ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំសរសើរដល់ទំនាក់ទំនងល្អប្រសើរជាមួយកូរ៉េខាងជើង នៅអង្គការសហប្រជាជាតិ

រយៈពេល១២ខែក្រោយវាយប្រហារថ្កោលទោសយ៉ាងខ្លាំង ដល់កូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំធំ និងវេទិកាអន្តរជាតិ ពេលនេះ ប្រធានាធិបតី ដូណាល់ ត្រាំ បានវិលត្រឡប់មកកាន់អង្គការសហប្រជាជាតិវិញ នៅថ្ងៃទី១៤ ខែកញ្ញា ដើម្បីប្រកាសពីការផ្លាស់ប្តូរ នៅក្នុងទំនាក់ទំនង ជាមួយសត្រូវទីមួយ កាលពីឆ្នាំ ២០១៧ គឺមេដឹកនាំគីម ជុងអ៊ុន មកជាមិត្តដ៏ល្អវិញ។

ទន្ទឹមនឹងទំនាក់ទំនងរវាងប្រធានាធិបតី ត្រាំ នឹងគីម ជុងអ៊ុន មានភាពល្អប្រសើរឡើងវិញ មេដឹកនាំ ដែលបានចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ មានទីតាំងនៅក្នុងទីក្រុងញូវយ៉ក អាមេរិក នឹងដឹងនៅរឿងរ៉ាវថា ហេតុអ្វីបានជាលោក ត្រាំ នៅតែចាត់ទុក ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី ជាសត្រូវរបស់អាមេរិកដដែល ហើយសកម្មភាពរបស់អ៊ីរ៉ង់ នៅតែមិនអាចទទួលយកបាន ។

កិច្ចប្រជុំកំពូលលើកទីពីរ ត្រាំ-គីម

នៅសប្តាហ៍នេះ លោកត្រាំ មានកាលវិភាគការងារពេញ ដោយចាប់ផ្តើមពីសន្តរកថា ស្តីពីបញ្ហាគ្រឿងញៀនលើពិភពលោក នាថ្ងៃទី២៤ ខែកញ្ញា ។ ទន្ទឹមនឹងសន្តរកថា នៅអង្គការសហប្រជាជាតិ នៅថ្ងៃទី២៥ ខែកញ្ញា លោកត្រាំ នឹងត្រូវជួបពិភាក្សា ទ្វេភាគីជាមួយមេដឹកនាំជាច្រើន នៅជុំវិញពិភពលោក ដូចជា ប្រធានាធិបតីបារាំង លោក ម៉ាក្រុង, នាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី Theresa May នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្ស៊ូ អាបេ ដែលទើបតែជួបពិភាក្សាកាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងមក។

ព្រឹត្តិការណ៍ដែលទទួលបានការតាមដានខ្ពស់បំផុតនោះគឺ ជំនួបរវាងប្រធានាធិបតី ដូណាល់ ត្រាំ នឹង ប្រធានាធិបតី ម៉ូនជេអីន នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ។ តាមគម្រោង លោក ម៉ូន នឹងផ្តល់ព័ត៌មាន ពីលទ្ធផលនៃជំនួបកំពូលជាមួយ មេដឹកនាំ គីម ជុងអ៊ុន កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញាកន្លងមក នៅទីក្រុងព្យុងយ៉ាង ។

នៅក្នុងសន្តរកថារយៈពេល៤១នាទី នៅអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១៧ លោក ត្រាំ បានថ្កោលទោសដល់កូរ៉េខាងជើង ។ ការប្រឈមមុខតានតឹងដាក់គ្នារវាង អាមេរិក នឹងកូរ៉េខាងជើង ស្ទើរតែផ្ទុះសង្គ្រាម និងការគំរាមកំហែងគ្នាទៅវិញទៅមក រវាងមេដឹកនាំទាំងពីរ ។ លោក គីម ជុងអ៊ុន ព្រមានថា នឹងវាយប្រហារ ដោយមីស៊ីល ឆ្លងទ្វីបទៅលើកោះហាវៃ អាមេរិក ។ ចំណែកលោក ត្រាំ វិញ ក៏បានព្រមានថា កូរ៉េខាងជើង នឹងក្លាយជាផេះ បើហ៊ានវាយប្រហារអាមេរិក។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានហៅលោក គីម ជុងអ៊ុន ថាជា «មនុស្សមីស៊ីល» កំពុងតែ អនុវត្តនូវគម្រោង ធ្វើអត្តឃាត។ មេដឹកនាំ គីម ជុងអ៊ុន ក៏បានតបតវិញថា លោកត្រាំ គឺជា មនុស្សសរសៃប្រសាទ ។

