ព័ត៌មានទាន់ហេតុការណ៍៖

លោកសុខ ពេញវុធចុះត្រួតពិនិត្យមើលប្រព័ន្ធលូចាស់ៗក្នុងមូលដ្ឋានខណ្ឌដើម្បីជួសជុលឲ្យដំណើរការឡើងវិញ

ភ្នំពេញ៖ ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់ផែនការ ឲ្យការិយាល័យជំនាញពាក់ព័ន្ធ ចុះពិនិត្យបញ្ហាផ្លូវសំបុកមាន់ និងបញ្ហាលូស្ទះឲ្យបានជាក់ស្តែងបន្ថែមទៀត ដើម្បីបន្តលើកគម្រោងជួសជុលក្នុងសង្កាត់ផ្សេងៗ ដែលនៅសេសសល់ ដើម្បីដោះស្រាយរំដោះបញ្ហាកក់ស្ទះប្រព័ន្ធលូ ។

ជាក់ស្តែង កាលពីថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា ពស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង២រសៀល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ សាធារណកាខណ្ឌ ចុះត្រួតពិនិត្យ ការស្តាអណ្តូងលូ និង អូសកៅឡាក់ នៅបណ្តោយផ្លូវលេខ៩០០ កែងលេខ៩៣ ផ្លូវលេខ៦១ និង ផ្លូវលេខ៨៦ ស្ថិតនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាប់ព្រុំប្រទល់ខណ្ឌឬស្សីកែវ ដើម្បីដោះស្រាយបញ្ហាទឹកដក់លើចិញ្ចើមផ្លូវ អាចបណ្ដាលឲ្យមានទឹកស្អុយហៀរចេញលិចផ្លូវផងដែរ ។

លោកសុខ ពេញវុធ បន្តទៀតថាដើម្បីទប់ស្កាត់និងកាត់បន្ថយផលប៉ះពាល់ដែលកើតមានឡើង បង្កការលំបាក ខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាប៉ះពាល់ដល់ការប្រកបរបររបស់បងប្អូនប្រជាពលរដ្ឋនិងអាជីវករ។ម្យ៉ាងវិញទៀត គឺត្រូវយកចិត្តទុកដាក់បន្ថែម លើការដោះស្រាយបញ្ហាផ្លូវសំបុកមាន់ និងកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុ និង សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ក៏បានលើកសរសើរលោកសុខ ពេញវុធ ថាបើទោះបីមេឃកំពុងធ្លាក់ភ្លៀងជន់លិចផ្លូវយ៉ាងណាក៏ដោយ គេតែឃើញលោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងចុះទៅដោយផ្ទាល់ដើម្បីជួយសម្រួលរើសឬកកាយសម្រាមដែលកក់ស្ទះមុខប្រព័ន្ធលូងាយស្រួលឲ្យទឹកហូរឆាប់ស្រក់ឡើងវិញផងដែរ ជាពិសេសតំបន់ផ្សារកណ្ដាលតែម្តង ៕ ស តារា

NKD-36x6_outline