ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

លិខិតមិត្តអ្នកអាន៖ អ្នក«លួច»​ចំណុះប្រេង គ្មានទោសទេ

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទកត់សម្គាល់ឃើញថា ស្ថាប័នកាំកុងត្រូល តែងតែចុះ​ពិនិត្យ​​ការ​លក់ប្រេង​នៅតាមស្ថានីយប្រេង​​នានាស្ទើរទូទាំងប្រទេស ។ ភាគរយនៃអ្នកលក់ប្រេងតាមស្ថានីយ​ច្រើនលើសលប់ គឺមិនគ្រប់ចំណុះនោះឡើយ ។ មន្ត្រីកាំកុងត្រូល​បាន​ត្រឹមអប់រំ ណែនាំដោយមិនបាន​​ផ្តន្ទាទោស​ចំពោះ​អ្នក​«លួច» ចំណុះប្រេងនោះឡើយ ។ ក្នុងន័យនេះ ខ្ញុំបាទយល់ថា បទល្មើសដូចគ្នា គឺ«លួច» ប៉ុន្តែអ្នកលួចចំណុះប្រេងគ្មានទោសនោះឡើយ ។ បើតាមខ្ញុំបាទយល់ អ្នកដែល​ប្រព្រឹត្តល្មើសបែបនេះ គួរតែមានទោស ដូចទៅអ្នកប្រព្រឹត្តល្មើសបទលួចដទៃទៀត ។

ខ្ញុំបាទយល់ថា ការដែលអប់រំ​ចំពោះជនដែលលួចចំណុះប្រេង ពោលគឺលក់ប្រេងមិនគ្រប់លីត្រ មិនគ្រប់គ្រាន់នោះឡើយ ។ ផ្ទុយទៅវិញ គឺត្រូវផ្តន្ទាទោសដូចទៅនឹងអ្នកលួចដទៃទៀត ទើបពួកគេរាងចាល ។ បានជាថា ដូច្នេះ ពីព្រោះ តាមការសង្កេត​ មន្ត្រីកាំកុងត្រូល រកឃើញស្ថានីយប្រេងខ្លះ បន្តលក់ប្រេងមិនគ្រប់ចំណុះ បើទោះបីជាទទួលបានការអប់រំ ទូន្មានពីមន្ត្រី​កាំកុងត្រូលម្តងជាពីរដងរួចហើយក៏ដោយ ។ ស្ថានីយប្រេងស្ទើរទូទាំងប្រទេស សុទ្ធតែលក់ប្រេងមិនគ្រប់ចំណុះ ។ នៅតាមបណ្តោយផ្លូវជាតិលេខ២ និងលេខ៣ក្នុងខេត្តតាកែវ សមត្ថកិច្ចកាំកុងត្រូលរកឃើញ​ស្ថានីយប្រេងលក់ប្រេង​មិនគ្រប់ចំណុះ​រហូតដល់១០០លីត្រ បាត់ពី៧ទៅ៩លីត្រ ។ វាជារឿងដែលហួសហេតុ ពីព្រោះក្រៅពីលួចចំណុះហើយនោះ ក៏នៅមានអ្នកបន្លំគុណភាពថែមទៀត ។ រឿងបែបនេះ គឺមានច្រើនណាស់ មិនថា តែស្ថានីយប្រេងនៅខេត្តតាកែវនោះទេ ។

បើតាមយោបល់ខ្ញុំបាទ ស្ថាប័នកាំកុងត្រូលអាចអប់រំ ណែនាំចំពោះស្ថានីយប្រេងណា ដែលប្រព្រឹត្តខុសជាលើកទី១ ប៉ុន្តែ​បើនៅតែបន្តខុសដោយ«លួច​»ជាលើកទី២ ត្រូវផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ។ បើមិនដូច្នោះទេ​គ្រាន់តែក្រុមមន្ត្រី​កាំកុងត្រូលដកម៉ាស៊ីនត្រួតពិនិត្យចេញភ្លាម ម្ចាស់ស្ថានីយប្រេងទាំងនោះ នឹងបន្ត«លួច» ចំណុះ និងគុណភាពប្រេងវិញដដែល ។ មន្ត្រី​ស្ថាប័នជំនាញខ្លះ គ្រាន់តែអូសម៉ាស៊ីនទៅ​ជាការព្រមាន​ឲ្យម្ចាស់ស្ថានីយប្រេង មកជួបខ្លួនដើម្បីប្រយោជន៍ណាមួយ ក៏មាន ។ ដូច្នេះ​បញ្ហា នៃការ«លួច» ចំណុះប្រេង តម្រូវ​ឲ្យមានវិធានការក្តៅ ទើប​អាចមានប្រសិទ្ធភាពទៅថ្ងៃក្រោយ ។ និយាយរួមទៅ បទល្មើសនៃការ​«លួច» គួរតែត្រូវផ្តន្ទាទោស​ឲ្យស្មើៗគ្នា មិនមែនអ្នកលួចចំណុះប្រេង បានលុយធ្វើជាអ្នកមានបានដោយស្រួល ហើយគ្មានទោសនោះទេ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