ព័ត៌មានទាន់ហេតុការណ៍៖

លោកគ្រូអ្នកគ្រូ និងសិស្សនៅស្វាយរលំ បង្ខំចិត្តពាក់ម៉ាស់ចូលរៀនការពារចំហាយពុលពី រោងចក្រម៉េងតុងម៉េងយ៉ាន

ខេត្តកណ្តាល ៖ ទាំងគ្រូទាំងសិស្សនៅ សាលាអនុវិទ្យាល័យស្វាយរលំ ឋិតក្នុងភូមិ លេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ត កណ្តាលបានឲ្យដឹងថា ពួកគាត់កំពុងរងនូវ បញ្ហាប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរបំផុតពី ចំហាយក្លិនឈ្ងៀមដល់ច្រមុះ បណ្តាលឲ្យ រមាស់ និងកន្តាស់ ស្ងួតបំពង់ក ហូរទឹកភ្នែក ប្រឈមនឹងគ្រោះថ្នាក់បំផុត ស្ទើរតែដក ដង្ហើមលែងរួច ។

អ្នកគ្រូមួយរូបបាននិយាយយ៉ាងដូច្នេះថា “ចំពោះខ្ញុំជាគ្រូបង្រៀន ពេលខ្លះរងនូវ ចំហាយ ស្ងួតបំពង់ក ពិបាកដកដង្ហើម ខ្ញុំក៏ បង្ខំចិត្តរត់ចេញពីសាលា ប៉ុន្តែអាណិតដល់ កូនសិស្សដែលកំពុងរៀនក្នុងមួយថ្នាក់ៗពី ៥០ទៅ៦០នាក់ និងតិចបំផុតមួយថ្នាក់៤៥ នាក់ មានអ្នកខ្លះគាត់ពាក់ម៉ាស់ទ្រាំរៀននៅក្នុងថ្នាក់បាន មួយចំនួនទៀតគាត់មិនចេះពាក់ម៉ាស់ ដោយការថប់ដង្ហើម គាត់ក៏សុខចិត្តទ្រាំនៅក្នុងថ្នាក់ជាមួយនឹងក្លិនឈ្ងៀមទាំងនោះជាប្រចាំ ថ្ងៃទៅហើយ ។

លោកគ្រូ អ្នកគ្រូបានបញ្ជាក់ថា រាល់ដំណោះស្រាយតាំងពីថ្នាក់មូលដ្ឋានឃុំ-ស្រុក ជំនាញបរិស្ថាន ខេត្តនិងក្រសួង ប៉ុន្តែជាលទ្ធផល ដដែលជាដដែលទេ បានន័យថា ចុះមកបានត្រឹមតែមកពិនិត្យមើល រួចក៏ទៅវិញ សម្រាប់លទ្ធផលលោកគ្រូ អ្នកគ្រូ សិស្ស រួមទាំងប្រជាពលរដ្ឋមានលំនៅឋានក្បែរៗរោងចក្រម៉េងតុងម៉េងយ៉ានរងផលប៉ះពាល់ពីចំហាយក្លិនជាតិ គីមីនេះដដែល ។

