ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

លួចពងមាន់ថៅកែជិត១០០គ្រាប់យកទៅលក់បានលុយ២០០.០០០រៀលទិញថ្នាំញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្មករចិញ្ចឹមមាន់ម្នាក់ ត្រូវបាន ម្ចាស់កសិដ្ឋាន ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនចោទពីបទលួចស៊ុតមាន់ជិត១០០គ្រាប់ ចេញពីកសិដ្ឋាន លក់យកលុយទិញថ្នាំញៀនជក់ ។ ករណីឃាត់ខ្លួនបុរសខាងលើ បានកើតឡើងនៅម៉ោង១០ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចថា ជនសង្ស័យឈ្មោះ យ៉ាន លៀង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិច្រាបកន្ទួត ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង តែបានមកធ្វើជាកម្មករក្នុងកសិដ្ឋានចិញ្ចឹមមាន់ មានម្ចាស់ឈ្មោះ តាំង ឆេងលឹម ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចអធិការដ្ឋាននគរបាល បានឲ្យដឹងថា មុនឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ច បានទទួលពាក្យបណ្ដឹងពីម្ចាស់កសិដ្ឋានខាងលើថា បានបាត់ស៊ុតមាន់ជាច្រើនគ្រាប់ ហើយបានដាក់ការសង្ស័យលើកម្មកររបស់គាត់ម្នាក់ ។

ក្រោយទទួលពាក្យបណ្ដឹងពីម្ចាស់កសិដ្ឋានរួច សមត្ថកិច្ច បានចុះឃាត់ខ្លួនកម្មករម្នាក់ខាងលើភ្លាមៗ ឆែកឆេររកឃើញថ្នាំញៀន១កញ្ចប់តូចនៅជាប់នឹងខ្លួន រួចខ្លួនមកសួរចម្លើយនៅអធិការដ្ឋាន ។

ជនសង្ស័យ បានឆ្លើយសារភាពថា គេបានលួចយកស៊ុតមាន់ចេញពីកសិដ្ឋានច្រើនលើកមកហើយៗលើកចុងក្រោយ គេលួចចំនួន៩០គ្រាប់ យកទៅលក់បានលុយចំនួន២០មុឺនរៀល ដើម្បីទិញថ្នាំញៀនជក់ ។

ជនសង្ស័យ សារភាពទៀតថា ថ្នាំញៀន១កញ្ចប់នេះ គេទិញពីមនុស្សម្នាក់ឈ្មោះ ម៉ៅ រ៉ាម៉ន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទំនប់ទឹក ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ តម្លៃ៤មុឺន រៀល ។

ក្រោយបានចម្លើយសារភាព សមត្ថកិច្ច បានស្នើសុំគោលការណ៍ពីលោកស្នងការបាដើម្បីចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅនឹងផ្ទះតែម្តង ដោយដកហូតបានវត្ថុតាងរួមមាន កាំភ្លើងច្នៃបាញ់ខ្យល់១ដើម, ដបច្នៃជក់ថ្នាំញៀនចំនួន៣, ដែកកេះ៤, ឧបករណ៍ចូកថ្នាំញៀន១, ទូរស័ព្ទដៃ១គ្រឿង, ថង់ច្រកថ្មាំញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវសមត្ថកិច្ចកសាងសំណុំរឿងរួចបញ្ជូនបន្តទៅការិយាល័យជំនាញគ្រឿងញៀន ចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