ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

លិខិតមិត្តអ្នកអាន៖ អង្គការខុមហ្វ្រែល និងអាន់ហ្វ្រែលគ្មានតម្លៃសម្រាប់ការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើយ!

អង្គការសង្គមស៊ីវិលមួយចំនួនក្នុងនោះមាន អង្គការខុមហ្វ្រែល និងអាន់ហ្វ្រែល ដែលស្ថិត ក្រោមការដឹកនាំរបស់លោក គល់ បញ្ញា ដែលមាននិន្នាការគាំទ្របក្សប្រឆាំង និងតែងតែប្រើលេស បោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យដើម្បីបង្កចលាចលផ្តល់នូវឱកាសឱ្យក្រុមប្រឆាំងយកទៅធ្វើ បាតុកម្មឈានដល់ការប៉ុនប៉ងផ្លាស់ប្តូររបបដឹកនាំតាមបែបមិនប្រជាធិបតេយ្យ នឹងធ្វើការសម្រេច ចិត្តក្នុងពេលដ៏ខ្លីខាងមុខនេះថានឹងត្រូវចូលរួម ឬមិនចូលរួមក្នុងការសង្កេតការណ៍លើការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ដែរឬទេ។

ការរង់ចាំរហូតដល់ការចុះបញ្ជីឈ្មោះគណបក្សនយោបាយ ត្រូវបានបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ខាងមុខ ទើបបានប្រកាសពីគោលជំហរចូល ឬមិនចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោត ក៏ព្រោះតែក្រុមសង្គមស៊ីវិលទាំងនោះត្រូវរង់ចាំអ៊ុតមើលសិនថាតើខ្មោចបក្សសង្គ្រោះជាតិអាចនឹង ត្រូវបានប្រស់ឱ្យរស់ឡើងវិញ ដើម្បីអាចចូលរួមបោះឆ្នោតបានដូចដែលអ្នកនយោបាយប្រឆាំង ក្រៅច្បាប់មួយចំនួនកំពុងអះអាងឬយ៉ាងណា? បើទោះបីជាគ្មានខ្មោចបក្សសង្គ្រោះជាតិទាំងរាជ រដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសថាការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅតាមការគ្រោងទុកនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។

គណបក្សជាច្រើនក្នុងនោះអាចនឹងមាន គណបក្សភ្លើងទៀនដែលជាកេរ្តិ៍តំណែល របស់ទណ្ឌិត សម រង្ស៊ី បានត្រៀមខ្លួនចូលរួមបោះឆ្នោតផងដែរ។ បើមិនចង់ឱ្យបាត់បង់ឱកាស មាសក្រុមអ្នកនយោបាយប្រឆាំងដែលនៅមានសិទ្ធិគួរតែបង្កើតបក្សថ្មី ដើម្បីចូលរួមបោះឆ្នោតជា ជាងផ្កាប់បំពង់រង់ចាំទឹកភ្លៀង រង់ចាំខ្មោចគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ប្រហែលជាដេក ចាំហើយ! តាមរយៈស្ថានការណ៍នយោបាយបច្ចុប្បន្ននេះ ខ្មោចបក្សសង្គ្រោះជាតិទំនងនឹងមិនអាច រស់រានមានជីវិតឡើងវិញទេ ហើយអ្នកនយោបាយនៃអតីតបក្សនេះចំនួន ១១៨ រូបក៏មិនអាចស្តារ នីតិសម្បទាឡើងវិញ និងមានសិទ្ធិធ្វើនយោបាយឡើយ។ ដូច្នេះពិតណាស់ការបោះឆ្នោតនា ខែកក្កដា ខាងមុខនឹងមិនមានវត្តមានរបស់ខ្មោចគណបក្សសង្គ្រោះជាតិឡើយ ហើយក៏គ្មានមុខ អ្នកនយោបាយដែលត្រូវដកសិទ្ធិនោះដែរ។

ម្យ៉ាងទៀត គេក៏ដឹងច្បាស់ថា ទោះជាគ្មានវត្តមានខ្មោចបក្សសង្គ្រោះជាតិ ឬក៏មានបក្សសង្គ្រោះ ជាតិក៏សង្គមស៊ីវិលធ្វើការងារលើការបោះឆ្នោត ដូចជាអង្គការខុមហ្វ្រែល និងអាន់ហ្វ្រែល បាន រៀបចំផែនការរួចស្រេចទៅហើយដើម្បីក្រឡុកការបោះឆ្នោតខាងមុខ។ ប៉ុន្តែសំណួរសួរថាតើ វត្តមានចូលរួមសង្កេតការណ៍បោះឆ្នោតរបស់អង្គការខុមហ្វ្រែល និងអាន់ហ្វ្រែល ដែលដឹកនាំ ដោយលោក គល់ បញ្ញា មានសារៈសំខាន់និងចាំាបាច់ដែរឬទេ? ចម្លើយយ៉ាងខ្លីគឺ «ចូលឬមិនចូល មិនមានសារៈសំខាន់ចំពោះការបោះឆ្នោតនៅកម្ពុជា» ឡើយព្រោះថា៖

