ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង៖ ផ្ដល់ប័ណ្ណកម្មសិទ្ធិផ្ទះជូនពលរដ្ឋ៤០២ គ្រួសារ នៅសហគមន៍គង្គាផុស សង្កាត់ទួលសង្កែ

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍គង្គាផុស ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ចំនួន៤០២គ្រួសារ ស្មើនឹង៤០២ក្បាលដី ត្រូវបានរដ្ឋបាលរាជធានីប្រទានកម្មដីធ្លីជូន ក្រោយពីរស់នៅគ្មានប័ណ្ណកម្មសិទ្ធិជិត២០ឆ្នាំកន្លងមកនេះ។ ពិធីប្រកាសប្រគល់ជូននេះបានធ្វើឡើងកាលពីរសៀលថ្ងៃចន្ទ៣រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី០២ កក្កដា ២០១៨ ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីសំណង់និង សុរិយោដីរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ គម្រោង រៀបចំដែនដីនិងរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ បានចាប់ផ្តើមនៅខែតុលាឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្នគម្រោងចុះបញ្ជីដីធ្លីបាន៦០ សង្កាត់ ក្នុងរាជធានីភ្នំពេញ ។ ការប្រទានកម្មនេះរាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្តេចតេជោហ៊ុន សែនគឺប្រទានកម្មឲ្យទាំងអស់តែម្តង ពោលគឺទាំងប្រថាប់ ត្រា បង់ព័ន្ធអន្តរក្រសួង និងការបង់ព័ន្ធមួយម៉ែត្រការ៉ចំនួន៥០០ រៀលក៏រដ្ឋជាអ្នកបង់ជូនផងដែរ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ យើងមកនេះ គឺមកជួយប្រជាពលរដ្ឋមិនមែនមកបោក ប្រាស់ទេ ដោយឃើញការលំបាករបស់ប្រជាពល រដ្ឋទើបសម្តេចសម្រេចប្រទានកម្មជូនបងប្អូនប្រជាពលរដ្ឋតែម្តងលើផ្ទៃដី២ហិកតាកន្លះនៅសហគមន៍គង្គាផុស សង្កាត់ទួលសង្កែ២នេះ។ លោកអភិបាលថា៖ បុរីខ្លះបំបែកក្បាលដីហើយមិនចែកទេ ទុកនៅធនាគារ ដោយមិនបានប្រគល់មកឲ្យបងប្អូន ដែលធ្វើឲ្យការស្នាក់នៅមិនស្របច្បាប់ ដែលបញ្ហានេះមានច្រើននៅតាមបុរី ហើយបញ្ហានេះមួយចំនួនត្រូវបានរដ្ឋបាលរាជធានីដោះស្រាយបានមួយចំនួនហើយ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេងបានជម្រុញឲ្យមន្ត្រីដែនដីត្រូវធ្វើទាំងថ្ងៃសោរ៍ អាទិត្យ ដើម្បីប្រគល់ជូនប្រជា ពលរដ្ឋឲ្យបានលឿន ជៀសវាងទុកយូរកើតជាបញ្ហាលាប់។ យើងបានបំពេញការងារជូនបងប្អូនប្រជាពលរដ្ឋហើយ នៅតែបងប្អូនត្រូវជួយមកពួកយើងខ្ញុំវិញ បងប្អូនធ្វើបុណ្យចង់បានបុណ្យបឯយើងខ្ញុំធ្វើបុណ្យក៏ចង់បានបុណ្យដែរ ។ ដូច្នេះកុំភ្លេចទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ២០១៨ខាងមុខ។ បងប្អូននៅតំបន់នេះ ពិតជាបានរកស៊ីស្រួលណាស់ ពិសេសការយកក្រណាត់ពីរោងចក្រមកកាន់ដេរនៅតាមផ្ទះ រួចហើយបញ្ជូនសំលៀកបំពាក់នេះទៅរោងចក្រឬទីផ្សារវិញ ដើម្បីយកលុយមកទ្រទ្រង់គ្រួសារ បានធូធារ ។ នេះសុទ្ធតែសមិទ្ធផលរបស់សម្តេចតេជោហ៊ុន សែនដែលជួយឲ្យបងប្អូនមានឱកាសក្នុងការប្រកបមុខរបររកស៊ី ទទួលទានបានស្រួល ពិសេសគឺប្រទេសយើង មានសន្តិភាពពេញបូរិបូរណ៍នៅទូទាំងប្រទេស៕ សំរិត