ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ស្ពានអាកាសថ្មើរជើងទាំង២ក្លាយទៅជាជម្រកជនអនាថាហិតកាវជក់ថ្នាំ

សាលារាជធានីភ្នំពេញបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសថ្មើរជើង២ខ្សែដែលមានទីតាំងស្ថិតនៅកាត់ទទឹងផ្លូវជាតិលេខ៤ក្នុងភូមិជម្ពូវ័ន សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាពេលកន្លងមកស្ពានទាំង២ខ្សែនេះត្រូវបានប្រជា ពលរដ្ឋសម្តែងការថ្នាំងថ្នាក់ព្រួយបារម្ភរឿងចរាចរណ៍ ព្រោះមុនពេលត្រូវឆ្លងស្ពានគឺ ត្រូវឆ្លងថ្នល់មុនសិនទើបអាចឆ្លងស្ពានបាន ។

ក្នុងនាមប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើខ្ញុំសង្កេតឃើញថា ស្ពានអាកាសថ្មើរ ជើងទាំង២នេះពិតជាមានសារសំខាន់ណាស់ជួយសម្រួលដល់ការធ្វើដំណើរបាន ច្រើនខុសពីពេលមុនដែរ ហើយក៏បានសំណូមពរទៅសាលារាជធានីភ្នំពេញជួយសាងសង់ដំបូលស្ពានទាំង២នោះផង ។

ស្រាប់តែពេលនេះដែរប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលបានធ្វើដំណើរឆ្លង កាត់បានសម្តែងការភ័យខ្លាចជាថ្មីម្តងទៀតដោយសារមានក្រុមយុវជននាំគ្នាទៅឡើងអង្គុយហិតកាវនៅលើស្ពាននោះក្នុងស្ថានភាពរញ៉េរញ៉ៃគួរឲ្យខ្លាចអាចមានបញ្ហានៅថ្ងៃណាមួយ ។

មន្រ្តីនគរបាលប៉ុស្តិ៍ចោមចៅម្នាក់បានប្រាប់ខ្ញុំបាទថា កន្លងមកក៏ធ្លាប់ឮគេនិយាយតៗគ្នាដែរថាមានក្រុមក្មេងហិតកាវនៅលើស្ពាននោះដែរ ប៉ុន្តែកម្លាំងសមត្ថកិច្ចចុះទៅមិនដែលឃើញសោះសូម្បីតែម្នាក់ ប្រសិនបើឃើញក្មេងហិតកាវទាំងនោះមែនកម្លាំង សមត្ថកិច្ចនឹងចាប់ភ្លាម ៕ ប្រជាពលរដ្ឋម្នាក់