ព័ត៌មានទាន់ហេតុការណ៍៖

លោកចាន់ សម័យ ,កញ្ញា ខេលី និង កញ្ញា រស់ កែវ ធីតា បានឱកាសចេញទៅច្រៀងនៅប្រទេសបារាំង

ភ្នំពេញ៖ យ៉ាងហោចណាស់ មានតារាចម្រៀងពីប្រទេសកម្ពុជា គឺលោក ចាន់ សម័យ, កញ្ញា ខេលី(Keli) និងកញ្ញា រស់ កែវធីតា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចេញទៅច្រៀងរាំ នៅតំបន់ដែលសម្បូរដោយប្រជាជនខ្មែររស់នៅ នាប្រទេសបារាំង ក្នុងពេលឆាប់ៗខាងមុខនេះ។

តារាចម្រៀង ចាន់ សម័យ ដែលទើបនឹងធូរស្បើយពីជំងឺ បានប្រកាសថា នឹងធ្វើដំណើរទៅច្រៀងរាំ នៅលើទឹកដីនៃប្រទេសបារាំង ជាមួយតារាចម្រៀងបងប្អូនស្រីពីររូបគឺ កញ្ញា ខេលី និងកញ្ញា រស់ កែវធីតា ដែលជាម្ចាស់ជ័យលាភីលេខ១ ពីកម្មវិធីប្រឡងចម្រៀង Guinness Acoustic Music Boxរបស់ទូរទស្សន៍ My TV។

ពួកគេ នឹងចេញដំណើរទៅកាន់ទឹកដីនៃប្រទេសស៊ីវីល័យខាងលើ ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលតាមការបញ្ជាក់របស់កញ្ញា ខេលី លើកឡើងថា នេះគឺជាលើកទីមួយ ដែលនាងបានចេញដំណើរច្រៀងរាំជាមួយប្អូនស្រីបង្កើត និងលោកចាន់ សម័យ។

កញ្ញាបន្តថា ការសម្តែង នឹងចាប់ផ្តើមបើកឆាកនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ គឺនៅភោជនីយដ្ឋាន Tikok នាទីក្រុងប៉ារីស, ថ្ងៃទី១៦ ខែកញ្ញា នៅភោជនីយដ្ឋានសូរិយា Toulouse និងការសម្តែងបន្តបន្ទាប់ជាច្រើនទៀត។ កញ្ញា បន្តថា អរគុណសម្រាប់អ្នករៀបចំកម្មវិធី ដែលទុកចិត្តរៀបចំឱកាស និងឯកសារសម្រាប់ការចេញច្រៀងនៅលើកនេះ ក៏ដូចជាអរគុណលោក មុត ឧត្តម ដែលបានជួយសម្រួលនូវកិច្ចការងារនេះកន្លងមក។

កញ្ញា ថានាង ប្អូនស្រី និងលោកចាន់ សម័យ បានត្រៀមរួចជាស្រេចនូវបទចម្រៀងសម័យ ពិសេសចង្វាក់ប្រជាប្រិយ និងសម្លៀកបំពាក់សម្រាប់បម្រើការកម្សាន្តរបស់ប្រជាជនខ្មែរនៅទីនោះ។

នាងរំពឹងទុកថា ការចេញដំណើរលើកនេះ នឹងទទួលបានការគាំទ្រច្រើនពីប្រជាជនខ្មែរ និងបង្កើនឱកាសសប្បាយរីករាយសម្រាប់ពួកគាត់នៅទីនោះ ហើយនាងប្អូនស្រី និងលោកចាន់ សម័យ នឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីបង្កើនបរិយាកាសសប្បាយរីករាយជិតស្និទ្ធនៅប្រទេសបារាំងនេះផងដែរ៕ វឌ្ឍនា