ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

លិខិតមិត្តអ្នកអាន៖ អាជ្ញាធរខណ្ឌចំការមនមេត្តាជួយមើលមណ្ឌលសុខភាពផ្សារដើមថ្កូវផង

ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់រស់នៅជិតមណ្ឌលសុខភាពផ្សារដើមថ្កូវ ខណ្ឌចំការមនយូរឆ្នាំហើយនោះបានពិនិត្យឃើញថា នៅជុំវិញបរិវេណមណ្ឌលសុខភាព មួយនេះសព្វថ្ងៃឃើញមានភាពរញ៉េរញ៉ៃ បង្កភាពអនាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់សម្បើមណាស់ដែលនេះមិនដឹងថា មកពីប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ ឬអាជ្ញាធរដែនដីមិនបើកភ្នែកមើល ឬដឹងដែរតែសម្ងំយកផលប្រយោជន៍រៀងៗខ្លួន ហើយមើលទៅ ។

ខ្ញុំបានកត់សម្គាល់ឃើញថា នៅក្នុងបរិវេណមណ្ឌលសុខភាពមួយនេះបានក្លាយជាកន្លែងផ្ញើកង់-ម៉ូតូរបស់សិស្ស និងអតិថិជនអស់ទៅហើយ ឯអ្នកជំងឺឬអ្នកទៅថែជំងឺ គ្មានកន្លែងដាក់កង់ម៉ូតូទេ។ ដោយទំនងដោយសារកន្លែងនេះជាកន្លែងត្រូវប៉ាន់ផងនោះបានជាកន្លងមកប្រធានមណ្ឌលនេះដាក់ឲ្យមានការដេញថ្លៃផ្ញើកង់ម៉ូតូ និងជួលឲ្យ មានកន្លែងលក់ដូរដូចផ្សារត្រីយ៉ាងរញ៉េរញ៉ៃ បាត់បង់សណ្តាប់ធ្នាប់ពេញបរិវេណ មណ្ឌលសុខភាពយ៉ាងនេះ ទោះបីដឹងថា មានការរំខានដល់អ្នកជំងឺដេកពួនមិនបានស្ទើរ២៤ម៉ោងក៏ដោយ ។

តាមខ្ញុំបាទដឹងពីមុនមកលោកប្រធានមណ្ឌលសុខភាពឲ្យគេដាក់លក់ទំនិញ ឬ គ្រឿងហូបចុកក្រឡឹងជុំវិញដោយយកថ្លៃឈ្នួលមួយកន្លែង១០ដុល្លារ ទៅ២០ដុល្លារ និងនគរបាលយកមួយកន្លែង១០.០០០រៀលទៅ២០.០០០រៀលរហូតធ្វើឲ្យមានបាតុភាពសមត្ថកិច្ចមូលដ្ឋានចាប់បុគ្គលិកពេទ្យទៅសួរនាំម្តងរួចទៅហើយ ហើយឥឡូវនេះ សាលាខណ្ឌចំការមនហាមមិនឲ្យធ្វើបែបនេះទៀតទេដោយបានប្រាប់ថាឈប់ជួល កន្លែងលក់ដូរ និងយកលុយពីគេទៀតតែមិនដឹងរឿងអីលោកប្រធានមណ្ឌលមិនស្តាប់សោះរួចថែមទាំងផ្គើនបង្កភាពអនាធិបតេយ្យកាន់តែខ្លាំងជាងមុនទៅទៀត ។

មិនតែប៉ុណ្ណោះកន្លងទៅប្រជាពលរដ្ឋរួមទាំងលោកគ្រូអ្នកគ្រូដែលមើលឃើញពី ការគ្មានសណ្តាប់ធ្នាប់របស់មណ្ឌលសុខភាពផ្សារដើមថ្កូវ បានផ្តិតមេដៃប្តឹងដល់សាលា សង្កាត់ម្តងជាពីរដងហើយតែលោកប្រធានមណ្ឌលសុខភាពមិនឈឺក្បាលឡើយ មិនដឹងគាត់អាងអី្វ?

ដោយខ្ញុំជាប្រជាពលរដ្ឋម្នាក់ក៏ដូចជាប្រជាពលរដ្ឋទូទៅរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវមើលឃើញពីភាពមិនប្រក្រតី និងឃើញការបាត់បង់សណ្តាប់ធ្នាប់សាធារណៈរបស់មណ្ឌលសុខភាពផ្សារដើមថ្កូវបែបនេះ សូមសំណូមពរដល់លោកអភិបាលខណ្ឌចំការមនក៏ដូចអាជ្ញាធររាជធានីមេត្តាចុះទៅពិនិត្យកែលម្អឲ្យមានសោភណភាពដល់មណ្ឌល សុខភាពផ្សារដើមថ្កូវឡើងវិញផង បើពុំនោះទេមណ្ឌលសុខភាពក្លាយជាផ្សារត្រីរំខាន ដល់អ្នកជំងឺ និងសាលារៀននៅជិតកូនសិស្សរៀនសូត្រមិនចូលមិនខាន ៕ ប្រជាពលរដ្ឋរស់នៅសង្កាត់ផ្សារដើមថ្កូវ