ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន

លិខិតមិត្តអ្នកអាន

ក្នុងនាមខ្ញុំជានាយរងអាវុធហត្ថចូលនិវត្តន៍មួយរូបទទួលស្គាល់ថា ការទិទានរិះគន់ពីមជ្ឈដ្ឋានទូទៅក៍ដូចជាពលអាវុធហត្ថមួយចំនួន ដែលលើកឡើងថាមេអង្គភាពរបស់ពួកគេ បានកាត់ប្រាក់បៀវត្សជាពិសេសថ្មីៗនេះ មានពលទាហានបញ្ជាក់ថា លោកស្នងការ ស្នងការដ្ឋានព័ត៌មាន និងសន្ដិសុខនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានកាត់ប្រាក់បៀវត្សទៅលើពលទាហានក្នុងអង្គភាពកងអន្តរាគមន៍ ក្នុងម្នាក់ចំនួន១៣ម៉ឺន២រយរៀល និងខែខ្លះទៀតកាត់ ១២ម៉ឺន៦ពាន់រៀលនោះ ខ្ញុំយល់ឃើញថាប្រហែលជាអស់លោកពុំបានយល់ពីការងាររបស់យោធា? បើតាមខ្ញុំដឹងដែលធ្លាប់ហែលឆ្លងក្នុងជួរកងកម្លាំងប្រដាប់អាវុធ ការកាត់នេះគឺកាត់មែន ប៉ុន្ដែមិនមែនជាប្រាក់បៀវត្សទេ ប្រាក់ហូប មានន័យថា កងកម្លាំងក្នុងអង្គភាពអន្តរាគមន៍ មានភារកិច្ចទួនាទី ប្រមូលផ្ដុំគ្នាក្នុងអង្គភាព ហូបបាយរួមគ្នាពួកគាត់ទទួលបាននូវប្រាក់ហូបបាយក្នុងមួយខែៗ គិតទៅតាមខែនីមួយៗ មានពេលខ្លះបានចំនួន១២ម៉ឺន៦ពាន់រៀល ឬខែខ្លះទៀតបាន១៣ម៉ឺន២រយរៀល ដែលប្រាក់ទាំងនេះសម្រាប់ការហូបចុករួមគ្នាក្នុងអង្គភាព។ ជាគោលការណ៍អ្វីដែលកងកម្លាំងត្រូវមានភារកិច្ចប្រមូលផ្ដុំគ្នា ហូបបាយរួមជាមួយគ្នាគឺថ្នាក់ដឹកនាំអង្គភាព ងាយស្រួលក្នុងការគ្រប់គ្រងកម្លាំង ងាយស្រួលលើវិធានការអប់រំវិន័យ ហ្វឹកហាត់ទាំងកាយសម្បទាន និងយុត្តិសាស្រ្ត ក៍ដូចជាប្រយោជន៍ក្នុងភារកិច្ចចូលរូមការពារសន្ដិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាពក្នុងសង្គមបំរើជូនប្រជាពលរដ្ឋនេះជាដើម។ ដូចច្នេះតាមពិតទៅ ពលទាហានដែលមិនព្រមមកហូបបាយរូមគ្នានោះវិញទេ ដែលពួកគាត់កំពុងអនុវត្តផ្ទុយពីបទបញ្ជាយោធា ហើយធ្វើការរិះគន់ ចោទប្រកាន់មកថ្នាក់ដឹកនាំសាមីអង្គភាព ថាបានកាត់ប្រាក់បៀវត្ស សុទ្ធតែជារឿងមួលបង្កាច់គ្មានការពិត។ នេះបើតាមខ្ញុំធ្លាប់បំពេញការងារនេះ រហូតដល់ខ្លួនចូលនិវត្តន៍ ក៍នៅតែថ្នាក់លើអនុវត្តចំពោះគោលការណ៍យោធាដដែល។ ក្នុងនាមខ្ញុំជានាយរងអាវុធហត្ថមួយរូបដែលធ្លាប់ចូលរួនបំរើការងារ អង្គភាពមិនតិចជាង២ទសវត្សន៍ខ្ញុំគាំទ្រ និងមានមោទនភាពផងដែរចំពោះថ្នាក់ដឹកនាំអាវុធហត្ថ ពិសេសនាយឧត្តមសេនីយ៍សៅសុខា អគ្គមេបញ្ជាការរងកងយោធិពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងលើកឡើងនិងប្រកាសជាគោលការជំហរ ដាច់ខាតមិនអនុញ្ញាតឲ្យនាយទាហានរូបណាក្នុងក្របខណ្ឌមេបញ្ជាការកងរាអាវុធហត្ថរាជធានី-ខេត្ត ក៍ដូចជាអង្គភាពចំណុះឲ្យអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ កាត់ប្រាក់បៀវត្សរួមទាំងប្រាក់សហសង្រ្គោះទៀតផង។ ជានិច្ចកាលនាយឧត្តមសេនីយ៍សៅសុខា មិនត្រឹមតែមិនកាត់ប្រាក់បៀវត្ស ប្រាក់សហសង្គ្រោះប៉ុណ្ណោះទេ លោកថែមទាំងប្រកាន់ជំហរខិតខំជួយដល់យោធិនពលី យោធិនជួបគ្រោះអាសន្ន ឈឺ ជួបការលំបាកផ្សេងៗ ព្រមទាំងធ្វើការកៀងគរសម្បុរសជន ដើម្បីជួយដល់យោធិនដែលជួបទុក្ខលំបាកបែបនេះ ដូចជាថវិកា ថ្នាំសង្កូវ គ្រឿងឧបភោគ បរិភោគ។ បើទោះជាការជួយឧបត្ថម្ភមិនបានគ្រប់គ្រាន់យកទៅបំពេញតម្រូវការទាំងស្រុងក៍ដោយ ប៉ុន្ដែជាការលើកទឹកចិត្ត និងជួយសម្រាលដល់ការខ្វះខាតបានខ្លះៗដល់យោធិនជួបបញ្ហាលំបាកនេះ។ បញ្ហានេះហើយពេលដែលយោធិនមួយចំនួន គាត់មិនបានយល់ពីបញ្ហាផ្ទៃក្នុងកងកម្លាំងប្រដាប់អាវុធ ក៍ដូចជាខ្លួនពុំបានបំពេញកាតព្វកិច្ចក្នុងអង្គភាព ដូចជាមកហូបបាយរួមគ្នាក្នុងរោងតែមួយ បែរជាយល់ច្រឡំថាមេកើយកាត់ប្រាក់បៀវត្សទៅវិញ។ ការពិតប្រាក់បៀវត្សរបស់យោធិនគ្មានគោលការណ៍កាត់ សូម្បីតែមួយរយរៀលក្ដី ព្រោះខ្ញុំក៍ថ្លាប់លឺការយល់ច្រឡំជាច្រើនរួចមកហើយរបស់យោធិនខ្លះ និយាយរួមយោធិនដែលអវត្តមានក្នុងការចូលរួមក្នុងការបំពេញការងាររបស់អង្គភាពនេះតែម្ដង។