ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានហើយជិះគេចខ្លួនមិនរួចម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ លួចកាច់កម៉ូតូបានហើយជិះគេចខ្លួនមិនរួច ត្រូវម្ចាស់តាមទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ មុខផ្ទះជនរងគ្រោះក្រុម៧ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ចាន់ សុដា ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ស្រះចកខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះនួន សុវណ្ណធី ភេទប្រុសអាយុ២៦ឆ្នាំស្នាក់នៅក្រុម៧ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ម៉ូតូដែលជនសង្ស័យលួចកាច់សោកហើយយគេចខ្លួនមិនរួចនោះម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ 1643 ។

ប្រភពពត៌មានពីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានទុកម៉ូតូនៅមុខផ្ទះ ខណៈរវល់ដួសទឹករៀបចំហូបបាយ ស្រាប់តែលឺសំលេងជនសង្ស័យបញ្ឆេះម៉ូតូ និងជាន់លេខម៉ូតូខ្លួនក្រឡេកមើលម៉ូតូមិនឃើញក៏ចេញមកក្រៅផ្ទះឃើញជនសង្ស័យខាងលើជិះម៉ូតូខ្លួនហើយបក្ខពួកជនសង្ស័យម្នាក់ទៀតជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ ដែលជាមធ្យោបាយធ្វើដំណើររបស់ពួកវាខ្លួន ក៏ស្រវ៉ាម៉ូតូមួយគ្រឿងទៀតជិះដេញតាមរហូតដល់មុខសាលាកូរ៉េ ក្នុងភូមិផ្លូផ្អែម សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ជនសង្ស័យជិះ ទៅមុខលែងរួចដោយផ្លូវទាល់ រូបគេ និងប្រជាពលរដ្ឋនៅក្បែរនោះ ក៏ចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាកតែម្តង ។

ចំណែកបក្ខពួកម្នាក់ជិះគេចខ្លួនបាត់ស្រមោល ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតពីជនសង្ស័យមានដែកសម្រាប់កាច់សោកម៉ូតូចំនួនមួយ ។

បច្ចប្បន្នជនសង្ស័យ និងវត្ថតាងត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ អរុណរះ