ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ អ្នកជំនាញបរទេសដ៏ល្បីស្តីបន្ទោសមហាអំណាច និងអតីតបក្សប្រឆាំងនៅកម្ពុជា

មិនមែនមានតែអ្នកកាសែតបារាំងទេដែលបានស្គាល់កម្ពុជាច្បាស់ជាងអ្នកនយោបាយ ប្រឆាំងដែលជាជនជាតិខ្មែរ ប៉ុន្តែពេលនេះ អ្នកជំនាញបរទេសដ៏ល្បីម្នាក់ទៀតក៏បានចេញមុខមក ស្តីបន្ទោសពួកអ្នកនយោបាយមួយចំនួនក្មុង ប្រទេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម ថាមិនបានរៀនសូត្របទពិសោធន៍ពីអតីតកាលដែលពួកគេធ្វើមកលើកម្ពុជា។

អ្នកជំនាញបរទេសរូបនេះក៏បានស្តីបន្ទោសបក្សប្រឆាំងនៅកម្ពុជាផងដែរថា ធ្វើខ្លួនខុសពី គន្លងប្រជាធិបតេយ្យ ហើយថាពួកប្រឆាំងជាមនុស្សមិនគោរពស្ថាប័ន និងមិនគោរពបុគ្គលឡើយ។

លោក Raoul- Marc- Jennar អ្នកជំនាញខាងសង្គមនយោបាយកម្ពុជា និងអឺរ៉ុបដ៏ល្បីល្បាញបាន សម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែលមិនអើពើចំពោះ របបខ្មែរក្រហមប្រល័យពូជសាសន៍ដែលកើតនៅលើទឹកដីកម្ពុជាចន្លោះឆ្នាំ ១៩៧៥ ដល់ដើម ឆ្នាំ១៩៧៩។ មិនតែប៉ុណ្ណោះ ពួកមហាអំណាចលោកខាងលិចទាំងនេះបែរជានាំគ្នាដាក់ទណ្ឌកម្ម មកលើកម្ពុជាកាលពីអំឡុងទសវត្សរ៍ ៨០ ខណៈដែលប្រទេសដ៏កំសត់មួយនេះទើបចាកចេញពី របបខ្មែរក្រហម។ ដោយសារតែទណ្ឌកម្មរបស់ពួកគេរយៈពេល ១២ឆ្នាំនេះហើយ បានរារាំងកម្ពុជា មិនឲ្យដើរទៅមុខ និងបានបន្សល់ទុក្ខការឈឺចាប់យ៉ាងច្រើនចំពោះប្រជាជនកម្ពុជា។ លោក Raoul- Marc- Jennar បានស្តីបន្ទោសដោយខឹងសម្បារចំពោះសហរដ្ឋអាមេរិក និងសហភាព អឺរ៉ុបថា មកដល់ពេលនេះហើយក៏នៅតែមិនព្រមរៀនសូត្របទពិសោធន៍ពីអតីតកាលដែលខ្លួន បានធ្វើមកលើកម្ពុជាដដែល។ អ្នកជំនាញបរទេសរូបនេះចង់មានន័យថា ពួកមហាអំណាចលោក ខាងលិចនៅតែចិញ្ចឹមនយោបាយអមនុស្សធម៌មកលើកម្ពុជាតាមរយៈការគំរាមដាក់ទណ្ឌកម្មជាថ្មីមកលើប្រទេសនេះក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

