ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

លោកគីម ជុងអ៊ុន ជូនសុនខពីរក្បាលដល់ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអីន

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើកាដូ សុនខ(ឆ្កែ) ពីរក្បាល ប្រភេទ Pungsan ដ៏ស្រស់ស្អាត ដល់ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេអ៊ីន ដើម្បីបង្ហាញពីទំនាក់ទំនងមិត្តភាព ផ្ទាល់ខ្លួនយ៉ាងល្អបំផុត ។

កាលពីថ្ងៃទី៣០ ខែកញ្ញា គេហទំព័រ Quartz បានដកស្រង់សម្តីប្រធានការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា សត្វសុនខ ពីរក្បាល បានបញ្ជូនតាមតំបន់ព្រំដែន ចូលមកកាន់កូរ៉េខាងត្បូង តាំងពី៣ថ្ងៃមុន ។ សុនខពីរក្បាលខាងលើ មានអាយុ ប្រហែល១ឆ្នាំ ដោយប្រគល់ឲ្យមន្ត្រីកូរ៉េខាងត្បូងនៅតំបន់ព្រំដែន ។ សារព័ត៌មាន Japan Times បានផ្សាយថា ភាគីកូរ៉េខាងជើង ក៏បានផ្ញើទាំងចំណី៣គីឡូក្រាមសម្រាប់សុនខទាំងពីរខាងលើផងដែរ មុនពេលវាសមទៅនឹងចំណីនៅកូរ៉េខាងត្បូង ។

សុនខដ៏ស្រស់ស្អាត ខាងលើ នឹងរស់នៅក្នុងវិមានប្រធានាធិបតី ម៉ូន ដែលជាបុគ្គលស្រឡាញ់ចូលចិត្តសត្វ ។ បច្ចុប្បន្ន នៅវិមានប្រធានាធិបតីមាន សុនខមួយក្បាលប្រភេទ Pungsan ឈ្មោះ Maru និងឆ្មាមួយក្បាល ឈ្មោះ JjingJjing និងឆ្កែមួយក្បាលទៀត ឈ្មោះ Tory ។

កាលពីពាក់កណ្តាលខែកញ្ញាកន្លងមក នៅក្នុងកិច្ចប្រជុំ ទ្វេភាគី ដែលរៀបចំឡើងនៅទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន ក៏បាននិយាយពីការជូនសុនខពីរក្បាល ដល់មេដឹកនាំកូរ៉េខាងជើងផងដែរ ។

កាដូខាងលើ គឺជាសញ្ញាថ្មីបង្ហាញពីទំនាក់ទំនង បងប្អូនកូរ៉េទាំងពីរ កាន់តែកក់ក្តៅជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ ។ នៅក្នុងជំនួបពិភាក្សា កាលពីថ្ងៃទី ១៩ ខែកញ្ញា មេដឹកនាំ គីម ជុងអ៊ុន បានសម្រេចលុបទីតាំងសាកល្បង បរមាណូ និងមីស៊ីល ហើយសន្យាថា នឹងបំពេញទស្សនៈកិច្ច ទៅកាន់ទីក្រុង សេអ៊ូល ។ តាមប្រភពព័ត៌មាន មេដឹកនាំគីម ជុងអ៊ុន នឹងបំពេញទស្សនៈកិច្ចទៅកាន់កូរ៉េខាងត្បូង នៅខែធ្នូ ឆ្នាំ២០១៨ ។

ការជូនកាដូ សត្វសុនខ ដល់ប្រធានាធិបតីកូរ៉េខាងត្បូង មិនមែនជាលើកទីមួយឡើយ កាលពីឆ្នាំ២០០០ កូរ៉េខាងជើង ក៏បានជូនកាដូសុនខ ពីរក្បាលដល់ប្រធានាធិបតីកូរ៉េខាងត្បូង ផងដែរ ។ នៅពេលនោះ មេដឹកនាំកូរ៉េខាងជើង គឺលោក Kim Jong ilឪពុកមេដឹកនាំ គីម ជុងអ៊ុន បានជូនសុនខ ពីរក្បាល ប្រភេទ Pungsan ដល់ប្រធានាធិបតីកូរ៉េខាងត្បូង ពេលនោះគឺលោក Kim Dae Jung ក្នុងពេលដែល មានជំនួបពិភាក្សា រវាងកូរ៉េទាំងពីរជាលើកទីមួយ ។ សុនខនោះបានចិញ្ជឹមនៅរម្មណីយដ្ឋាន Seoul Grand ដោយបានបង្កើតកូន២១ក្បាល មុនពេលងាប់នៅឆ្នាំ២០១៣ ។

សត្វសុនខ Pungsan ត្រូវបានដាក់ឈ្មោះតាមស្រុកមួយនៅកូរ៉េខាងជើង ។ សុនខខាងលើមានភាពល្បីល្បាញ ពីការឆ្លាតវៃ និងស្មោះត្រង់ជាមួយម្ចាស់ ៕ ម៉ែវ សាធី


ចែករំលែក៖