ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

លិខិតមិត្តអ្នកអាន៖ សមត្ថកិច្ចទើបដឹង​រឿងលក់សត្វ​នៅ​ស្រុកបាធាយ

សម្រាប់ប្រជាពលរដ្ឋខ្មែរដែលកំពុងមានជីវិតរស់នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ជាពិសេសអ្នកដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ឆ្លងកាត់ស្រុកបាធាយ ខេត្តកំពង់ចាម សុទ្ធតែដឹងថា ទីនោះ​មានលក់សាច់សត្វបក្សីច្រើនប្រភេទ ដែល​អ្នកប្រមាញ់រកបានពីតំបន់បឹងជិតៗនោះ ។ ប្លែកតែអាជ្ញាធរមានសមត្ថកិច្ចនៃ​យើងមិនបានដឹងថា ទីនោះ​មានលក់អ្វីខ្លះទេ? ទើបតែរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ កម្លាំងចម្រុះ រួមទាំងអាជ្ញាធរ​ដែនដីផង បានចុះទៅឃាត់ខ្លួនបុរសម្នាក់ ដែលជាអ្នកលក់សាច់សត្វបក្សីនៅតំបន់នោះ ដោយគេចាត់ទុកថា វាជាទង្វើខុសច្បាប់ ។ សម្រាប់ខ្ញុំបាទ ឆ្ងល់ថា នៅម្តុំនោះគេលក់សាច់សត្វជាចំហរជាង១០-២០ឆ្នាំ​មកហើយ មិនខុសច្បាប់ទេឬ? ឬមួយ​ក៏សមត្ថកិច្ចជំនាញទើបតែដឹង? រាស្ត្រម៉ានគរអត់យល់ទេរឿងហ្នឹង ។

ដំណើរដើមទង​ដែលនាំឲ្យក្តៅឆុលរហូតចាប់អ្នកលក់សាច់សត្វបក្សី​ និងសត្វព្រៃមួយចំនួននៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម គឺផ្តើមចេញពីគ្រួសារ​ក្មេងៗមួយគ្រួសារ មានរបរ​រកស៊ីតាមប្រព័ន្ធអ៊ីនធើណេត ពួកគាត់បានថត​រូបភាពអំពី​ការទទួលទានសាច់សត្វច្រើន​ប្រភេទផ្សព្វផ្សាយតាមយូធូប ។ នៅពេល​រូបភាពត្រូវបានផ្សព្វផ្សាយ ធ្វើឲ្យក្តៅក្រហាយដល់ក្រសួងបរិស្ថាន ហើយក៏ចាត់វិធានការអញ្ជើញគ្រួសារក្មេងៗទាំងប្តីប្រពន្ធឲ្យមកសុំទោសមហាជន ។ គ្រួសារក្មេងៗទាំងនោះប្រាប់ថា សត្វស្លាប និងសត្វព្រៃមួយចំនួន ត្រូវបានទិញ​ពីអ្នកលក់នៅតាមផ្លូវជាតិលេខ៦ ក្នុងស្រុកបាធាយ ។ អាជ្ញាធរមានសមត្ថកិច្ច រួមទាំងថ្នាក់ដឹកនាំក្រសួងបរិស្ថានភ្ញាក់ស្រឡាំងកាំងដូចគេជះទឹកលើពេលកំពុងដេកលក់ ព្រោះមិនដឹងថា នៅលើផ្លូវជាតិលេខ៦ ក្នុងស្រុកបាធាយ មានលក់សាច់សត្វច្រើនប្រភេទយ៉ាងដូច្នោះឡើយ (Sic) ហេតុដូច្នេះហើយ ក៏ចាត់វិធានការក្តៅ១០០អង្សាសេទៅលើអ្នកលក់សាច់សត្វទាំងនោះ ។

សម្រាប់ខ្ញុំបាទ គឺជារឿងដែលគួរឲ្យអបអរសាទរ​ជាពន់ពេក ។ អបអរសាទរក៏ព្រោះថា ពួកអ្នកលក់សាច់សត្វស្លាប និងសាច់សត្វព្រៃទាំងនោះ ជួនកាល​យកទា ស្រុកមកបន្លំថា ទាព្រៃ ។ ជួនកាលយកឆ្មាស្រុក បន្លំថា ឆ្មាព្រៃ… និយាយត្រង់ទៅ វាជាអំពើបោកប្រាស់ផងដែរ ។ មិនតែប៉ុណ្ណោះ វាជាការបំផ្លិចបំផ្លាញសត្វព្រៃ និងធ្ងន់ជាងនេះគឺ​រំលោភបំពានច្បាប់ ។ ពួកអ្នករកស៊ីទាក់សត្វលក់ទាំងនោះ ទំនងជាមិនចេះច្បាប់ទម្លាប់អ្វីប៉ុន្មានទេ ។ បណ្តាជនខ្មែរ ដែលជាអ្នកចេះច្បាប់ រួមទាំងមន្ត្រីអ្នកអនុវត្តច្បាប់នៃក្រសួងបរិស្ថានផង គេជឿថា យ៉ាងហោចណាស់ ក៏មានម្នាក់ ពីរនាក់ដែរ ដឹងថា ទីនោះ មានលក់សាច់សត្វខុសច្បាប់តាំងពីយូរយារណាស់មកហើយ ។ ហេតុអ្វីក៏ទើបតែចាត់វិធានការនៅពេលនេះ? ឬក៏តាំងពីដើមមកធ្លាប់បានអប់រំណែនាំអ្នក​ប្រមាញ់ទាំងនោះដែរ? និយាយរួមទៅ ទាំងអស់នេះ ត្រូវអរគុណដល់គ្រួសារប្តីប្រពន្ធក្មេងៗនោះហើយ បើមិនដូច្នោះទេ អ្នក​ទាក់សត្វលក់នៅផ្លូវជាតិលេខ៦ ក្នុងស្រុកបាធាយ នឹងក្លាយជារបររកស៊ីចិញ្ចឹមជីវិតស្របច្បាប់តាមរយៈការទាក់សត្វរាប់ទសវត្សរ៍ទៀតមិនខាន ៕ ប្រជាពលរដ្ឋម្នាក់