ទី១- ទាំង គល់ បញ្ញា រួមនឹងអង្គការខុមហ្វ្រែល និងអាន់ហ្វ្រែល មានបេសកកម្មក្នុងការ រំខាន បង្ខូច និងបំផ្លាញការបោះឆ្នោត ដូច្នេះរាល់សកម្មភាពរបស់ពួកគេស្ថិតក្នុងរបៀបវារៈ នយោបាយដែលរៀបចំឡើងដោយចៅហ្វាយបរទេសរបស់ខ្លួនទាំងអស់។ ពួកគេនឹងស្វះស្វែងរក លេសសព្វបែបយ៉ាងក្នុងបំណងបំផ្លាញការបោះឆ្នោត ដោយធ្វើបុរេវិនិច្ឆ័យថា ការបោះឆ្នោតនៅ កម្ពុជានាខែ កក្កដា ឆ្នាំ២០១៨ មិនអាចទទួលយកបានឡើយ និងប្រព្រឹត្តទៅគ្មានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ដោយសារតែគ្មានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមក្នុងការបោះឆ្នោត។ នេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋជាច្រើនលាននាក់ និងគណបក្សនយោបាយជា ច្រើនដែលគោរពច្បាប់ត្រឹមត្រូវ។ ពួកគេព្យាយាមលើកតម្កើងបក្សក្បត់ជាតិ និងក្រុមអ្នកនយោបាយ ក្បត់ជាតិមួយក្តាប់ តូចដែលបម្រើគោលដៅរួមរបស់ចៅហ្វាយនាយបរទេស ដោយបង្ហាញពីជំងឺ តួឯកបក្សប្រឆាំងក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបំភ្លេច ឬធ្វើមិនដឹងមិនឮពីទង្វើ ក្បត់ជាតិ និងក្បត់ប្រជាជនរបស់ក្រុមខ្លួន។ ផែនការទុច្ចរិតដែលត្រូវបានលេចធ្លាយនោះ គឺអង្គការ អាន់ហ្វ្រែលដែលមាន គល់ បញ្ញា ជាប្រធានគ្រោងនឹងផ្តល់ទីកន្លែងសម្រាប់សង្គមស៊ីវិលពីប្រទេស កម្ពុជា ដើម្បីរៀបចំបង្កើតបន្ទប់ស្ថានភាពតាមដានដំណើរការបោះឆ្នោតនៅទីក្រុងបាងកក ជំនួស បន្ទប់ស្ថានភាពនៅកម្ពុជាដែលខុសច្បាប់ និងមិនអនុញ្ញាតឱ្យបើកដូចពីមុន។ ពួកគេគ្រោងប្រើ បន្ទប់ស្ថានភាពនេះ ដើម្បីកកូរកកាយលើការបោះឆ្នោត និងបង្កកំហឹង និងការយល់ច្រឡំក្នុង ចំណោមប្រជាពលរដ្ឋក្នុងបំណងបំផ្ទុះការតវ៉ាប្រឆាំងនឹងរដ្ឋអំណាច ដែលនេះស្ថិតក្នុងផែនការ បដិវត្តន៍ពណ៌ដែលពួកគេបានរៀបចំពីមុន។ នេះគឺជាចេតនាពិតប្រាកដមួយក្នុងការបំផ្លាញការ បោះឆ្នោត និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលមិនអាចអត់ឱនឱ្យបានឡើយ។

