ព័ត៌មានទាន់ហេតុការណ៍៖

លិខិត​លោក លឹម វា​ន់ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ​មិន​មាន​ប្រសិទ្ធភាព​បញ្ជា​ទៅ​អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង​ឡើយ

ភ្នំពេញ៖ តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ឡាយ សុជាតិ និង​ប្រពន្ធ​ឈ្មោះ អុប សុភា ចុះ​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ​២០១៨ គោរព​ជូន លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ស្នើ សុំ​ចាត់​មន្ត្រី​ជំនាញ​បើក​ការស៊ើបអង្កេត និង​អធិការកិច្ច​លើ​វិញ្ញាបនប័ត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​លេខ 17100103-4989 ចុះ​ថ្ងៃ​ទី​03 ខែ​សីហា ឆ្នាំ​2017 ចេញ​ដោយ​មន្ទីរ​រៀប​ចំ​ដែ​នដិ គរូបនីយកម្ម​សំណង់ និង​សុ​រិយោ​ដី ​ខេត្តសៀមរាប ។ បន្ទាប់​មក​ក្រសួង​រៀបចំ​ដែនដី ក៏​បាន​ចេញ​លិខិត​លេខ 14-18 ដន​ស​/​អស​ដក ចុះ​ថ្ងៃ​ទី 13 ខែមិថុនា ឆ្នាំ​2018 ដោយ​ លោកលឹម វ៉ាន់ រដ្ឋលេខាធិការ​ក្រសួង​ជម្រាប​មក​អភិបាលខេត្ត​សៀមរាប ពិនិត្យ​និង​ដោះស្រាយ ​។ ប៉ុន្តែ​មិន​ត្រូវបាន​ចៅហ្វាយខេត្ត​សៀមរាប​ មិនយក​ភ្នែក​មើល​ឡើយ បែរជា​បណ្តោយ​ឲ្យ ក្រុមហ៊ុន​លី អ៊ុំ​អេង យក​កងកម្លាំង​ទៅ​ហ៊ុំ​ព័ទ្ធ​របង​លើដី​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ ដែល​គ្នា​រស់នៅ​ស្របច្បាប់​ប្រកប អាជីវកម្ម​រាប់សិប​ឆ្នាំ​មក​ហើយ​អស់រលីង​។​ នេះបើតាមការបញ្ជាក់ឲ្យដឹងពិលោកឡាយ សុជាតិ អាជីវករ អ្នកខេត្ដសៀមរាប នៅថ្ងៃពុធ ២រោច ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៨ ។

យោងតាម​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​ដែល​ទទួល​បាន​បញ្ជាក់ថាៈ កាលពី​អំឡុង​ឆ្នាំ 2010 ឈ្មោះ ឡាយ សុជាតិ​និង​ប្រពន្ធអុប សុភា បាន​ទិញ​ដី​ធ្វើ​អាជីវកម្ម​មួយកន្លែង​ស្ថិត​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យូ​ង​យូ ទំហំ 55 ម៉ែត្រ x 75 ម៉ែត្រ ពី​ឈ្មោះ ចិត្ត សុធា ​អ្នកគ្រប់គ្រង​ដី​ធ្វើ​អាជីវកម្ម ដើម្បី​បើក​មុខរបរ​រកស៊ី​។ បន្ទាប់​ពី​ផ្តិតមេដៃ លក់​ទិញ​រួច​បាន​ប្រគល់​ប្រាក់​ថ្លៃ​ទិញ​ដី​ឲ្យ​ម្ចាស់​ដី​រួចរាល់ ។ ឈ្មោះ ឡាយ សុជាតិ​ និង​ប្រពន្ធ​ឈ្មោះ​អុប សុភា​ ក៏​បាន​ដាក់​ពាក្យ​ស្នើសុំ​ប្រកប​អាជីវកម្ម​ដាក់​រទេះភ្លើង​ក្មេង​ជិះ​កំសាន្ត ទោង​យោល​ក្មេង​ជិះ​លេង​កំសាន្ត ផ្ទះ​កូន​បាល់​កូនក្មេង គប់​ប៉េងប៉ោង ថា​ស់ហោះ ជិះ​កូន​ទា និង​ឡាន​បុក​គ្នា ពី​អាជ្ញាធរ​ខេត្ត​ក៏ដូចជា​មន្ទីរ​ជំនាញ​តាំងពី​ឆ្នាំ 2010 ដោយ​មាន​លិខិតអនុញ្ញាត​គ្រប់​ជ្រុងជ្រោយ​ទាំងអស់ ។ តាំងពីរ​ចាប់ផ្តើម​បើក​អាជីវកម្ម រហូតមកដល់​សព្វថ្ងៃ គឺ​ពុំ​ដែល​មាន​ការរំខាន​ពី​បុគ្គល​ណាមួយ​នោះ​ទេ ។

បន្ទាប់មក​នៅ​ក្នុង​អំឡុង​ឆ្នាំ 2017 ស្រាប់តែ​ឈ្មោះ លី អ៊ុំ​អេង បាន​បញ្ជា​គេ​ឲ្យ​ យក​គ្រឿងចក្រ មក​ឈូសឆាយ​ចាក់​ដី​រំលោភ​លើ​ដី​លំនៅដ្ឋាន និង​ដី​ដំណាំ​ហូប​ផ្លែ​ដូចជា ខ្នុរ ស្វាយ ល្ហុង ព្រីង និង​ចេក របស់​ឈ្មោះ ឡាយ សុជាតិ និង​ឈ្មោះ អុប សុភា អស់​ស្ទើរ​ទាំងស្រុង ។ ឃើញ​ដូច្នេះ​ឈ្មោះ ឡាយ សុជាតិ និង​ភរិយា ក៏​បាន​ប្តឹង​ទៅ​អាជ្ញា​ធរ​គ្រប់​ជាន់ថ្នាក់ ឲ្យ​ជួយ​រក​យុត្តិធម៌ ហើយក៏​មាន​ការប្រជុំ​ដោះស្រាយ​ជា​ហូរហែ តាំងពី​ថ្នាក់​សង្កាត់ ក្រុង រហូតដល់​ខេត្ត ប៉ុន្តែ​ពុំ​ទទួលបាន​លទ្ធផល​នៅ​ឡើយ ។ បែ​រជា​នៅ​រសៀល​ថ្ងៃ​ទី25 ខែ​កញ្ញា ឆ្នាំ 2018 លោកស្រី លី អ៊ុំ​អេង ​និង​បក្សពួក​បាន​នាំ កងកំលាំង​ប៉ូលីស យក​របង​ស័ង្កសី មក​ហ៊ុំព័ទ្ធ​លើ​ដី​ធ្វើ​អាជីវកម្ម​របស់​ឈ្មោះ ឡាយ សុជាតិ និង​ប្រពន្ធ​ឈ្មោះ អុប សុភា​ទាំងអស់​ដោយ​មិន​អនុញ្ញាត​ឲ្យ​ចូល​យក​សូម្បី​តែ​សំភារៈ​ធ្វើ​អាជីវកម្ម​ដែល​ដាក់​នៅ​លើ​ដី​នោះ​ចេញ​ឡើយ​។​ ​

តាម​សម្តី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ពេល​ដែល​កំលាំង​មាន​សមត្ថកិច្ច​ចុះ​មក​បិទ​របង​ព័ទ្ធជុំវិញ​ដី​ធ្វើ​អាជីវកម្ម​របស់​ឈ្មោះ ឡាយ សុជាតិ​បាន​និយាយ​ទាំង​ខឹងសម្បា​រថា អាង​តែ​ពួក​វា មានអំណាច​ មាន​លុយ ចង់​ធ្វើ​អី​ក៏​បាន​ដែរ​ កងកំលាំង​សមត្ថកិច្ចសម្រាប់​ជួយ រក្សា​សន្តិសុខ ជូន​ប្រជាពលរដ្ឋ ​បែរជា​យក​មក​ប្រើប្រាស់​សម្រាប់​រំលោភបំពានយ​កដី​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ទៅវិញ​។ ជាក់ស្តែង​ដូច​យើង​ឃើញ នឹង​ភ្នែក​ហើយ​ បើ​យើង​ឈ្នះក្តី ហើយ​ចង់​មក​យក​ដី​នេះ គួរតែ​ទុកឲ្យ​គ្នា​អ្នក​ចាញ់ក្តី​ រុះរើ​សំភារៈ​របស់របរ​គ្នា​ចេញ​សិន​ទៅ​កុំ​លេង​លបៗ​ យករ​បង​មក​ព័ន្ធ​យក​ឆៅៗ​ អញ្ចឺងតើ​ត្រង់ណា​ ភាពយុត្តិធម៌​? ខ្មែរ​ដូច​គ្នា​សោះ ​គួរតែ​យោគយល់​ខ្លះទៅ​លោក​អើយ ​។

ដោយឡែក លោកស្រី អុប សុភា បាន​និយាយ​ទាំង​ទឹកភ្នែក​ថា ​តុលាការ​គួរតែ​បើក​ការស៊ើបអង្កេត​ការ​លួច​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​ ដែល​ឈ្មោះ លី អ៊ុំ​អេង​ យកមក​ដាក់​ជា​ភស្តុតាង​ក្នុង​សំណុំរឿង​សិន​ទៅ មុននឹង​សម្រេច​ឲ្យ​មាន​ការ​ចាញ់ ឈ្នះ ថា​ តើ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​សៀមរាប​ចេញ​ប័ណ្ណ​ហ្នឹង​ស្របច្បាប់​ដែរ ឬ​អត់​? តើ​មាន​អាជ្ញាធរ​ ពាក់ព័ន្ធ ឬ​អ្នក​ជាប់​ព្រំ​ ផ្តិតមេដៃ​ដឹងឮ​ដែរ​ឬ​អត់​? កុំ​ចេះ តែ​ចេញៗ​ យក​ទៅ​ឲ្យ​តុលាការ ធ្វើ​ជា​សំអាង ​យ៉ាង​អញ្ចឹង​ ងាប់​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​អស់ហើយ​។​

ជា​ចុងក្រោយ​ តាមរយៈ​អ្នកសារព័ត៌មាន ​លោកស្រី អុប សុភា ​សំណូមពរ​ដល់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​គ្រួសារ​របស់គាត់​ផង​។​

ដោយឡែក លោកស្រី លី អ៊ុំ​អេង ​អ្នក​សារពត៌មាន​​ពុំ​អាច​ទំនាក់ទំនង​សុំ​ការបកស្រាយ​បានទេ នៅ​ថ្ងៃ​ទី​26 ខែ​កញ្ញា ឆ្នាំ២០១៨ ដោយ​ពុំ​ស្គាល់​លេខ​ទូរស័ព្ទ​ សារព័ត៌មាន រង់ចាំ​ទទួល​ការបកស្រាយ​ពន្យល់​គ្រប់​ភាគី​ពាក់ព័ន្ធ​គ្រប់ពេល ៕ សិលា