ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

លោកខាងលិចមិនចង់ឲ្យបាត់បង់ទីផ្សារ ទិញអាវុធដ៏សំខាន់ គឺអារ៉ាប៊ីសាអ៊ូឌីតឡើយ

ចែករំលែក៖

បើទោះបីប្រទេសលោកខាងលិច បានថ្កោលទោសយ៉ាងខ្លាំងទៅលើប្រទេស អារ៉ាប៊ីសាអ៊ូឌីតដែលបានសម្លាប់អ្នកសារព័ត៌មាន នៅក្នុងប្រទេសទួរគីក៏ដោយ ប៉ុន្តែដោយសារតែប្រទេសនេះទិញអាវុធជាច្រើនពីលោកខាងលិច និងជា អតិថិជនស្មោះ ត្រង់ ទើបបានជាប្រទេសលោកខាងលិច មិនអាចដាក់ទណ្ឌកម្ម ទៅលើប្រទេសនេះ ឡើយ។

កន្លងមកថ្មីៗអាមេរិក បានប្រកាសថា បញ្ហា អ្នកកាសែត ដែលរងការសម្លាប់នៅក្នុងស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត ក្នុងប្រទេស ទួរគីនោះមិនប៉ះពាល់ដល់កិច្ចព្រមព្រៀង ទិញអាវុធនោះឡើយ ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីបារាំង លោកម៉ាក្រុងក៏បាន បញ្ជាក់ថា ឃាតកម្មលើអ្នកសារព័ត៌មាន មិនប៉ះពាល់ដល់ការលក់អាវុធឲ្យអារ៉ាប៊ីសាអ៊ូឌីត។

ប៉ុន្មានសប្តាហ៍ ក្រោយកើតរឿងរ៉ាវ ឃាតកម្មលើរូបលោក ចាម៉ាល់ ខាសូជី នៅក្នុងអគារស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីត ប្រចាំទីក្រុងអុីស្តង់ប៊ូល មានថ្នាក់ដឹក នាំប្រទេសមួយចំនួន បានចេញប្រតិកម្មរិះគន់អារ៉ាប៊ីសាអ៊ូឌីត ហើយបានអំពាវនាវថាត្រូវតែឈប់លក់អាវុធទៅឲ្យប្រទេសនេះទៀត។ ខុសពីលោកស្រីមែរគែល ដែល សន្យាថា នឹងព្យូរកិច្ចសន្យាលក់អាវុធទៅ ឲ្យអារ៉ាប៊ីសាអ៊ូឌីត លោកម៉ាក្រុង ប្រធានា ធិបតីបារាំង បានលើកឡើងថា ការលក់ អាវុធទៅឲ្យអារ៉ាប៊ីសាអ៊ូឌីត និងអំពើឃាត កម្មលើរូបលោក ចាម៉ាល់ ខាសូជី នេះ មិនមានអ្វីពាក់ព័ន្ធនឹងគ្នាទាល់តែសោះ។

នៅថ្ងៃទី២៦ ខែតុលា ពីទីក្រុងប្រាទី ស្លាវ៉ា ប្រទេសស្លូវ៉ាគី លោកម៉ាក្រុងប្រធា នាធិបតីបារាំង បាននិយាយថា លោក ឆ្ងល់ណាស់ ចំពោះមនុស្សមួយចំនួន ដែលមិនទាន់ដឹងរឿងច្បាស់លាស់ផង បែរជាទៅប្រកាសថានឹងឈប់ ឬផ្អាក លក់ អាវុធឲ្យអារ៉ាប៊ីសាអ៊ូឌីត។ លោកម៉ាក្រុង បានបន្ថែមថា អំពើឃាតកម្មនេះ វាគ្មានអ្វីពាក់ព័ន្ធនឹងកិច្ចសន្យាលក់អាវុធ ទាល់តែ សោះ។ បារាំង នឹងដាក់ទណ្ឌកម្មលើអារ៉ាប៊ីសាអ៊ូឌីត ឲ្យសមស្រប និងត្រឹមត្រូវសម ហេតុផល បើជាការណ៍ពិតរកឃើញថា អារ៉ាប៊ីសាអ៊ូឌីត ពិតជាអ្នកទទួលខុសត្រូវ លើឃាតកម្ម លោកខាសូជីមែននោះ។

សម្តីទាំងអំបាលម៉ានរបស់លោកម៉ាក្រុង គឺឆ្លើយតបទៅនឹងការអំពាវនាវ ប៉ុន្មាន ថ្ងៃចុងក្រោយនេះ ថាត្រូវឈប់លក់អាវុធទៅឲ្យអារ៉ាប៊ីសាអ៊ូឌីត។ ជាក់ស្តែង លោក ស្រីមែរគែល បានប្រកាសសាជាថ្មី នៅថ្ងៃ ទី២៦តុលាថា អាល្លឺម៉ង់ នឹងផ្អាកកិច្ចសន្យាលក់អាវុធទៅឲ្យអារ៉ាប៊ីសាអ៊ូឌីត ដរាប ណាការពិតមិនត្រូវបានបំភ្លឺ ជុំវិញអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃនេះទេ។ នៅថ្ងៃ ដដែលនេះដែរ លោករដ្ឋមន្ត្រីការបរទេស អូទ្រីស បានអំពាវនាវទៅសហភាពអឺរ៉ុប ឲ្យចាត់វិធានការរួម ដើម្បីហាមឃាត់ការ លក់អាវុធទៅឲ្យអារ៉ាប៊ីសាអ៊ូឌីត។