ទី២- ទាំង គល់ បញ្ញា រួមនឹងអង្គការខុមហ្វ្រែល និងអាន់ហ្វ្រែល បានបំពេញការងារដោយ លម្អៀង និងគ្មានអព្យាក្រឹត្យភាពដូចដែលខ្លួនអះអាងនោះឡើយ។ ពួកគេចូលរួមក្នុងការសង្កេត ការណ៍បោះឆ្នោតទៅតាមខ្សែញាក់នៃបរទេសជាម្ចាស់ជំនួយខ្លួន និងជាចៅហ្វាយនាយរបស់បក្ស ប្រឆាំង។ បរទេសឱ្យជំនួយដើម្បីធ្វើការសង្កេតការណ៍បោះឆ្នោត គឺដើម្បីបម្រើរបៀបវារៈនយោបាយ ឱ្យបក្សប្រឆាំង។ ពេលនេះគណបក្សដែលជាកូនចឹងរបស់ខ្លួនត្រូវបានរំលាយដោយសារតែរំលោភ ច្បាប់ ស្តីពីគណបក្សនយោបាយក្បត់ជាតិមិនអាចចូលរួមបោះឆ្នោតបានពួកគេត្រូវបញ្ឈប់ការផ្តល់ ជំនួយដល់សង្គមស៊ីវិលផងដែរព្រោះគ្មានន័យអ្វីឡើយ។ ប្រធានអង្គការនិកហ្វិក បានត្អូញត្អែរអំពី កង្វះថវិកាដើម្បីធ្វើការសង្កេតការណ៍បោះឆ្នោតនេះដែរ។ ដូច្នេះដើម្បីបិទបាំងការផ្តាច់ជំនួយនេះ អង្គការសង្គមស៊ីវិលទាំងនោះព្យាយាមធ្វើនយោបាយតូបនីយកម្មលើបញ្ហានេះ ដោយបំភ្លៃថា មិនមែនដោយសារតែគេផ្តាច់ជំនួយទេ ប៉ុន្តែដោយសារតែបរិយាកាសបោះឆ្នោតមិនសេរីត្រឹមត្រូវ និងយុត្តិធម៌ ដោយសារតែអវត្តមានបក្សប្រឆាំងនៅកម្ពុជា ដូច្នេះខ្លួនមិនអាចចូលរួមសង្កេតការណ៍ បានឡើយ។ ដោយមានចិត្តពោរពេញដោយអំពើអាក្រក់ចំពោះជាតិ និងប្រជាជន ទោះបីជាពួក គេមិនមានថវិកាចូលរួមសង្កេតការណ៍ក៏ពួកគេបំភ្លៃទៅជារឿងនយោបាយដែរ។

ទី៣-ដូច្នេះទោះជាមាន ឬគ្មានការចូលរួមសង្កេតការណ៍បោះឆ្នោតពីសំណាក់អង្គការ ខុមហ្វ្រែល និងអាន់ហ្វ្រែលក៏នឹងមានសង្គមស៊ីវិលជាច្រើនទៀត ដែលមានភាពស្មោះត្រង់ក្នុងការ បំពេញការងាររបស់ខ្លួនចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតផងដែរ។ លោក ស៊ិក ប៊ុនហុក ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងកាលពីថ្ងៃទី១០ ខែមេសា ថាការបោះឆ្នោតនឹង ប្រព្រឹត្តទៅដោយត្រឹមត្រូវតាមនីតិវិធីច្បាប់ ទោះអវត្តមានអតីតគណបក្សសង្គ្រោះជាតិ ឬអត្រានៃ ប្រជាពលរដ្ឋដែលចេញទៅបោះឆ្នោតអាចមានចំនួនតិច និងការចូលរួម ឬមិនចូលរួមរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងការសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាពេលខាងមុខក៏ដោយ។ ទាក់ទងនឹងអវត្តមានអតីតបក្សសង្គ្រោះជាតិ ប្រធាន គ.ជ.ប បានពន្យល់ ថាមាត្រា ៧៦ ថ្មី ជំពូកទី៧ នៃរដ្ឋធម្មនុញ្ញចែងថា “តំណាងរាស្ត្រត្រូវជ្រើសតាំងដោយការបោះឆ្នោត ជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់” ។ យោង លើស្មារតីនៃមាត្រានេះ គ្មានការបែងចែកគណបក្សនយោបាយតូច ឬធំទេ ឬគណបក្សកាន់ អំណាច ឬគណបក្សប្រឆាំងទេ គ្រប់គណបក្សមានសិទ្ធិស្មើៗគ្នាក្នុងការឈរឈ្មោះបោះឆ្នោត។ មាត្រានេះមិនបានចែងថា ទាល់តែមានអតីតគណបក្សសង្គ្រោះជាតិទើបការបោះឆ្នោតត្រឹមត្រូវ នោះទេ។ ចំពោះសមាគម និងអ្នកសង្កេតការណ៍លោកប្រធាន គ.ជ.ប បានសង្កត់ធ្ងន់ថា អនុលោម តាមមាត្រា ១០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត សមាគម ឬអង្គការមិនមែន រដ្ឋាភិបាល អាចបញ្ជូនតំណាងរបស់ខ្លួនឱ្យមកចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោត។ ពាក្យថា អាចមានន័យថា ធ្វើក៏បានមិនធ្វើក៏បាន ហើយច្បាប់ក៏ពុំមានចែងដែរថា ការបោះឆ្នោតត្រូវតែមាន អ្នកសង្កេតការណ៍បោះឆ្នោតនោះឡើយ។ មាត្រានេះ មិនសំដៅថាទាល់តែមានអ្នកសង្កេតការណ៍ បោះឆ្នោតទើបការបោះឆ្នោតទទួលយកបាននោះទេ។ ចំពោះអត្រានៃអ្នកបោះឆ្នោតការចេញទៅ បោះឆ្នោត ឬមិនចេញទៅបោះឆ្នោត លោកប្រធាន គ.ជ.ប បានមានប្រសាសន៍ថា គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ទី៤-ដូច្នេះ ប្រសិនបើអង្គការខុមហ្វ្រែល និងអាន់ហ្វ្រែល និងដៃជើងរបស់ខ្លួនមួយចំនួន សម្រេច នាពេលខាងមុខថាមិនចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោត សូមកុំព្យាយាមរំខាន ឬ បំផ្លាញការបោះឆ្នោតឱ្យសោះព្រោះប្រទេសមានច្បាប់។ លោក ស៊ិក ប៊ុនហុក បានលើកឡើងថា អង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និងសមាគម ឬអង្គការអន្តរជាតិដែលបំពេញការងារ ក្នុងព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោល ក្តីតួយ៉ាងការចេញសេចក្តីថ្លែងការណ៍ ឬធ្វើសកម្មភាពណាមួយក្នុងគោលបំណងគាំទ្រ ឬបង្ហាញ ភាពលម្អៀងទៅរក ឬប្រឆាំងនឹងគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់បានទេ។ ការ ចេញសេចក្តីថ្លែងការណ៍ ការធ្វើសកម្មភាពគាំទ្រ ឬការបង្ហាញភាពលម្អៀងមានជាអាទិ៍ ការសរសេរ ជាលាយលក្ខណ៍អក្សរ ឬផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងន័យគាំទ្រគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់។ ប្រសិនបើនៅតែធ្វើត្រូវប្រឈមនឹងការអនុវត្តច្បាប់។ យោង តាមមាត្រា ១៤៨ ត្រូវផាកពិន័យជាប្រាក់ពី ១០,០០០,០០០ (ដប់លាន) រៀល ទៅ ២០,០០០,០០០ (ម្ភៃលាន) រៀល ដោយ គ.ជ.ប ចំពោះអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និងអង្គការ មិនមែនរដ្ឋាភិបាល ឬសមាគមអន្តរជាតិដែលបំពេញការងារក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ការទទួលខុសត្រូវនេះ មិនលើកលែងការទទួលខុសត្រូវរបស់រូបវ័ន្តបុគ្គល ដែលបានបញ្ញត្តនៅ ក្នុងក្រមព្រហ្មទណ្ឌនោះឡើយ ។