លោក Raoul- Marc- Jennar ក៏បានស្តីបន្ទោសអតីតបក្សប្រឆាំងនៅកម្ពុជាថា ធ្វើខ្លួនមិន ស្របតាមគន្លងប្រជាធិបតេយ្យទាល់តែសោះ ពីព្រោះពួកគេជាមនុស្សមិនគោរពស្ថាប័ន និងមិន គោរពបុគ្គល។ ជាការពិតហើយ អតីតបក្សប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងជនជាប់ចោទ កឹម សុខា រួមទាំងបក្ខពួកបានយកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មកធ្វើជាលេសតែ ប៉ុណ្ណោះ។ តាមពិតពួកគេសាបព្រួសវប្បធម៌ប្រមាថទាំងស្ថាប័នរដ្ឋ និងទាំងបុគ្គលមេដឹកនាំប្រទេស។ ម៉ាត់ ណាក៏ទណ្ឌិត សម រង្ស៊ី ប្រើពាក្យប្រមាថដល់ស្ថាប័នកំពូលៗរបស់ជាតិរាប់ទាំងស្ថាប័នសភាដែល ខ្លួន និងក្រុមរបស់ខ្លួនអង្គុយធ្វើការនិងយកប្រាក់ខែផងដែរ។ ម៉ាត់ណាក៏អ្នកនយោបាយរូបនេះ ប្រមាថចំពោះបុគ្គលមេដឹកនាំប្រទេស និងពេលខ្លះឈានទៅប្រមាថព្រះមហាក្សត្រថែមទៀត។ វប្បធម៌មិនគោរពស្ថាប័ន និងបុគ្គល ហើយមានតែការប្រមាថបែបនេះ ត្រូវបានលោក Raoul- Marc- Jennar ចាត់ទុកថា មិនស្របតាមគោលការណ៍ប្រជាធិបតេយ្យដូចដែលពួកគេអួតអាងឡើយ។

ការវាយតម្លៃរបស់អ្នកជំនាញសញ្ជាតិ ប៊ែលហ្សិក កាត់បារាំងរូបនេះ ពិតជាត្រឹមត្រូវពីព្រោះ អ្នកណាក៏ដឹងដែរថា អតីតបក្សប្រឆាំងដែលបច្ចុប្បន្នជាបក្សប្រឆាំងក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី និង កឹម សុខា គ្មានចេតនាល្អសម្រាប់ប្រទេសជាតិ និងប្រជាជនរបស់ខ្លួនឡើយ។ ពួក គេហ៊ានធ្វើអំពើគ្រប់បែបយ៉ាងរាប់ទាំងការទាមទារឲ្យសហគមន៍អន្តរជាតិកាត់ជំនួយ ឈប់ទិញ ទំនិញពីកម្ពុជា ដាក់ខ្លួនបម្រើនយោបាយបរទេសទាំងស្រុង។ មិនតែប៉ុណ្ណោះ ពួកគេហ៊ានរហូត ដល់ស្នើឲ្យអង្គការសហប្រជាជាតិដកហូតកៅអីរបស់កម្ពុជាថែមទៀត បើទោះវាជារឿងដែលមិន អាចទៅរួចសោះក៏ដោយ។ សកម្មភាពអស់ទាំងនេះគឺជាសកម្មភាពបំផ្លាញជាតិ និងបង្កការឈឺ ចាប់ចំពោះប្រជាជនខ្លួនឯងយ៉ាងច្បាស់ក្រឡែត ហើយបានធ្វើឲ្យជនបរទេសជាច្រើនសម្តែងការ ហួសចិត្តចំពោះរបៀបធ្វើនយោបាយរបស់បក្សប្រឆាំងនៅស្រុកខ្មែរ។ ខ្លួនឯងបង្កបញ្ហាធ្វើ នយោបាយបម្រើបរទេសក្បត់ប្រយោជន៍ជាតិ ដល់ពេលមានចំណាត់ការផ្លូវច្បាប់ក៏តាំងដើរឡាំប៉ា នៅក្រៅប្រទេសដើរតួកំសត់ សម្តែងល្ខោនបោកប្រាស់ដើម្បីទាក់ទាញចំណាប់អារម្មណ៍។

ល្ខោន របស់ក្រុមប្រឆាំងក្រៅច្សាប់ទៀតសោតក៍ជាសាច់រឿងដដែលៗគឺ ចោទរដ្ឋាភិបាលភ្នំពេញថា ប្រើ អំណាចផ្តាច់ការ ធ្វើទុក្ខបុកម្នេញបក្សប្រឆាំង និងធ្វើឲ្យប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ធ្លាក់ចុះ។ ប៉ុន្តែ បើគេចោទសួរត្រឡប់ទៅវិញ តើអតីតបក្សប្រឆាំងបានធ្វើអ្វីខ្លះជាប្រយោជន៍ដល់ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា? តើបក្សប្រឆាំងបានចូលរួមចំណែកអ្វីខ្លះដល់សន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍនៅកម្ពុជា? ចម្លើយគឺសូន្យឈឹង។