ទាំងគ្រូៗ ក៏ដូចជាប្រជាពលរដ្ឋទទួលយកគ្រប់ដំណោះស្រាយទាំងអស់ដោយមិនគិតពីខាងណា ដើម្បីមានដំណោះស្រាយ ដល់សុខភាពជូនប្រជាពលរដ្ឋ តាមរយៈ តម្រូវឲ្យខាងរោងចក្រខាងលើនេះបញ្ឈប់ សកម្មភាពជះក្លិនឈ្ងៀម ដោយជាតិគីមី ប៉ះពាល់មកលើពួកគាត់ ។
ថ្មីៗកន្លងទៅនេះ ខាងក្រសួងបរិស្ថាន ខាងមន្ទីរ អាជ្ញាធរស្រុក និងជំនាញបានចុះ ទៅពិនិត្យធ្វើអធិការកិច្ចនៅក្នុងរោងចក្រមួយនេះ ប៉ុន្តែលោកគ្រូ អ្នកគ្រូបានលើក ឡើងថា ពួកខ្ញុំគ្មានជំនឿចំពោះដំណោះ ស្រាយ ខណៈការងារនេះមានយូរមកហើយ យ៉ាងតិច៥ទៅ៦ឆ្នាំ ដែលថ្នាក់លើនិងជំនាញ ប្រើរូបភាពដដែលៗ មកហើយទៅវិញ ស្ងាត់ឈឹង ។ ចំណែកសិស្ស គ្រូៗ ប្រជាពលរដ្ឋទទួលផលប៉ះពាល់ពីក្លិនឈួលឈ្ងៀមដោយ ជាតិគីមីនេះដដែល ។

លោក ស៊ុម សុខម្ភូ អគ្គនាយករងគាំពារបរិស្ថាននៃក្រសួងបរិស្ថាន ដែលបានដឹក នាំក្រុមការងារ មានលោក ជា សីុណា ប្រធាននាយកដ្ឋានគាំពារបរិស្ថាន និងខាងមន្ទីរ បរិស្ថានខេត្ត អាជ្ញាធរស្រុក បរិស្ថានស្រុក ជាមួយនឹងមន្ត្រីជាច្រើនទៀត បានប្រាប់ នគរដ្រេហ្គន តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៦ថា ខ្ញុំពិតជាបានដឹកនាំ មន្ត្រីជំនាញថ្នាក់នាយកដ្ឋានគាំពារបរិស្ថាន និងមន្ត្រីជាច្រើនទៀតចុះទៅពិនិត្យនៅរោងចក្រខាងលើនេះ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅថ្មីៗ ដោយបំពេញកាតព្វកិច្ចពិនិត្យមើលរាល់វិធានការណ៍ កន្លងទៅ ដែលក្រសួងកំណត់ឲ្យខាងរោង ចក្រ ថាតើគាត់បានអនុវត្តបានប៉ុន្មាន?

លោកអគ្គនាយករង ស៊ុម សុខម្ភូ បានបន្តថា ជាក់ស្តែងខ្ញុំពិនិត្យឃើញខាងរោងចក្រ គាត់បានបំពាក់ឧបករណ៍កាត់បន្ថយ ការបញ្ចេញនូវចំហាយឈ្ងៀមនេះបានមួយផ្នែក ប៉ុន្តែខាងរោងចក្រមិនទាន់ត្រូវបានបំពេញតាមបច្ចេកទេសណែនាំត្រឹមត្រូវនៅឡើយទេពីក្រសួង ។ ដូច្នេះក្រុមការងារយើងនឹងតម្រូវឲ្យគាត់រៀបចំរាល់បច្ចេកទេសជាបណ្តោះអាសន្ន ការពារការសាយ ភាយជាតិគីមី ដោយការផលិតរបស់ខ្លួន ប៉ះពាល់ផ្លូវដង្ហើមដល់គ្រូៗ សិស្ស និងប្រជាពលរដ្ឋ ដូចជាករណីឲ្យគាត់ដាក់សំណាញ់ ស្បៃ ពីរទៅបីជាន់ទប់បញ្ជៀសក្លិន និងឲ្យគាត់បំពេញបច្ចេកទេសបន្ថែម ក្នុងនោះខ្ញុំ បានឲ្យគាត់បំពេញយ៉ាងយូរបំផុត ថ្ងៃចន្ទ សប្តាហ៍ក្រោយ ត្រូវឆ្លើបតបពីការងារ ដោយ មានក្រុមបច្ចេកទេសវិស្វករត្រឹមត្រូវ ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកគ្រូ អ្នកគ្រូ សិស្ស ប្រជាពលរដ្ឋថា ចុះបើខាងរោងចក្រមិនបានបំពេញតាមលក្ខខណ្ឌ ក្រសួងកំណត់ តើឈានដល់ការបិទអាជីវកម្មដែរឬទេ? លោក ស៊ុម សុខម្ភូ បាន បញ្ជាក់ថា ជាធម្មតាគេមិនអាចធ្វើការងារ របៀបជប់ឲ្យលឿនបានទេ ក្នុងពីរទៅបីថ្ងៃនោះ ហើយបើខាងរោងចក្រមិនបំពេញ តាមការណែនាំ ការបិទអាជីវកម្មមិនមែន ជារឿងងាយស្រួលទេ គឺត្រូវការសិក្សា ពិនិត្យឲ្យអស់លទ្ធភាព ទើបសម្រេចបាន ក្នុងកម្រិតណានោះ ។

