ព័ត៌មានទាន់ហេតុការណ៍៖

លោកចៅក្រម ពេជ្រ វិជ្ជាធរ ដោះលែងជនត្រូវចោទម្នាក់ និងឃុំខ្លួនម្នាក់ ពាក់ព័ន្ធរឿង ហិង្សានៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ យោងតាមប្រភពពីសមត្ថកិច្ចនគបាល ខណ្ឌឬស្សីកែវ បានឲ្យដឹងថា លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅរឬសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ បានសម្រេចដោះលែងជនត្រូវចោទម្នាក់ និងចេញដីកាឃុំខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធសំណុំរឿងហិង្សា វាយកាប់ចាក់ អ្នកជិតខាងបណ្តាលឱ្យរងរបួសធ្ងន់នៅខណ្ឌឬស្សីកែវកន្លងមក។

លោក សេង ហៀង ជាតំណាងអយ្យការបានប្រាប់អ្នកកាសែតថា លោកបានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ លើឈ្មោះស្លេះ យូសុះ ភេទប្រុស អាយុ ៣៤
ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ជាប្តី និងឈ្មោះ ទ្បោះ សំរ៉ស់ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ជាប្រពន្ធ មានទីលំនៅក្រុម៨ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស យោងតាម ២១៨ នៃក្រមព្រហ្មទណ្ឌ។

បើយោងតាមបទចោទប្រកាន់នេះ ជនត្រូវចោទ ប្រឈមការជាប់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល ដោយមិនទាន់រាប់បញ្ចូលសំណងជំងឺចិត្តទៅកាន់ជនរងគ្រោះ។

ក្រោយពីលោក សេង ហៀង បន្ថែមថា បន្ទាប់ពីសម្រេចចោទប្រកាន់រួច លោកបានបញ្ជូនសំណុំរឿងនេះ ទៅឲ្យចៅក្រមស៊ើបសួរចាត់ការតាមនីតិវិធី។

ក្រោយមក លោក ពេជ្រ វិជ្ជាធរ បានអនុវត្តតាមនីតិវិធី ដោយសម្រេច ចេញដីកាឃុំខ្លួនប្តី និងដោះលែងប្រពន្ធឲ្យមានសេរីភាពវិញ តាមរយៈការដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

គួររំលឹកថា សមត្ថកិច្ចខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនត្រូវចោទ ទាំង ២នាក់ខាងលើ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ នៅផ្ទះរបស់ពួកគេ បន្ទាប់ពីពួកគេ ធ្វើសកម្មភាព ប្រើហិង្សាដោយ យកកាំបិត បុ័ងតោ និងដែកបំពង់ទីប វាយលើជនរងគ្រោះ ឈ្មោះ ទ្បោះ ហ្វាហ្សី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មានទីលំនៅ ក្បែរផ្ទះជនត្រូវចោទ បណ្តាលឲ្យរងរបួសធ្ងន់ រហូតត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ៕ សតារា