ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ សំរាមមិនមែនជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋទេ

នាងខ្ញុំ​សង្កេតឃើញប៉ុន្មានថ្ងៃនេះ អាជ្ញាធររាជធានីភ្នំពេញ​ដាក់បន្ទុកបញ្ហាសំរាម​ទៅលើប្រជាពលរដ្ឋ​ ។ ប៉ុន្តែបើតាម​នាងខ្ញុំយល់ គឺបញ្ហាសំរាម​មិនមែនជាការទទួលខុសត្រូវរបស់​ប្រជាពលរដ្ឋឡើយ ។ ប៉ុន្តែប្រជាពលរដ្ឋ​គ្រាន់តែជាចំណែកនៃការចូលរួមប៉ុណ្ណោះ ។ ចូលរួម​ក្នុងការទុកដាក់សំរាមឲ្យមានរបៀបរៀបរយ ដើម្បីឲ្យងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាមគេមកប្រមូល ។ ប៉ុន្តែបើរថយន្តក្រុមហ៊ុនប្រមូលសំរាមមិនមកទេនោះ វាមិនមែនជាកំហុស​របស់ប្រជាពលរដ្ឋឡើយ ។ គ្មានពលរដ្ឋណា​ចង់ឲ្យសំរាមនៅស្អុយក្នុងផ្ទះនោះឡើយ ។

ប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុនប្រមូលសំរាមនៅរាជធានីភ្នំពេញ​ហាក់ដូចជាមិនបានបំពេញតួនាទី​តាមកាលវិភាគនោះឡើយ ។ ទាំងនាងខ្ញុំនៅខណ្ឌទួលគោក មិនឃើញរថយន្តក្រុមហ៊ុនស៊ីនទ្រីចុះមកប្រមូលសំរាម៣-៤ថ្ងៃ ។ ការខកខាននេះ បណ្តាលឲ្យសំរាមចាល់នៅក្នុងផ្ទះ​ និងផ្ទះខ្លះ​ត្រូវលើកសំរាម​មកដាក់លើចិញ្ចើមផ្លូវមុខផ្ទះ ។ សំរាមដែល​ក្រុមហ៊ុនមិនមកប្រមូលយកទៅនោះ បណ្តាលឲ្យស្អុយរលួយជះក្លិនអសោចិ៍ពេញផ្លូវ ពេញភូមិ ។ ចំណុចនេះ វាមិនមែនជាកំហុសរបស់ប្រជាពលរដ្ឋឡើយ ។ ផ្ទុយទៅវិញ វាជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនប្រមូលសំរាម ។

ពិតហើយ មានប្រជាពលរដ្ឋមួយចំនួន​បានបំពាន​បំរាមរបស់សាលារាជធានីភ្នំពេញ ដោយមិនបានទុកដាក់សំរាមឲ្យមានរបៀបរៀបរយ ឬមានសណ្តាប់ធ្នាប់​នោះឡើយ ។ ចំណុចនេះ អាជ្ញាធរ​គួរតែមានវិធានការជាក់ស្តែងទៅលើបុគ្គល​ ដែល​មិនគោរពច្បាប់ ។ ប៉ុន្តែ​អាជ្ញាធរគួរតែមានវិធានការផងដែរ​ទៅលើការខកខានរបស់​ក្រុមហ៊ុនដឹកជញ្ជូនដែលមិនបានភារកិច្ច​ឲ្យបានត្រឹមត្រូវ​ ។ នាងខ្ញុំចង់សួរទៅវិញថា បើក្រុមហ៊ុន​មិនមកប្រមូលសំរាមឲ្យបានទៀងទាត់ តើអាជ្ញាធរអាចផាកពិន័យក្រុមហ៊ុននោះបានដែរឬទេ? នាងខ្ញុំសង្កេតឃើញថា បញ្ហាកើតឡើងសព្វថ្ងៃនេះ សំរាមចាល់ស្អុយគរដូចភ្នំ នៅកណ្តាលទីក្រុង ឬនៅជាយក្រុង ព្រោះតែក្រុមហ៊ុនប្រមូលសំរាម​មិនប្រមូលឲ្យបានទៀតទាត់ ៕ ប្រជាពលរដ្ឋម្នាក់