ព័ត៌មានទាន់ហេតុការណ៍៖

លួចចូលគាស់ផ្ទះ ប្រជាពលរដ្ឋចាប់បានវាយយ៉ាងចាស់ដៃ ទើបប្រគល់អោយសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាវាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន រួចទើបប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីគេបានធ្វើសកម្មភាព គាស់ផ្ទះគេចូលទៅខាងក្នុង រើកកាយ ឥវ៉ាន់បំណងលួចទ្រព្យសម្បត្តិ តែត្រូវបានម្ចាស់ផ្ទះទៅទាន់ពេលវេលា ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង២០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៥ ខាងក្រោយនឹងផ្សារហេងលី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

ជនសង្ស័យខាងលើមានឈ្មោះ ជា យ៉ា អាយុ១៧ឆ្នាំ ជាជាងធ្វើពិដាន បច្ចុប្បន្នស្នាក់នៅ ជិតសាលាមធ្យមសិក្សាគោកបញ្ជាន់ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង មានស្រុកកំណើត ភូមិអ្នកយឹង ឃុំសំរោង ស្រុកទូកមាស ខេត្តកំពត ។

លោក ឈឹម រចនា ដែលជាម្ចាស់ផ្ទះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ជាមួយ នឹងក្រុមគ្រួសារ បាននាំគ្នាទៅដើរកំសាន្តតាំងពីពេលល្ងាចមកម៉្លេះ ហើយនៅម៉ោងប្រមាណ ជា១០នឹង២០នាទីក៏បានត្រឡប់មកផ្ទះវិញ ។ លុះនៅពេលមកដល់ផ្ទះ ក៏ស្រាប់តែប្រទះឃើញមាន ស្បែកជើងចំឡែកនៅខាងមុខផ្ទះ និងចោរទ្វារផ្ទះរបស់គាត់បានរប៉ើកដាច់ ។ ដោយមានការសង្ស័យ ភ្លាមៗនោះរូបគាត់ក៏បានហៅអ្នកជិតខាងឱ្យមកជាមួយ និងបានចូលទៅខាងក្នុងផ្ទះ បានឃើញរបស់់ របរ និងឥវ៉ាន់ត្រូវបានរើកកាយពេញ ។

ប្រភពបានបន្តថា ឃើញដូច្នេះគាត់ រួមជាមួយអ្នកជិតខាងបាននាំគ្នាដើរមើលគ្រប់សព្វក្នុងផ្ទះ ក៏បាន ប្រទះឃើញជនសង្ស័យខាងលើកំពុងពួនសំងំនៅក្នុង បន្ទប់របស់គាត់ និងមានកំបិត១ដើមនៅ ជិតខ្លួនផងដែរ ។ បន្ទាប់មកពួកគាត់ក៏បានឃាត់ខ្លួន ជនសង្ស័យខាងលើ និងបាននាំគ្នាវាយម្នាក់ មួយដៃមួយជើង បណ្តាលឱ្យរងរបួសយ៉ាងដំណំ ទើបប្រគល់ទៅឱ្យសមត្ថកិច្ច ។

ក្រោយមកជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ និងកសាងសំណុំរឿងទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវីធី ៕ ចាន់ធឿន

Chanthueon1-(4)

Chanthueon1

Chanthueon1-(1)

Chanthueon1-(2)

Chanthueon1-(3)