ព័ត៌មានទាន់ហេតុការណ៍៖

លោកឌី រ័ត្នខេមរុណ ៖ មន្ត្រីនគរបាល គឺជាកម្លាំងស្នូលដ៏សំខាន់ ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនពលរដ្ឋក្នុងមូលដ្ឋាន

ភ្នំពេញ៖ អភិបាលរងខណ្ឌមានជ័យ លោកឌី រ័ត្នខេមរុណ បានមានប្រសាសន៍ឲ្យដឹងថា មន្ត្រីនគរបាល គឺជាកម្លាំងស្នូលដ៏រឹងមាំ ដែលមានកាតព្វកិច្ចដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាការពារ សន្តិសុខសុវត្ថិភាពជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យរស់នៅប្រកបដោយភាពសុខុដុមរមនា ។

ការថ្លែងរបស់លោកអភិបាលរង ធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងពិធីនាំយកអំណោយជាមួកសុវត្ថិភាពរបស់កងកម្លាំង ក៏ដូចជាថវិការមួយចំនួនចែកជូនដល់ដល់មន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីយកទៅប្រើប្រាស់ នៅថ្ងៃមុខបន្ត ក្នុងទិសដៅសំដៅបម្រើប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួន ។

លោកអភិបាលរងលើកឡើងថា មន្ត្រីនគរបាល គឺជាកម្លាំងស្នូលដ៏រឹងមាំ ដែលកន្លងមកពួកគេបានលះបង់ទាំងកម្លាំងកាយ និងចិត្ត ក៏ជាពេលវេលាជាច្រើន ក្នុងការខិតខំប្រឹងប្រែងខ្នះខ្នែងរក្សានូវសុខសន្តិភាពជូនបងប្អូនពលរដ្ឋ ។ លើសពីនេះ នគរបាលក៏បានដើរតួយ៉ាងសំខាន់ ក្នុងបង្ការបង្ក្រាបបទល្មើសផ្សេងៗ ដូចជាអំពើលួច ឆក់ ប្លន់ និងសកម្មភាពអសន្តិសុខមួយចំនួនទៀតជាដើម ។

លោកអភិបាលរង បញ្ជាក់ថា ការនាំយកសម្ភារះជាមួក ចែកជូនបងប្អូនមន្ត្រីនគរបាលនៅពេលនេះ គឺជាការមើលឃើញនូវការខ្វះខាតជាក់ស្តែងរបស់កម្លាំងនគរបាល ដែលពួកគេជាសេនាធិការដ៏សំខាន់ របស់អាជ្ញាធរខណ្ឌទាំងមូល ក្នុងសកម្មភាពបម្រើប្រជាជន ។ ហើយការចែកជូននៅពេលនេះ គឺជាសកម្មភាព សបញ្ជាក់ពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកអភិបាលរងខណ្ឌ មកលើមន្ត្រីនគរបាល ដើម្បីឲ្យពួកគាត់យកវាទៅប្រើប្រាស់ក្នុងទិសដៅបម្រើប្រជារាស្ត្រនៅក្នុងមូលដ្ឋានទៅថ្ងៃខាងមុខ បន្តទៀត ។

សូមបញ្ជាក់ថា មន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ មានកម្លាំងសរុប២០នាក់ ក្នុងនោះស្រី៣នាក់ ដោយលោកអភិបាលរង បានឧបត្ថម្ភមួកសុវត្ថិភាពប៉ូលិសចំនួន២០មួក ពោលគឺក្នុងម្នាក់ទទួលបានមួយមួក , អង្គរជារួម៥ប៉ាវ ទឹកសុទ្ធជារួម១០កេស និងថវិការក្នុងម្នាក់២ម៉ឺនរៀលផងដែរ ។

ឈ្លៀតក្នុងឱកាសដដែលខាងលើនោះ លោកឌី រ័ត្នខេមរុណ បានស្នើរដល់លោកនាយប៉ុស្តិ៍នគរបាល និងមន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ទាំងអស់ ត្រូវខិតខំបន្តសកម្មភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការបម្រើប្រជាពលរដ្ឋ ដូចជាការធ្វើលិខិតស្នាមឯកសារផ្សេងៗជូនពលរដ្ឋមិនតម្រូវឲ្យយកថវិការ ប៉ុន្តែក្នុងនោះចំពេាះឯកសារ ដែលច្បាប់តម្រូវឲ្យយក គឺពំុត្រូវយកលើសចំនួនដែលបានកំណត់នោះឡើយ ។ បន្ថែមពីនោះ លោកអភិបាលរងក៏បានស្នើរដល់កម្លាំងនគរបាល ត្រូវពង្រាយកម្លាំងរបស់ខ្លួន ចេញល្បាតពួនស្ទាក់ឲ្យបានគ្រប់ច្រកល្ហកទាំងយប់ទាំងថ្ងៃ ដើម្បីជាសកម្មភាពពញ្ញាក់អារម្មណ៍ដល់ក្រុមជនសង្ស័យផ្សេងៗ ដែលប៉ងប្រឹប្រឹត្តិសកម្មភាពបទល្មើសបង្កភាពភ័យខ្លាចដល់ពលរដ្ឋ ដូចជាអំពើចោរកម្ម លួច ឆក់ ប្លន់ ការចរាចរជួញដូរគ្រឿងញៀន ឬក្រុមបងតូចបងធំជាដើម . ល . ។

លើសពីនោះ លោកបន្តថា មន្ត្រីនគរបាល ដែលទទួលវេនប្រចាំការនៅស្នាក់ការប៉ុស្តិ៍ គឺត្រូវនៅរង់ចាំទទួលនូវរាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដើម្បីយកទៅដោះស្រាយជូនពួកគាត់ ឬត្រូវមានវិធានការបន្ត ជៀសវៀងការមិនយកចិត្តទុកដាក់ជាមួយទុក្ខកង្វល់របស់ពលរដ្ឋ នាំឲ្យប្រជាពលរដ្ឋកើតចិត្តខឹងស្អប់ និងរើសអើងទៅលើក្រុមមន្ត្រីនគរបាលថាមិនបានបម្រើពួកគាត់ ឲ្យសមស្របនឹងពាក្យថា មន្ត្រីមានកាតព្វកិច្ចបម្រើ និងដោះស្រាយបញ្ហា និងទុក្ខកង្វល់របស់ពលរដ្ឋ ៕ តាឡឹម