សូមរំលឹកថា អារ៉ាប៊ីសាអ៊ូឌីត ជា ប្រទេសធំជាងគេទី២ បន្ទាប់ពីឥណ្ឌា ដែលទិញគ្រឿងសព្វាវុធច្រើនបំផុត។ បារាំងគឺជាប្រទេសផ្គត់ផ្គង់អាវុធឲ្យអារ៉ាប៊ីសាអ៊ូឌីត លំដាប់ទី៧ ឯអាមេរិកវិញ គឺជា ប្រទេសនាំមុខគេ។ យ៉ាងណាមិញ ទាក់ ទិននឹងបញ្ហានេះ លោកដូណាល់ ត្រាំ បាននិយាយយ៉ាងច្បាស់ថាគ្មានថ្ងៃទេ ដែលអាមេរិកយកកិច្ចសន្យាតម្លៃ១១ម៉ឺនលានដុល្លារ ទៅហែកចោលនោះ។ លោក ដូណាល់ ត្រាំ បន្ថែមថា បើអាមេរិកមិនលក់ ចិន និងរុស្ស៊ីនឹងយកទីផ្សារនេះ។

គួរកត់សម្គាល់ថា ការលក់អាវុធទៅឲ្យអារ៉ាប៊ីសាអ៊ូឌីតនេះ វាបានធ្វើឲ្យថ្នាក់ដឹក នាំអឺរ៉ុប មានការប្រទាំងប្រទើសសម្ដីគ្នា ដោយម្ខាងព្យាយាមការពារផលប្រយោជន៍សេដ្ឋកិច្ច ឯម្ខាងផ្សេងទៀតបានផ្តល់តម្លៃធំដល់សតិសម្បជញ្ញៈ តម្លៃនៃសិទ្ធិមនុស្ស ជាធំ។ ការពិតទៅ ការអំពាវនាវសុំឲ្យឈប់លក់អាវុធទៅឲ្យអារ៉ាប៊ីសាអ៊ូឌីត គឺមាន តាំងតែពីដើមឆ្នាំ២០១៨មកម្លេះ៉ ដោយគេសង្កេតឃើញអំពីការទម្លាក់គ្រាប់បែក យ៉ាងសាហាវព្រៃផ្សៃរបស់អារ៉ាប៊ីសាអូ៊ឌីត ទៅលើប្រទេសយេមែន។

លោក Tony Fortin តំណាងអង្គការឃ្លាំមើលចរាចរណ៍សព្វាវុធ បានលើក ឡើងថា ល្មមប្រទេសធំៗទាំងអស់ពិចារ​ណាហើយ ថាតើគួរលក់អាវុធដែលខ្លួន ផលិតបាន ទៅឲ្យប្រទេសដូចជាអារ៉ាប៊ីសាអ៊ូឌីត ឬអេមីរ៉ាត់អារ៉ាប់រួមនេះដែរទៀតទេ? ទាំងដែលគ្រប់គ្នាដឹងថា ប្រទេសដូច ជាអារ៉ាប៊ីសាអ៊ូឌីតនេះ ធ្វើបាប បំបិទសិទ្ធិ សេរីភាពប្រជាជន គ្រប់បែបយ៉ាង សម្លាប់ អ្នកនយោបាយប្រឆាំង ព្រមទាំងប្រើអាវុធ នេះ ទៅសម្លាប់ប្រជាជនស្លូតត្រង់នៅយេមែន ហើយពេលនេះ សម្លាប់អ្នកកាសែត កាត់កង់ៗយ៉ាងព្រៃផ្សៃបែបនេះទៀត។

ចំណែក លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ បានលើកឡើងថា វានឹងគ្មាន លទ្ធផលវិជ្ជមានទេ បើអាល្លឺម៉ង់ ឈប់លក់ តែម្នាក់ឯង។ ពោលគឺប្រទេសអឺរ៉ុបទាំង អស់រួមគ្នា ដើម្បីដាក់សម្ពាធទៅលើអារ៉ាប៊ីសាអ៊ូឌីត។ តែយ៉ាងណាក៏ដោយ គេពិបាក នឹងជឿណាស់ ថាប្រទេសអឺរ៉ុបនឹងព្រមរួមគ្នាលើបញ្ហានេះ ខណៈដែលបច្ចុប្បន្ននេះ ប្រទេសនីមួយៗ គិតតែបារម្ភតែរឿងសេដ្ឋកិច្ចជាចម្បង។ លុបចោលកិច្ចសន្យា លក់អាវុធ ហាក់ដូចជាផ្កាប់ឆ្នាំងបាយដូច្នោះដែរ៕ ម៉ែវ សាធី


ចែករំលែក៖