ព័ត៌មានទាន់ហេតុការណ៍៖

លី ឧត្តម និងលីលី ក្នុងឈុតវះកូនក្រកក្នុងរឿង«បីខែ»

ភ្នំពេញ៖ ឈុតឆាកវះកូនក្រក ក្នុងភាពយន្តរឿង “បីខែ” ដែលសម្តែងដោយតួប្រុសលី ឧត្តម និងកញ្ញា លីលី បានធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង ។ មិនត្រឹមតែអ្នកទស្សនាវីដេអូខ្លីនេះទេដែលស្រៀវសាច់ សូម្បីតែតារាប្រុសស្រីដែលសម្តែងក្នុងរឿងនេះក៏បុកពោះស្ទើលោតបេះដូងចេញមកក្រៅដែរ។

លោក លី ឧត្តម និងកញ្ញា លីលី លើកឡើងថា ពិតជាភ័យបារម្ភ និងលំបាកខ្លាំងទម្រាំតែបានឈុតឆាកដ៏ស្រៀវសាច់មួយនេះ។ លី ឧត្តមប្រាប់ថា លោកពិតជាភ័យខ្លាចខ្លាំងក្នុងឈុតឆាកបែបកាចសាហាវបែបនេះហើយនេះជាលើកទី១ផងដែរដែលលោកបានសម្តែងឈុតឆាកលំបាក និងភ័យខ្លាចច្រើននៅក្នុងរឿង«បីខែ»របស់ផលិតកម្មមួយ។

លោកថាទស្សនិកជនខ្លះជេ ព្រោះតែឃើញសកម្មភាពនៃការសម្តែងកាចសាហាវពេក ប៉ុន្តែវាគ្រាន់តែជាការសម្តែងដែលធ្វើយ៉ាងណាឲ្យដូចការពិតតែប៉ុណ្ណោះ។ លោកថាក្នុងរឿងនេះលោកសម្តែងជាតួប្រុសដែលមានចិត្តសាហាវឃោរឃៅ គឺស្ទើជាមនុស្សស្ទើជាខ្មោចហើយឈុតដែលគេចាប់អារម្មណ៍នេះគឺក្រោយពេលស្រលាញ់គ្នាជាមួយសង្សាបីខែលោកបានវះពោះយកកូនក្នុងផ្ទៃរបស់សង្សាមកធ្វើពិធីធ្វើជាកូនក្រកតាមពិធីផ្លូវងងឹត។ តារាសម្តែង និងបង្ហាញម៉ូតវ័យ១៩ឆ្នាំរូបនេះបន្តថា នៅមានឈុតឆាកជាច្រើនទៀតដែលរន្ធត់ និងលំបាកដូចជាការថតនៅក្នុងព្រៃយប់ជ្រៅ និងឈុតអាកមាន់ជាដើម។ ជាមួយគ្នានេះលោកសសើរកញ្ញា លីលី ខ្លាំងដែលពូកែសម្តែង ដាក់អារម្មណ៍ និងអត់ធនជាមួយនឹងឈុតឆាកសម្តែងលំបាកៗជាច្រើនចាប់តាំងពីការថតដំបូងរហូតដល់បញ្ចប់រឿង។

តារាស្រីកញ្ញា លីលី វិញបានលើកឡើងថា នាងពិបាកខ្លាំងក្នុងឈុតឆាកជាច្រើននៅក្នុងរឿង ហើយពេលខ្លះមានស្លាកស្នាមនៅលើដងខ្លួន ព្រោះតែមានឈុតខ្លះត្រូវរងការចាប់បង្ខំ និងឈុតនៅក្នុងទ្រុងមាន់ជាដើម។ នាងថាឈុតឆាកទាំងនេះទម្រាំតែធ្វើបានគឺឈឺអស់រាងកាយព្រោះត្រូវចងជាប់នឹងគ្រែតួប្រុសអង្គុយពីលើជាដើម។ តារាស្រីវ័យ១៩ឆ្នាំរូបនេះបន្តថា កន្លងមកនាងធ្លាប់សម្តែងភាពយន្តជាច្រើនដូចជារឿង “មេឃុំក្រមុំ” “ផ្កា៤ទង” “ចន្ទវង្វេងមេឃ” “អាពាហ៍ពិពាហ៍ចម្លែក”ជាដើម ប៉ុន្តែនេះគឺជារឿងដំបូងដែលនាងសម្តែងជាតួឯករួមគ្នាជាមួយលោក លី ឧត្តម ហើយជួបឈុតឆាកដែលលំបាកច្រើន។ នាងថាពេលសម្តែងរឿងនេះបន់អស់ហើយគឺសុំកុំឲ្យជួបហេតុការចម្លែកៗព្រោះតែរឿងនេះជាប្រភេទរឿងដែលមានវិញ្ញាណបិសាចខ្មោចព្រាយនោះ។

កញ្ញា បន្តថា ក្នុងរឿង«បីខែ»នេះនាងពិតជាស្លុត និងការសម្តែងជាច្រើន ប៉ុន្តែនាងអត់ទ្រាំដើម្បីជំរុញឲ្យសាច់រឿងនៃភាពយន្តនេះកាន់តែចាប់អារម្មណ៍ខ្លាំង។ នាងថាភាពយន្តរឿង«បីខែ»ទើបនឹងបញ្ចប់ការផលិតកាលពីថ្មីៗនេះ ហើយនាងរំពឹងថានឹងទទួលបានការចាប់អារម្មណ័ខ្លាំងពីអ្នកទស្សនាព្រោះតែផលិតករ បានសម្រិតសម្រាំងការផលិតច្រើនទាំងសាច់រឿង និងបច្ចេកទេសជាដើម៕ វឌ្ឍនា

NKD-36x6_outline