ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ រៀបចំក្រុងពាលីសុំសេចក្តីសុខក្នុងពិធីបុណ្យប្រាសាទព្រះគោ ជាទំនៀមទម្លាប់ប្រពៃណីយូរលង់

ខេត្តស្ទឹងត្រែង៖ លោកឈៀង ឡាក់ អភិបាលរងខេត្ត និងលោកសន សារឿន អភិបាលនៃគណៈអភិបាលស្រុក ថាឡាបរីវ៉ាត់ និងមន្ត្រីអ្នកមុខ អ្នកការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​​ ជុំវិញស្រុក ព្រមទាំងប្រជាពលរដ្ឋ ជាច្រើន បានអញ្ចើញចូលរួមជាច្រើនកុះករ ក្នុងពិធីតាំងបុណ្យប្រាសាទព្រះគោ និងមានការវាយខែល ទាញព្រាត់ ជាល្បែងប្រជាប្រីយ៍ មានរយៈពេលបីថ្ងៃជារៀងរាល់ឆ្នាំ គឺក្នុងចុងខែមីនា ពោលគឺជិតចូលឆ្នាំប្រពៃណីខ្មែរ គឺចាប់ថ្ងៃទី២៣.២៤.២៥ ខែមីនា ដើម្បីរំលឹកដល់គុណ បុព្វបុរស ដែលហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ មិនខ្លាចពលីជីវិត ដើម្បីទឹកដី ដែលបុព្វបុរសបន្សល់ទុកឲ្យតាំងពីយូរលង់ណាស់មកហើយ មិនអាចបំភ្លេចបាន ស្ថិតនៅចំណុចទួលប្រាសាទព្រះគោ ក្នុងភូមិថាឡា ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោកអភិបាលរងខេត្ត ក៏ដូចអភិបាលស្រុកថាឡាបរីវ៉ាត់ បានអានសន្ទរកថា និងពាំនាំនូវការនឹករលឹក របស់សម្តេចទាំងពីរ ដែលតែងតែនឹករលឹកដល់ប្រជាពលរដ្ឋជាកូន ចៅរបស់សម្តេចជានិច្ច ហើយលោកអភិបាលបានមានប្រសាសន៍ថា ពិធីបុណ្យប្រាសាទព្រះគោ និងវាយខែលនេះ គឺមានជាយូរយារណាស់មកហើយ ហើយគេតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំ មិនដែលខាននោះទេ ហើយពិធីក្រុងពាលីនេះ មានរៀបចំអាសនៈ៧ជាន់ មាននំនែកចេកអំពៅ អ៊ុចទៀន ធូបជាដើម រួចព្រះសង្ឃសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រោះព្រំដល់ដល់មន្ត្រីរាជការ និងប្រជាប្រពលរដ្ឋទូទាំងប្រទេស សុំនូវសេចក្តីសុខ និងឧទ្ទិសកោសល្យ រំលឹកគុណ ដល់បុព្វបុរសខ្មែរ រួចមានប្រគំភ្លេង ពិណពាទ្យ ថ្វាយជូនដល់ព្រះគោ ដែល មានបុណ្យបារមី ប្រជាពលរដ្ឋតែងតែមកបន់ស្រន សុំសេចក្តីសុខ ដែលជាប្រាសាទព្រះគោមានបារមី ជាវត្ថុស័ក្តិសិទ្ធិ ដែលពួកគាត់ជឿនូវការបន់ស្រនតៗគ្នាជាយូរយារណាស់មកហើយ ។

លោកអភិបាលបានបន្តទៀតថា ក្នុងពិធីនេះ មិនអាចបាត់បង់បានទេ ហើយមានការចូលរួមពីរខេត្ត គឺខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង មិនអាចបាត់បង់បានទេ មានតែភូមិភាគឥសាន្តទេ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស មេត្តាចូលរួមសប្បាយក្នុងពិធីនេះ និងជួយគាំទ្រវប្បធម៌មួយនេះ កុំឲ្យបាត់បង់ ។ នេះជាប្រវត្តិតស៊ូរបស់ខ្មែ ទើបមានសុខសាន្តត្រានមកដល់ពេលនេះ ហើយក៏មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ មានសម្តេច ទើបមានសន្តិភាព មានសម្តេចទើបមានការអភិវឌ្ឃ មានសម្តេចទើបមានសិទ្ធិសេរីភាព ៕ មាស សុផាត