមរថយន្តទៅលំហែ កាយនៅក្រុងព្រះសីហនុ។ ប៉ុន្តែអ្វីដែលនាងខ្ញុំចាប់អារម្មណ៍គឺមានក្រុមអ្នកច្បាប់មួយ ចំនួនដែលបានជជែកគ្នានៅឆ្នេរអូរឈើទាល ខណៈដែលអ្នកច្បាប់ទាំងនោះទទួល ទានអាហារនារាត្រីដ៏សែនមនោរម្យ ហើយបានជជែកប្រាជ្ញព្រោកគ្នា ។

នៅឆ្នេរអូរឈើទាលចាប់ពីព្រលប់រហូតដល់កណ្តាលអធ្រាត្រនៅតែមានភ្ញៀវទេសចរមូលមីដេរដាសអង្គុយលំហែអារម្មណ៍ដើម្បីស្រូបយកទិដ្ឋភាពដ៏ស្រទន់នៃឆ្នេរអូរឈើទាលដោយមានភ្ញៀវទេសចរខ្លះអង្គុយទទួលទានអាហារ រីឯភ្ញៀវមួយចំនួនទៀត ពិសាគ្រឿងស្រវឹងជាលក្ខណៈគ្រួសារជួបជុំមិត្តភក្តិក្រុមការងារជាដើម។ ប៉ុន្តែមានភ្ញៀវ ទេសចរជាតិនិងអន្តរជាតិមួយចំនួនដែលអង្គុយនៅមាត់សមុទ្រក៏បានទិញកាំជ្រួចដុតបង្ហោះដើម្បីជាការកែសម្សាន្ត ឬលម្អរាត្រី។

អ្វីដែលនាងខ្ញុំចង់និយាយនៅពេលនេះគឺថា មានភ្ញៀវទេសចរខ្លះបានទិញកាំជ្រួច ពីអតិថិជនខ្មែរដែលលក់ដូរនៅឆ្នេរសមុទ្រអូរឈើទាលមកដុតរួចបង្ហោះទៅលើលំហអាកាសដោយមិនសំដៅទៅលំហសមុទ្រ នោះទេតែបែរជាតម្រង់ទិសដៅទៅលើហ្វូង មហាជនដែលកំពុងអង្គុយត្រសងនាឆ្នេរអូរឈើទាលនោះទៅវិញ។ ប្រការនេះធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវមួយចំនួនដែលភ្ញៀវខ្លះគេមិនពេញចិត្ត ឬក៏អាចចាត់ទុកថា កាំជ្រួចនោះអាចធ្លាក់ ឬហោះបុកចំពួកគេជាយថាហេតុណាមួយ។ ករណីនេះបើកាំជ្រួច ផ្ទុះមកចំភ្ញៀវទេសចរ តើនរណាជាអ្នកទទួលខុសត្រូវ? ហើយទម្រាំតែរកអ្នកទទួលខុសត្រូវឃើញគឺប៉ះពាល់ដល់អាយុជីវិត ឬខាតបង់ពេលថវិកាដល់ភ្ញៀវទេសចរក៏ថាបាន។

ភ្ញៀវទេសចរដែលចង់សប្បាយជាមួយនឹងការដុតកំាជ្រួចមិនជាថ្វីនោះទេ ប្រសិន បើដុតកាំជ្រួចបង្ហោះទៅលើលំហសមុទ្រវាមិននាំឲ្យមានគ្រោះថ្នាក់នោះឡើយក៏ប៉ុន្តែ ភ្ញៀវដែលគ្មានជំនាញ ហើយដុតកាំជ្រួចបង្ហោះប៉ាតណាប៉ាតណី ពិតណាស់វានឹងអាច បង្កហានិភ័យកើតឡើងដោយចៀសមិនផុត។ មូលហេតុដែលនាងខ្ញុំនិយាយបែបនេះ ក៏ព្រោះតែចង់ការពារមុនដែលហេតុការណ៍កើតឡើងជាជាងហេតុការណ៍ដែលកើតឡើង ហើយទើបយើងការពារជាក្រោយ វាមិនមែនជាវិធីសាស្ត្រដ៏ល្អនោះទេ។ ដូច្នេះសមត្ថកិច្ច អាជ្ញាធរដែនដីដែលជាប់ពាក់ព័ន្ធនឹងករណីនេះគួរតែកុំមើលរំលង ហើយកុំចាត់ទុក រឿងនេះជាករណីស្រាលស្ងើក ឬលេងសើច ព្រោះថាប្រសិនបើយើងដុតកំាំជ្រួចមិន ប្រយ័ត្នប្រយែងតាមអារម្មណ៍សប្បាយដោយគ្មានវិជ្ជាជីវៈពេលខ្លះ កាំជ្រួចមិនហោះលើលំហអាកាស ហើយបែរជាហោះមករកហ្វូងមនុស្សម្នាវានឹងនាំគ្រោះថ្នាក់ដល់អាយុជីវិតភ្ញៀវទេសចរផងទាំងឡាយដែលអង្គុយសម្រាកលំហែអារម្មណ៍ នាមាត់សមុទ្រឆ្នេរអូរឈើទាលជាមិនខានឡើយ ៕ ប្រជាពលរដ្ឋម្នាក់