ព័ត៌មានទាន់ហេតុការណ៍៖

លោកដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិកក្នុងប្រវត្តិសាស្ត្រដែលត្រូវពលរដ្ឋប្តឹងច្រើនជាងគេ?

ចាប់តាំងពីលោកដូណាល់ ត្រាំឡើងកាន់តំណែង ពីថ្ងៃទី២០ ខែមករា មកទល់ពេលនេះ លោករងការប្តឹងពីពលរដ្ឋ ជាច្រើនករណី ក្នុងនោះមានករណី ចេញច្បាប់ហាមប្រាមជនអន្តោប្រវេសន៍ជាដើម។

នៅពេលនេះដែរ លោករងការប្តឹង ពាក់ព័ន្ធនឹងការហាមឃាត់ បញ្ចេញមតិប្រតិកម្ម ឬប្រឆាំង លោកដូណាល់ ត្រាំ ។ អ្នកប្រើប្រាស់បណ្តាញTwitter ចំនួន៧នាក់ បានដាក់ពាក្យប្តឹង លោកដូណាល់ ត្រាំ តាមរយៈសមាគម Knight First Amendment Institut នៅចំពោះមុខតុលាការក្រុងញូយ៉ក។ ក្រៅពី លោកដូណាល់ ត្រាំ ពាក្យបណ្តឹងនេះ ក៏បានសំដៅចោទប្រកាន់លើរូបលោក Sean Spicer អ្នកនាំពាក្យសេតវិមាន និងលោក Daniel Scavino ដែលជាមន្ត្រីទទួលបន្ទុកបណ្តាញសង្គម របស់សេតវិមាន ផងដែរ។

សមាគមមួយ តំណាងឲ្យអ្នកប្រើប្រាស់បណ្តាញTwitter ដាក់ពាក្យប្តឹង ពីបទរារាំងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បន្ទាប់ពីគណនីTwitter របស់អ្នកប្រើប្រាស់មួយចំនួន ត្រូវបានលោកដូណាល់ ត្រាំ បិទខ្ទប់ មិនឲ្យចូលទៅអាន រឺសរសេរសារបញ្ចេញមតិ លើ ទំព័រ Twitter របស់លោក ដូណាល់ ត្រាំ ឡើយ។ ដើមបណ្តឹង បានលើកឡើងថា ថ្វីត្បិតតែគណនីTwitter របស់លោកត្រាំ គឺជាគណនីផ្ទាល់ខ្លួន តែគណនីនេះ ត្រូវបានសេតវិមាន ប្រើប្រាស់ជាបណ្តាញផ្លូវការរបស់ លោកប្រធានាធិបតី។

NKD-36x6_outline

សមាគមដើមបណ្តឹង បានចោទប្រកាន់លោកប្រធានាធិបតីអាមេរិក និងក្រុមការងាររបស់លោក ថាបានបំពាន នឹងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដែលចែងការពារសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ។ អ្នកប្រើប្រាស់ គណនីTwitter ទាំង៧នាក់ សុទ្ធតែត្រូវបាន លោក ដូណាល់ ត្រាំ បិទខ្ទប់ មិនឲ្យចូលទៅអាន រឺសរសេរបញ្ចេញមតិ នៅលើគណនីរបស់លោក ដូណាល់ ត្រាំទេ។

ជាការពិត ម្ចាស់គណនីនៅលើបណ្តាញសង្គម ម្នាក់ៗមានសិទ្ធិបិទខ្ទប់គណនីរបស់នរណាម្នាក់ មិនឲ្យចូលមកអាន រឺសរសេរបញ្ចេញយោបល់ លើគណនីរបស់ខ្លួន។ ក៏បន្តែសិទ្ធិនេះ អាចត្រូវដកហូត ក្នុងករណី ដែលគណនីនោះ ត្រូវបានចាត់ទុកថាជាវេទិកាសាធារណៈ។ យ៉ាងណាមិញ គណនីTwitter របស់លោកដូណាល់ ត្រាំ ថ្វីបើជាគណនីផ្ទាល់ខ្លួនរបស់លោកមែនពិត តែទីប្រឹក្សារបស់លោកដូណាល់ ត្រាំ ជាច្រើននាក់ ធ្លាប់បានប្រកាសថា រាល់សារដែលសរសេរលើទំព័រTwitter របស់លោកដូណាល់ ត្រាំ គឺមានតំលៃ ជាសារផ្លូវការរបស់សេតវិមាន៕ ម៉ែវ សាធី