ជារួមទាំង លោក គល់ បញ្ញា ទាំងអង្គការខុមហ្វ្រែល និងអាន់ហ្វ្រែល មិនមានតម្លៃសម្រាប់ ដំណើរការលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតត្រឹមត្រូវ សេរី និងយុត្តិធម៌នៅកម្ពុជាឡើយ។ លោក គល់ បញ្ញា និងអង្គការរបស់ខ្លួនដែលជាឧបករណ៍ដាច់ថ្លៃរបស់បរទេស មិនគួរណាតាំងខ្លួន ជាតួឯកនៅក្នុងកិច្ចការបោះឆ្នោតនៅកម្ពុជាទេ។ ទោះបីជាខុមហ្វ្រែល ឬអាន់ហ្វ្រែលចូលរួម ឬមិន ចូលរួមសង្កេតការណ៍ការបោះឆ្នោត គឺពួកគេគ្មានអ្វីសំខាន់ឡើយក្នុងក្របខ័ណ្ឌ នៃអព្យាក្រឹត្យភាព និងភាពមិនលម្អៀងពី ព្រោះដោយសារតែសេចក្តីថ្លែងការណ៍របស់ពួកគេនៅមុន និងក្រោយការ បោះឆ្នោត គឺឈរនៅលើមូលដ្ឋាននៃការធ្វើបុរេវិនច្ឆ័យលើស្ថានភាពបោះឆ្នោតនៅកម្ពុជា។ មូលដ្ឋាន នយោបាយ និងការងាររបស់ខ្លួនគឺលម្អៀងទៅរកក្រុមអ្នកនយោបាយប្រឆាំងដូចដែលចៅហ្វាយ នាយបរទេសរបស់ពួកគេ បានដាក់ទិសដៅឱ្យ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីអនុវត្តផែនការ រំខាន បង្ខូច និងបំផ្លាញនូវការបោះឆ្នោតនៅកម្ពុជា។ ដូច្នេះការចូលរួម ឬមិនចូលរូមសង្កេតការណ៍ បោះឆ្នោតរបស់អង្គការខុមហ្វ្រែល និងអាន់ហ្វ្រែល មិនសំខាន់ ហើយក៏មិនអាចជួយអ្វីដល់ការ បោះឆ្នោតនៅកម្ពុជាដែរ។ ពួកគេបាននិងកំពុងតែបំផ្លាញនូវដំណើរការពង្រឹងការអនុវត្តលទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដមួយនៅកម្ពុជាតែប៉ុណ្ណោះ៕ ពល ពានរិន្ទ