ប្រជាពលរដ្ឋលោកគ្រូ អ្នកគ្រូ សិស្ស បានលើកឡើងថា ស្របពេលប្រទេសមាន ច្បាប់ មិនគួរណាពួកគាត់នៅតាមមូលដ្ឋាន ប្រឈមគ្រោះថ្នាក់បែបនេះទេ គួរណាស់ តែអាជ្ញាធរ ជំនាញពាក់ព័ន្ធរកដំណោះស្រាយណាមួយជូនពួកគាត់ ផ្ទុយទៅវិញ បែរជាទុកឲ្យការងារនេះអូសបន្លាយ ប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ។ ពួកគាត់ទទួលស្គាល់ និងគាំទ្រពីការវិនិយោគ របស់ក្រុមហ៊ុនបាននឹងកំពុងស្រូបយកកម្លាំងក្នុងស្រុកឲ្យពលរដ្ឋខ្មែរមានការងារធ្វើ ប៉ុន្ត ការធ្វើអាជីវកម្ម ក៏ត្រូវបំពេញកាតព្វកិច្ច អនុលោមទៅតាមផ្លូវច្បាប់ផងដែរ ។
ក្នុងករណីនេះ នគរដ្រេហ្គនមិនអាចទាក់ទង បានទេពីលោក ម៉ៅ ភិរុណ អភិបាលនៃ គណៈអភិបាលខេត្តកណ្តាល ដោយទូរស័ព្ទ ត្រូវបានបិទ កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ។

លោកគ្រូ អ្នកគ្រូនិយាយថា រាល់ដំណោះ ស្រាយកន្លងទៅគ្មានប្រយោជន៍ពួកគាត់និងសិស្សធ្លាប់នាំគ្នាតវា៉ជាមួយខាងរោងចក្រ និងមិនចូលរៀន មិនបង្រៀន ប្រយោជន៍ស្វែងរកដំណោះស្រាយ ប៉ុន្តែជាលទ្ធផល អាជ្ញាធរ ជំនាញ នៅតែបន្តឲ្យខាងរោងចក្រដំណើរការចង្វាក់ផលិតកម្មរបស់ខ្លួន ជាមួយនិងការភាយសាយក្លិនគីមីឈួល ប៉ះពាល់ផ្លូវដង្ហើមដដែល ។ ម្យ៉ាងទៀតដោយសិស្សថ្នាក់ទី៩ គាត់ត្រូវរៀនឲ្យបាន ពេញម៉ោងសម្រាប់ពេលប្រឡង លោកគ្រូ អ្នកគ្រូក៏មិនរំខានដល់ពួកគាត់មកតវា៉ខាត ពេលរៀនសូត្រនោះទេ ។ ដូច្នេះទាំងគ្រូ និងសិស្សបានត្រឹមតែបង្ខំចិត្តបិទម៉ាស់ចូល សាលាបង្រៀននិងរៀននៅក្នុងថ្នាក់តែប៉ុណ្ណោះជាទម្លាប់ ៕ សុខខេមរា

13 11 10