ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

លោករដ្ឋមន្ត្រី លឹម គានហោ អនុញ្ញាតឲ្យលោកស្រី Sunniya Durrani-Jamal ប្រធានស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា និងសហការី ចូលជួបសំដែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យលោកស្រី Sunniya Durrani-Jamal ប្រធានស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា និងសហការី ចូលជួបសំដែងការគួរសម និងរាយការណ៍អំពីការរៀបចំ និងការអនុវត្តយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា២០១៩-២០២៣។

បន្ទាប់ពីបានសម្តែងនូវការស្វាគមន៍ ចំពោះលោកស្រីប្រធានស្ថានតំណាង ADB ប្រចាំកម្ពុជា និងសហការី រួចមក ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកប្រកបដោយប្រសិទ្ធភាពរបស់ ADB ដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ច សង្គមនៃកម្ពុជា រហូតមកដល់ពេលនេះ។ សម្រាប់វិស័យធនធានទឹក និងឧតុនិយម ADB បានរួមចំណែកជួយលើការពង្រឹង និងអភិវឌ្ឍស្ថាប័ន ការកសាងសមត្ថភាព ការរៀបចំគោលនយោបាយនិងបទដ្ឋានគតិយុត្តិ ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានទឹក ដូចជាផ្នែកធារាសាស្រ្តជាដើម។ លោករដ្ឋមន្រ្តី បានជម្រាបអំពីស្ថានភាពអាកាសធាតុដែលប្រទេសកម្ពុជាជួបប្រទះសម្រាប់រដូវប្រាំងនេះ និងបានជម្រាបអំពីវិធានការដែលត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព នូវសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្ដីពីការចាត់វិធានការថែរក្សាទឹកទុក។

លោកស្រីប្រធានស្ថានតំណាង ADB ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យលោកជំទាវ និងសហការី បានចូលរួមសំដែងការគួរសម និងរាយការណ៍អំពីការរៀបចំ និងការអនុវត្តយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា២០១៩-២០២៣ ដើម្បីបន្តរួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា និងជម្រុញកំណើន និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យមានសន្ទុះទៅមុខជានិច្ច។ លោកស្រីប្រធាន បានសង្កត់ធ្ងន់ថា ការបន្តជួយសម្រាប់វិស័យធនធានទឹក ដើម្បីបន្តរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែជារបៀបវារៈសំខាន់ និងជាអាទិភាពរបស់ ADB ដែលកិច្ចការនេះ នឹងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើសន្តិសុខទឹក ការធ្វើឲ្យប្រសើរប្រសិទ្ធភាពផ្នែកធារាសាស្រ្ត ការគ្រប់គ្រងទឹកជំនន់និងគ្រោះរាំងស្ងួត ការគ្រប់គ្រងធនធានទឹកចម្រុះសម្រាប់អាងទន្លេ និងការពង្រឹងស្ថាប័នជាដើម ដែលផ្នែកទាំងនេះ បានកំណត់ក្នុងយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា ២០១៩-២០២៣ ។ លោកជំទាវប្រធានបានជម្រាបអំពីបេសកកម្មនៃគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីពីទីស្នាក់ការកណ្ដាលនាពេលខាងមុខ មកកម្ពុជាដើម្បីពិភាក្សាអំពី Long Term Roadmap (Investment Program on Irrigation and Water Resources Management 2019-2033) ។

សម្រាប់នាពេលខាងមុខ គម្រោងសំខាន់ចំនួន ០២ គឺ គម្រោងធ្វើឲ្យប្រសើរធារាសាស្ត្រកសិកម្ម (Irrigated Agriculture Improvement Project) និងគម្រោងបរិធានហិរញ្ញទានច្រើនយ៉ាងស្តីពីធារាសាស្រ្តនិងការគ្រប់គ្រងធនធានទឹក (Multiple Financing Facility on Irrigation and Water Resources Management Project) ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ៣៨០លានដុល្លារ នឹងត្រូវបានអនុវត្តឆាប់ៗ ក្នុងឆ្នាំ២០១៩នេះ។

លោករដ្ឋមន្រ្តី និងលោកស្រីប្រធានស្ថានតំណាង ADB ប្រចាំកម្ពុជា បានពិភាក្សា និងបានផ្លាស់ប្តូរយោបល់គ្នាលើកិច្ចការ និងកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយម និង ADB នាពេលកន្លងមក ពេលបច្ចុប្បន្ន និងការងារជាអាទិភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការ ដែលត្រូវរួមគ្នាបន្តយកចិត្តទុកដាក់អនុវត្តឲ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាពថែមទៀត សំដៅរួមចំណែកជម្រុញកំណើន និងការរីកចម្រើនប្រកបដាយនិរន្តរភាពនៃសេដ្ឋកិច្ចកម្ពុជាសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត។
លោក រដ្ឋមន្រ្តី និងលោកស្រីប្រធានស្ថានតំណាង ADB ប្រចាំកម្ពុជា បានសំដែងនូវការពេញចិត្តចំពោះជំនួបដែលបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយប្រកបដោយភាពស្និតស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កា។
នៅចុងបញ្ចប់នៃជំនួប លោករដ្ឋមន្រ្តី បានសំដែងនូវសេចក្តីសង្ឃឹម និងមានជំនឿយ៉ាងមុតមាំថា ADB នៅតែជាដៃគូគាំទ្រ និងសហប្រតិបត្តិការមួយដ៏សំខាន់របស់កម្ពុជា សម្រាប់ការបន្តជួយលើការអភិវឌ្ឍលើគ្រប់វិស័យឲ្យកាន់តែខ្លាំងថែមទៀត ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ហើយក្រសួងធនធានទឹក និងឧតុនិយម ត្រៀមខ្លួនជាស្រេចបន្តធ្វើការជាមួយ ADB ដើម្បីជម្រុញការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព សម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ច សង្គមនៃកម្ពុជា ប្រកបដោយចីរភាព៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