នៅពេលនេះ លោកគីម ជុងអ៊ុន បានអវត្តមាននៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដដែល ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនានា បានចាប់អារម្មណ៍ទៅលើជំនួបពិភាក្សាលើកទីពីរ រវាងលោកត្រាំ នឹងលោកគីម ជុងអ៊ុន។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នឹងលើកឡើងពីហេតុផល ថា តើអាមេរិកធ្វើយ៉ាងណា ទើបបញ្ចុះបញ្ចូលកូរ៉េខាងជើង ឲ្យបោះបង់អាវុធបរមាណូ ។ លោក ក៏បានការពារដល់គោលនយោបាយដាក់ទណ្ឌកម្មដើម្បីបង្ខំឲ្យកូរ៉េខាងជើង ផ្លាស់ប្តូរទស្សនៈ ក្នុងនោះ មានទណ្ឌកម្មទៅលើបណ្តាក្រុមហ៊ុនចិន និងរុស្ស៊ី ដែលបាន រកស៊ីជាមួយកូរ៉េខាងជើង។

ពេលនេះគេរង់ចាំនូវជំនួបរវាង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីសម្រេចរៀបចំគោលនយោបាយបន្តទៀត សម្រាប់សន្តិភាពឧបទ្វីបកូរ៉េ ។ ជាមួយនឹងជំនួប ប្រកបដោយជោគជ័យ រវាងមេដឹកនាំកូរ៉េទាំងពីរ នឹងក្លាយជាវិថីឆ្ពោះទៅរកជោគជ័យ នៅក្នុងកិច្ចពិភាក្សាជាមួយ ប្រធិបតីដូណាល់ ត្រាំ ជាលើកទីពីរ ។

កន្លងមក មេដឹកនាំកូរ៉េខាងជើង ចង់បញ្ចប់ការរំសាយអាវុធបរមាណូ នៅក្នុងអាណត្តិរបស់ប្រធានាធិបតី ត្រាំ តែម្តង ដើម្បីបង្វែរគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចវិញ ។ ពលរដ្ឋកូរ៉េខាងជើង រស់នៅក្នុងភាពក្រីក្រ ទុក្ខវេទនា រយៈពេលជិត៧០ឆ្នាំ កន្លងមក ដល់ពេលដែលត្រូវ ទទួលបានសន្តិភាព ពេញលេញ និងការអភិវឌ្ឍ ។

ហេតុអ្វីបានជាអាមេរិក មិនអាច ពិភាក្សាជាមួយអ៊ីរ៉ង់បាន?

អ៊ីរ៉ង់ និងកូរ៉េខាងជើង គឺមានសកម្មភាពដូចគ្នា តែមានស្ថានភាពផ្សេងគ្នា ដោយកូរ៉េខាងជើង មិនមានសត្រូវណាផ្សេងក្រៅពីអាមេរិក ចំណែកប្រទេសក្នុងតំបន់ គឺសុទ្ធតែជាមិត្ត នឹងគាំទ្រដល់កូរ៉េខាងជើងទៀតផង។

ចំណែកអ៊ីរ៉ង់ វិញ មិនមានប្រទេសជិតខាងណាមួយការពារនោះឡើយ គឺជាសត្រូវរបស់អាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក ផងដែរ ដូចជាអ៊ីស្រាអែល សាឌីអារ៉ាប៊ី ជាដើម ។ ទាំងនោះហើយ ទើបអាមេរិក មិនអាចបន្តកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយសារតែសម្ព័ន្ធមិត្តជំរុញឲ្យលោកត្រាំ ត្រូវដកកិច្ចព្រមព្រៀងបរមាណូកាលពីឆ្នាំ២០១៥ចេញ ។

នៅពេលនេះដែរ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានបង្ហើបឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានត្រៀមខ្លួនជាស្រេច ដើម្បីជួបសន្ទនាក្នុងលក្ខណៈស្ថាបនា ជាមួយប្រតិភូ តំណាងប្រទេសអ៊ីរ៉ង់ ហើយជំនួបនេះ អាចនឹងប្រព្រឹត្តទៅ ក្នុងឱកាសនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

ទាក់ទិននឹងរឿងនេះ កាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី នីកគី ហាឡេយ (Nikki Haley) បាននិយាយថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានស្នើឲ្យមានការរៀបចំជំនួបរវាងប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី (Hassan Rouhani) នឹងលោក ត្រាំ នៅក្រោមក្របខ័ណ្ឌនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ប៉ុន្តែការអះអាងនេះ ក្រោយមក ត្រូវបានច្រានចោលដោយក្រសួងការបរទេសអ៊ីរ៉ង់។

គួរជម្រាបថា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៣ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែកញ្ញា ហើយនឹងបន្តរហូតដល់ថ្ងៃទី៥ ខែតុលា ខណៈក្នុងសប្តាហ៍នេះ កិច្ចប្រជុំកម្រិតខ្ពស់ជាច្រើន នឹងចាប់ផ្តើមធ្វើឡើង ៕ ម៉ែវ សាធី