ព័ត៌មានទាន់ហេតុការណ៍៖

លួចស្លាកលេខរថយន្តត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខឃាត់ខ្លួន

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៣៖៣០នាទីរសៀល​ថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ក្រោយធ្វើសកម្មភាពលួចស្លាកលេខរថយន្តកាលពី​វេលាម៉ោង៧ព្រឹក​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ២អឺ០ ផ្លូវលេខ២៤៦ ភូមិទី១សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឡី រិទ្ធសម្ផស្ស ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះលេខ២២៣ ផ្លូវលេខ១៣ ភូមិទី៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែក​ជនរងគ្រោះ ១.ឈ្មោះជួប ផាណិត ភេទប្រុសអាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ២អឺ០ ផ្លូវលេខ២៤៦ ភូមិទី១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ២.ឈ្មោះសាត សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅផ្ទះលេខ១៣ផ្លូវលេខ២៤៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ៣.ឈ្មោះ ខាហ្គីម៉ៃយ៉ សូរ៉ៃយ៉ាម៉ាថា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិល្បករ មានទីលំនៅផ្ទះលេខ១៣៦អឺ២ ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ស្លាកលេខរថយន្ត ភ្នំពេញ2AQ 4997 មុខក្រោយ (ជារបស់ជនរងគ្រោះឈ្មោះសាត សម្បត្តិ)។ ស្លាកលេខរថយន្តភ្នំពេញ 2AP 9217 មុខ ក្រោយ(ជារបស់ជនរងគ្រោះឈ្មោះខាហ្គី មៃយ៉ សូរ៉ៃយ៉ាម៉ាថា)។ ស្លាកលេខរថយន្ត ភ្នំពេញ2Y 5760 មុខនិងក្រោយ(ជារបស់ជនរងគ្រោះឈ្មោះជួប ផាណិត )។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយបច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕ ស តារា