ព័ត៌មានទាន់ហេតុការណ៍៖

លោកដូណាល់ ត្រាំពិបាកនៅក្នុងការសម្រេចគោលនយោបាយក្រោយគណបក្សប្រជាធិបតេយ្យទទួលជ័យជម្នះ

គណបក្សប្រជាធិបតេយ្យ ដណ្តើមបានសិទ្ធិគ្រប់គ្រងនៅក្នុងសភាជាលើកដំបូងក្រោយរយៈពេល៨ឆ្នាំ ។ ជាមួយនឹងជ័យ ជម្នះនោះ ជាឧបសគ្គយ៉ាងធំធេង សម្រាប់ ប្រធានាធិបតីដូណាល់ ត្រាំ ក្នុងការអនុវត្ត គោលនយោបាយដឹកនាំ ពីរឆ្នាំចុងក្រោយ នេះ។

នៅពេលខាងមុខប្រធានាធិបតី ដូណាល់ ត្រាំត្រូវការសភា អនុម័តគាំទ្រដល់គោល នយោបាយដឹកនាំរបស់លោក ហើយ ពេលនេះ លោកត្រូវប្រឈមមុខនឹងបញ្ហា យ៉ាងធំ ពេលគណបក្សប្រជាធិបតេយ្យ គ្រប់គ្រងនៅសភារារាំង គោលនយោបាយ របស់លោក។ ជាមួយគ្នានេះគោលនយោ បាយ របស់លោកត្រាំ នៅក្នុងទំនាក់ទំនង ជាមួយកូរ៉េខាងជើង រុស្ស៊ី ចិន ឬអីុរ៉ង និង មជ្ឈិមបូព៌ាអាចនឹងត្រូវពិចារណាផ្លាស់ប្តូរ ។

គណបក្សនយោបាយត្រូវការ ២១៨ អាសនៈដើម្បីគ្រប់គ្រងសំឡេងភាគច្រើន ក្នុងសភាជាន់ខ្ពស់ ។ប៉ុន្តែ ក្រុមអ្នកឯកទេស បានលើកឡើងថា គណបក្សប្រជាធិប តេយ្យ ត្រូវការតែ ២៣កៅអីពីគណបក្សសាធារណរដ្ឋនោះនឹងមានសិទ្ធិគ្រប់គ្រង សភា ។

តើអ្វីទៅជាការបោះឆ្នោតកណ្តាល អាណត្តិ? តើវាមានសារៈសំខាន់យ៉ាង ណាខ្លះ ចំពោះលោកដូណាល់ ត្រាំ? អាមេរិកដូចជាបោះឆ្នោតមិនចេះចប់! ជាការណ៍ពិត នៅអាមេរិក ការបោះឆ្នោត សំខាន់ៗ តែងតែរៀបចំធ្វើ នៅរៀងរាល់ ២ឆ្នាំម្តង គឺការបោះឆ្នោតប្រធានាធិបតី (អាណត្តិ ៤ឆ្នាំ) ដែលនៅក្នុងនោះ ក៏មាន ការបោះឆ្នោតសភា និងអភិបាលរដ្ឋមួយ ផ្នែកផងដែរ និងការបោះឆ្នោត នៅពេល ដែលប្រធានាធិបតីកាន់តំណែងបានពាក់កណ្តាលអាណត្តិ ដែលគេហៅថា ការបោះ ឆ្នោតកណ្តាលអាណត្តិ (Midterm Elections)។

នៅថ្ងៃអង្គារ ទី៦ វិច្ឆិកា ២០១៨នេះ ពលរដ្ឋអាមេរិកបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា (ឬសភាតំណាង) ព្រឹទ្ធសភា និងអភិបាលរដ្ឋ ព្រមទាំងអភិបាលក្រុង និងសមាជិកសភានៅតាមរដ្ឋនីមួយៗ។

-រដ្ឋសភា៖ សមាជិករដ្ឋសភាទាំង ៤៣៥ រូបនឹងត្រូវបោះឆ្នោតជ្រើសរើសថ្មី។ នៅ អាមេរិក សមាជិករដ្ឋសភាមានអាណត្តិតែពីរឆ្នាំប៉ុណ្ណោះ។ ដូច្នេះ ការបោះឆ្នោតជ្រើស រើសសមាជិកថ្មី ត្រូវធ្វើឡើង នៅរៀងរាល់ ពីរឆ្នាំម្តង គឺម្តងស្របពេលជាមួយនឹងការបោះឆ្នោតប្រធានាធិបតី និងម្តងទៀតនៅក្នុងការបោះឆ្នោតកណ្តាលអាណត្តិ។

-ព្រឹទ្ធសភា៖ សមាជិកព្រឹទ្ធសភាអាមេរិកមានចំនួនសរុប១០០រូប ហើយមាន អាណត្តិ ៦ឆ្នាំ ដោយនៅក្នុងនោះ គេរៀបចំ ឲ្យមានសមាជិក ១ភាគ៣ (៣៣រូប ឬ ៣៤រូប) ត្រូវផុតអាណត្តិជាបន្តបន្ទាប់គ្នា ហើយត្រូវបោះឆ្នោតជ្រើសរើសថ្មីនៅរៀងរាល់ពីរឆ្នាំម្តង គឺម្តងស្របពេលជាមួយនឹងការបោះឆ្នោតប្រធានាធិបតី និងម្តងទៀត នៅក្នុងការបោះឆ្នោតកណ្តាលអាណត្តិ។ នៅថ្ងៃទី៦វិច្ឆិកានេះ សមាជិកព្រឹទ្ធសភា ដល់ទៅ៣៥រូប ត្រូវបោះឆ្នោតជ្រើសរើស ជាថ្មី ដោយសារតែមានសមាជិក៣៣រូប ត្រូវផុតអាណត្តិ ចំណែកឯ ២រូបទៀតបាន លាឈប់មុនចប់អាណត្តិ។

-អភិបាលរដ្ឋ៖ សហរដ្ឋអាមេរិក មាន រដ្ឋជាសមាជិកចំនួន៥០ហើយរដ្ឋនីមួយៗត្រូវដឹកនាំដោយអភិបាលរដ្ឋ។ អភិបាល រដ្ឋមានអាណត្តិ ៤ឆ្នាំ លើកលែងតែនៅ រដ្ឋពីរ (Vermont និង New Hampshire) ដែលអភិបាលរដ្ឋមានអាណត្តិតែពីរឆ្នាំ។ អភិបាលរដ្ឋទាំង ៥០នេះ មិនត្រូវបាន បោះឆ្នោត និងចប់អាណត្តិនៅក្នុងឆ្នាំតែ មួយដូចគ្នាទាំងអស់នោះទេ គឺអាស្រ័យទៅតាមច្បាប់កំណត់នៅក្នុងរដ្ឋនីមួយៗ ក៏ប៉ុន្តែ រដ្ឋភាគច្រើន (៣៤រដ្ឋ) បោះឆ្នោតជ្រើសរើសអភិបាលរដ្ឋរបស់ខ្លួន នៅក្នុង អំឡុងការបោះឆ្នោតកណ្តាលអាណត្តិ។

តើការបោះឆ្នោតកណ្តាលអាណត្តិនេះមានសារៈសំខាន់ប៉ុនណាសម្រាប់លោក ដូណាល់ ត្រាំ?

សភាអាមេរិក គឺជាស្ថាប័នដែលកាន់កាប់អំណាចនីតិប្បញ្ញត្តិ ពោលគឺ ជាអ្នកធ្វើច្បាប់ និងអនុម័តថវិកា ដែលជាធនធានចាំបាច់ ក្នុងការដាក់ចេញ និងអនុវត្តគោលនយោបាយរបស់ប្រធានាធិបតី។ លើសពីនេះ ទៅទៀត រាល់ការតែងតាំងចៅក្រម និង សមាជិករដ្ឋាភិបាល ចាំបាច់ត្រូវតែឆ្លងកាត់ការអនុម័តយល់ព្រមពីព្រឹទ្ធសភា។

បច្ចុប្បន្ននេះ សភាទាំងពីរ ពោលគឺ ទាំងព្រឹទ្ធសភា និងរដ្ឋសភា កំពុងស្ថិត ក្រោមការកាន់កាប់របស់គណបក្សសាធារណរដ្ឋ។ ប្រសិនបើគណបក្សសាធារណ រដ្ឋអាចនៅបន្តកាន់កាប់សភាទាំងពីរនេះ តទៅទៀត វានឹងបង្កភាពងាយស្រួលដល់ការដាក់ចេញ និងអនុវត្តនូវនយោបាយរបស់លោកដូណាល់ ត្រាំជាបន្តទៅទៀត។ ផ្ទុយទៅវិញ លោកដូណាល់ ត្រាំនឹងត្រូវ ប្រឈមមុខនឹងបញ្ហាស្មុគស្មាញ ប្រសិនបើសំឡេងភាគច្រើនត្រូវធ្លាក់ទៅក្នុងដៃគណបក្សប្រជាធិបតេយ្យ។

បើទោះបីជាគណបក្សប្រជាធិបតេយ្យអាចដណ្តើមកាន់កាប់តែរដ្ឋសភាមួយក៏ដោយ ក៏ពួកគេអាចនឹងរារាំងនូវនយោបាយមួយផ្នែករបស់លោកដូណាល់ ត្រាំបាន ហើយអាចបើកការស៊ើបអង្កេត ដោយមាន ការបើកសវនាការសាធារណៈ និងធ្វើ របាយការណ៍ស៊ើបអង្កេត ទៅលើរឿង អាស្រូវជាច្រើន ដែលជាប់ពាក់ព័ន្ធនឹង លោកដូណាល់ ត្រាំ ជាពិសេស ទាក់ទង នឹងរឿងរុស្ស៊ីជ្រៀតជ្រែកចូលក្នុងការបោះឆ្នោត ដែលគេសង្ស័យថា ដើម្បីជួយឲ្យ លោកដូណាល់ ត្រាំឈ្នះ កាលពីឆ្នាំ២០១៦ កន្លងទៅ។

ប្រសិនបើគណបក្សប្រជាធិបតេយ្យ អាចដណ្តើមកាន់កាប់បានសភាទាំងពីរ លោកដូណាល់ ត្រាំ អាចនឹងត្រូវប្រឈម នឹងបញ្ហាកាន់តែស្មុគស្មាញទៅទៀត ដោយសារតែព្រឹទ្ធសភាមានអំណាចរាំងខ្ទប់នូវការតែងតាំងចៅក្រម និងរដ្ឋមន្រ្តី។ លើស ពីនេះទៅទៀត សភាទាំងពីរក៏មានអំណាចក្នុងការបោះឆ្នោតទម្លាក់ប្រធានាធិបតី ចេញពីមុខតំណែងបានផងដែរ៕ ម៉ែវ សាធី