បើមិនបានចូលរួមក៏ហីទៅចុះ តែសូមកុំតែបំផ្លាញក៏ល្អណាស់ទៅហើយ។ សមិទ្ធផលដែល កម្ពុជាមានសព្វថ្ងៃ គឺសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍគ្រប់វិស័យ គឺជាស្នាដៃគណបក្ស កាន់អំណាចដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សមិទ្ធផលទាំងនេះបានមកដោយ លំបាកលំបិន បានមកក្រោមកិច្ចខិតខំប្រឹងប្រែងដោយបាតដៃខ្លួនឯងចេញពីគំនរផេះផង់ និងក្រោម ការដាក់ទណ្ឌកម្មជុំទិសពីសហគមន៍អន្តរជាតិ។

អង្គការសហប្រជាជាតិបានគាំទ្រខ្មែរក្រហម ដែលសម្លាប់ខ្មែរជិតពីរលាននាក់ឲ្យអង្គុយកៅអីតំណាងកម្ពុជាយ៉ាងគ្រហើរៗ ខណៈដែលអ្នក ដែលបានជួយរំដោះប្រទេសឲ្យរួចពីរបបខ្មែរក្រហម រំដោះពលរដ្ឋខ្មែរឲ្យរស់ជីវិតបែរជាត្រូវបាន គេដាក់ទណ្ឌកម្ម។ កាលសម័យខ្មែរក្រហម សម រង្ស៊ី រត់យកប្រាស់អាយុទៅសម្ងំរស់យ៉ាងសប្បាយ ហ៊ឺហារនៅក្រៅប្រទេសដោយមិនដែលបានចេញមុខតតាំង ថ្កោលទោសរបបខ្មែរក្រហមឡើយ។ ដល់ពេលប្រទេសជាតិត្រូវបានរំដោះទើបលេចមុខអ្នកនយោបាយគង់ហ៊ានរូបនេះមកស្រែកឡូឡា ថាខ្លួនជាអ្នកប្រជាធិបតេយ្យមកពីលោកខាងលិច ចង់នាំប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នៅកម្ពុជា។ ប៉ុន្តែ ជាង២០ឆ្នាំនៃវត្តមានអតីតបក្សប្រឆាំងដឹកនាំដោយ សម រង្ស៊ី វប្បធម៌ជេរ ប្រមាថ និងនយោបាយមួលបង្កាច់ដុតកំហឹងបំបែកបំបាក់ជាតិបានរីកដុះដាលពាសពេញសង្គមគឺដូចអ្វីដែលលោក Raoul- Marc- Jennar បានលើកឡើងទាំងស្រុង។ និយាយដោយខ្លី ពួកប្រឆាំងដែលស្ថិតក្នុងចង្កោមជាមួយ សម រង្ស៊ី មិនបានរៀនសូត្រអ្វីសោះពីបទពិសោធន៍អតីតកាលហើយធ្វើនយោបាយដដែលៗគឺនយោបាយបំផ្លាញជាតិដើម្បីអំណាចតែមួយមុខ។

នយោបាយបែបនេះត្រូវបានសាធារណៈមតិជាតិ និងអន្តរជាតិ មើលឃើញយ៉ាងទូលំទូលាយហើយវាកំពុងឈានដល់ទីអវសាន្តហើយ។ បក្សសង្គ្រោះជាតិរលាយ រីឯជីវិតអ្នកនយោបាយពួកប្រឆាំងក្រោមក្លៀកសម រង្ស៊ី ក៏ត្រូវរលាយសាបសូន្យពីទឹកដីកម្ពុជាដែរ។ សម្រែកដែលពួកគេខំស្រែកខ្វើយៗពីក្រៅប្រទេសនៅពេលនេះប្រៀបបាននឹងសំឡេងខ្លងខែកដង្ហែសពទៅបូជាតែប៉ុណ្ណោះ៕ កូនខ្មែរ