ព័ត៌មានទាន់ហេតុការណ៍៖

លោកប៉ា​ សុ​ជាតិ​វង្ស​ ជំរុញ​ឲ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ គ្លីនិក ​ណា​ដែល​មិន​មានច្បាប់​ត្រឹមត្រូវ​និង​គ្មាន​វិជ្ជាជីវៈ

ភ្នំពេញ​ ៖​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​អំពាវនាវ​ឲ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ ត្រូវ​បង្កើន​ការ​ពង្រឹង​ និង​ត្រួតពិនិត្យ​ ដោយ​ចាត់វិធានការ​ផ្លូវច្បាប់​ ចំពោះ​គ្លីនិក​ ណា​ដែល​មិន​មានច្បាប់​ត្រឹមត្រូវ​ និង​គ្មាន​វិជ្ជាជីវៈ​ រួម​ទាំង​ពេទ្យធ្មេញ​ ប្រសិនបើ​មាន​គ្លីនិក​ណាមួយ​ មិន​គោរព​តាម​លក្ខខណ្ឌ​នោះ​ទេ​ គឺ​ឈាន​ទៅ​ដល់​ការ​បិទ​ចោល​តែ​ម្តង​។​ ការ​ធ្វើ​បែប​នេះ​ ដើម្បី​ពង្រឹង​ និង​ទាក់ទាញ​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​ មក​លើ​វិស័យ​សុខាភិបាល​ឡើង​វិញ​បន្ទាប់​ពី​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោម​នេះ​ វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ មានការ​ រង្គោះ​ រង្គើ​បាត់បង់​ប្រជាប្រិយភាព​ ពី​ក្រុម​ជន​ខិល​ខួច​មួយ​ចំនួន​រួច​មកនេះ​ ។

លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​អំពាវនាវ​ បែប​នេះ​ក៏​ដូច​ជា​ការ​ចាត់វិធានការ​ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ សមិទ្ធិ​ផល​សុខាភិបាល​ ឆ្នាំ​២០១៤​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០១៥​ របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៥​ ។​

លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​បញ្ជាក់​ថា​ វិស័យ​សុខាភិបាល​ ជា​រឿង​សំខាន់​ណាស់​ វា​ខុស​ពី​វិស័យ​អប់រំ​ លោក​បាន​លើក​ឧទាហរណ៍​ថា​ (​ គ្រូបង្រៀន​បង្ហាត់​កូនសិស្ស​ខុស​ អាច​មានឱកាស​កែ​បាន​ ឡើង​វិញ​ ប៉ុន្តែ​បើ​គ្រូពេទ្យ​ធ្វើ​ខុស​វិញ​ គឺ​អាច​បណ្តាល​ឲ្យ​មនុស្ស​ បាត់បង់​ជីវិត​ឬ​ពិការ​ ។​ ដូច្នេះ​សូម​ឲ្យ​មានការ​យកចិត្តទុកដាក់​អំពី​បញ្ហា​នេះ​ឲ្យ​ខ្ពស់​ ។​ បន្ទាប់​ពី​បញ្ហា​អសកម្ម​ជា​ច្រើន​ កើតឡើង​ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា​ ដោយ​ក្នុង​នោះ​ មាន​ទាំង​ការ​ចាក់​ថ្នាំ​ ក៏​ដូច​ជា​ព្យួរសេរ៉ូម​ ដែល​ចម្លង​មេរោគ​អេ​ដស៍​ ទៅ​អ្នក​ភូមិ​ពី​គ្រូពេទ្យ​ឈ្មោះ​ យ៉ែ​ម​ ជ្រិ​ន​ នៅ​ភូមិ​រកា​ ខេត្តបាត់ដំបង​ បណ្តាល​ឲ្យ​អ្នក​ឆ្លង​គិត​ត្រឹម​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៥​ មាន​ចំនួន​រហូត​ដល់​២២៦​នាក់​ ការ​វះកាត់​បណ្តាល​ឲ្យ​ ស្ត្រី​ម្នាក់​ស្លាប់​ នៅ​ខេត្តពោធិ៍សាត់​ នៅ​គ្លីនិក​ពេទ្យ​ចិន​ និង​បញ្ហា​លក់​ថ្នាំពេទ្យ​ដោយ​ផ្សំ​ទុកជា​មុន​ជាដើម​ ។​

លោកប៉ា​ សុ​ជាតិ​វង្ស​ បាន​បញ្ជាក់​ថា​ ដើម្បី​រួមចំណែក​លើក​ស្ទួយ​វិស័យ​នេះ​លោក​សូម​ស្នើ​ឲ្យ​មានការ​បង្កើត​ជា​អ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហម​ នៅ​តាម​ភូមិ​ ដើម្បី​អប់រំ​ណែនាំ​ដល់​ប្រជាជន​អំពី​ការ​ថែទាំ​គភ៌​ ទារក​ និង​សុខភាព​ទៀត​ផង​។

លោក​សុខ​ សុគន្ធ​ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ តាម​របាយការណ៍​ ពី​គណៈកម្មការ​លុប​បំបាត់​ ឱសថ​ក្លែងក្លាយ​ដែល​បាន​ចុះ​ត្រួតពិនិត្យ​ និង​អង្កេត​តាមដាន​ក្នុង​រយៈពេល​ ៦​ខែ​ដើមឆ្នាំ​២០១៤​នេះ​ មាន​ឱសថស្ថាន​៥៩៩​កន្លែង​ ឪ​ស​ថ​ស្ថាន​រង​(​ក​)​ មាន​៥៨​កន្លែង​ ឱសថស្ថាន​រង​(​ខ​)​ មាន​១០០​កន្លែង​ សរុប​៧៥៧​កន្លែង​ បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​ទី​១​ មានការ​កើនឡើង​៤៣​កន្លែង​ គឺ​សុទ្ធតែ​មានច្បាប់​ត្រឹមត្រូវ​ទាំងអស់​ និង​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​មាត់​ ធ្មេញ​ និង​មន្ទីរ​ ព្យាបាល​មាត់​ ធ្មេញ​មាន​ចំនួន​២៥៣​កន្លែង​ មានច្បាប់​ត្រឹមត្រូវ​ តែ​ដោយឡែក​មាន​ជាង​ធ្មេញ​ចំនួន​២៩៨​កន្លែង​ មិន​មានច្បាប់​ត្រឹមត្រូវ​ឱ្យ​បើក​ធ្វើ​អាជីវកម្ម​នៅឡើយ​ ។​

សូម​បញ្ជាក់​ថា​ ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល​នេះ​ដែរ​ បើ​តាម​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ ក្រោយ​ការ​ចូល​ ទៅ​បំភ្លឺ​ជាមួយ​គណៈកម្មាធិការ​ទី​៨​ នៃ​រដ្ឋ​សភាជាតិ​ថា​ គ្រូពេទ្យ​ទាំងអស់​នៅ​កម្ពុជា​មាន​ជាង​២​ម៉ឺន​នាក់​ ដែល​ចំនួន​នេះ​ក៏​នឹង​ត្រូវការ​បន្ថែម​ទៀត ចំណែក​មណ្ឌល​សុខភាព​វិញ​គឺ​មាន​ចំនួន​១០៨០​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​ ៕

img_6312

img_6290