ព័ត៌មានទាន់ហេតុការណ៍៖

លោកជំទប់ទី១យកម៉ូតូទៅបញ្ចាំចាញ់ល្បែងអស់បែកគំនិតលួចម៉ូតូពីអ្នកទទួលបញ្ចាំជិះបុកបារ៉ាស់នសមត្ថកិច្ចដួលសន្លប់ស្តូក

ខេត្តកំពង់ធំៈ លោកជំទប់ទី១ ឃុំណាក្រោម ស្រុកស្ទោង ខេតកំពង់ធំ បន្ទាប់ពីលេ ល្បែងចាញ់អស់លុយក៏យកម៉ូតូទៅបញ្ចាំយកលុយមកលេងចាញ់អស់លុយទៀត ក៏បែកគំនិត លួចម៉ូតូរបស់ខ្លួនដែលយកទៅបញ្ចាំនោះជិះពីស្រុកជីក្រែងជិះទៅបុកប៉ារាស់របស់សមត្ថកិច្ចដួលសន្លប់ស្តូក នៅមុខអធិការដ្ឋាននគរបាលស្រុកស្ទោង កាលពីរសៀលថ្ងៃពុធ ៩រោចខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨

សមត្ថកិច្ចបានឲ្យដឹងថា បុរសខាងលើឈ្មោះ ខេង ថា អាយុ៥៧ឆ្នាំ រស់នៅភូមិស្ពានគ្រោង ជាជំទប់ទី១ ឃុំចំណាក្រោម ស្រុក ស្ទោង ខេត្ត កំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានតាមទូរស័ព្ទថា មានករណីចោរលួចម៉ូតូ ទើបពេលនោះ កម្លាំងនគរបាលស្រុកស្ទោង សហការជាមួយកម្លាំងកងរាជអាវុធហត្ថដាក់បារ៉ាស់ចាំចាប់ចោរលួច ។ បានមួយសន្ទុះស្រាប់តែឃើញ ជនសង្ស័យខាងលើ បានជិះម៉ូតូមកដល់គោលដៅពួនស្ទាក់របស់សមត្ថកិច្ច ហើយទំនងជាជនសង្ស័យភ័យក៏ជ្រុលបុកបារ៉ាស់សមត្ថកិច្ចបណ្តាលឲ្យដួលសន្លប់ស្តូក ហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្ទោងភ្លាមៗ ។

ក្រោយជនសង្ស័យដឹងខ្លួនវិញបានសារភាពប្រាប់សមត្ថកិច្ចថា គាត់មិនមែនជាចោរទេ គាត់ជាជំទប់ទី១ នៅឃុំណាក្រោម បានជិះម៉ូតូទៅលេងល្បែងនៅស្រុកជីក្រែង ហើយបានចាញ់លុយអស់ ក៏យកម៉ូតូទៅបញ្ចាំ១លានរៀល ក៏ចាញ់អស់ទៀត ។ លុះអត់លុយលស់ម៉ូតូ ខ្លួនក៏បែកគំនិតលួចយកម៉ូតូនោះមកវិញ រួចជិះមកផ្ទះ ហើយមិនដឹងថា ត្រូវម្ចាស់លុយប្ដឹងសមត្ថកិច្ចឲ្យចាំស្ទាក់ចាប់នោះទេ។ ខណៈមកដល់ចំណុចកើតហេតុ ដោយសារគាត់ជិះម៉ូតូលឿនពេក ក៏ជ្រុលបុកបារ៉ាស់ ដួលសន្លប់ស្តូកស្តឹងតែម្តងទៅ ៕ សហការី