ព័ត៌មានទាន់ហេតុការណ៍៖

លោកស៊ី ជីនពីង៖ «សង្គ្រាមពាណិជ្ជកម្មទីបំផុតគឺបំផ្លាញខ្លួនឯង»

ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានប្រកាសកាលពីថ្ងៃទី២៥ ខែកក្កដាថា សង្គ្រាមពាណិជ្ជកម្មគួរតែត្រូវបានបោះបង់ចោល ដោយគ្មានអ្នកណាម្នាក់ទទួលបានផលប្រយោជន៍ពីសង្គ្រាមទាំងនោះឡើយ។

សារព័ត៌មាន Bloomberg បានដក ស្រង់សម្តីលោកស៊ី ជីនពីង មកបញ្ជាក់ថា ប្រទេស ដែលដើរតាមផ្លូវនៃសង្គ្រាមពាណិជ្ជកម្មនៅទីបំផុតបំផ្លាញតែខ្លួនឯងប៉ុណ្ណោះ។ ការលើកឡើងខាងលើរបស់ប្រធានាធិបតីចិន គឺនៅក្នុងកិច្ចប្រជុំ កំពូលប្រទេសទាំង៥ដែលមានសេដ្ឋកិច្ចរីកចម្រើនថ្មី ក្នុងនោះ មានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិក ខាងត្បូង ឬហៅថា BRICS ដែលបានធ្វើ ឡើងនៅក្នុងទីក្រុង Johannesburg។

ប្រធានាធិបតីចិនបានថ្កោលទោសយ៉ាងខ្លាំង ដល់គោលនយោបាយ ពាណិជ្ជកម្ម របស់ប្រធានាធិបតីដូណាល់ ត្រាំ ដែលបង្កឲ្យមានវិវាទនៅទូទាំងពិភាពលោក ក្នុងនោះមានទាំងប្រទេសសម្ពន្ធមិត្តអាមេរិកនៅអឺរ៉ុបផងដែរ។

ថ្នាក់ដឹកនាំក្រុមប្រទេស BRICS ដែល មាន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Poutine ប្រធានាធិបតីចិន លោក Xi Jinping ប្រធានាធិបតី Brésil លោក Michel Temer ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa និងនាយករដ្ឋ មន្ត្រីឥណ្ឌាលោក Narendra Modi បានរូមប្រជុំគ្នានៅក្នុងជំនួបកំពូលលើកទី១០នេះ នៅក្នុងទីក្រុង Johannesburg នៃប្រទេស អាហ្រិ្វកខាងត្បូង។ គោលដៅនៃជំនួប លើកនេះ គឺ ដើម្បីជជែកពិភាក្សាគ្នា អំពី កិច្ចសហការ ដើម្បី កំណើនរួមនិងភាពរុង រឿងសម្បូណ៌បែបមួយ។

ប៉ុន្តែកាលពីខែមិថុនាមុន ដោយបាន បរិហារ អំពីនយោបាយអាត្មានិយមរបស់លោកប្រធានាធិបតីអាមេរិក ដែលក្រុម ប្រទេស Brics ចាត់ទុកថា អាចប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ចសកលលោក ក្រុម ប្រទេស BRICS បានចាប់ផ្តើមបញ្ចេញ សំឡេងរបស់ខ្លួនដែរ។

កាលពីប៉ុន្មានខែមុន ប្រធានាធិបតី អាមេរិក លោក Donald Trump បានប្រកាសសង្គ្រាមជាមួយគូប្រជែងពាណិជ្ជកម្មដ៏ សំខាន់ៗរបស់អាមេរិក ដូចជាទីក្រុងប៉េ កាំង Bruxelles និងមូស្គូនាំមុខគេ។

គួររំលឹកថា ក្រោយពីបានដាក់ពន្ធគយទៅលើដែកថែបនិង អាលុយមីញ៉ូម របស់ ប្រទេសចិនរួចមក សហរដ្ឋអាមេរិក បាន គំរាមថា ចាប់ពីអំណឹះតទៅ អាមេរិកនឹង ដំឡើងពន្ធថែមទៀត ទៅលើការនាំចូល យានយន្តមកពីអឺរ៉ុប ហើយនឹងដាក់ទណ្ឌកម្មទៅលើក្រុមប្រទេសណាដែលធ្វើ ពាណិជ្ចកម្មជាមួយអុីរ៉ង់និងដាក់ពន្ធពិន័យលើការនាំចូលទំនិញទាំងអស់ដែលមកពីប្រទេសចិន។

កាលពីឆ្នាំ២០១៧ មុននេះ រដ្ឋាភិបាល លោកដូណាល់ត្រាំ បានបរិហារថា ការនាំចូលទំនិញចិនចូលមកក្នុងទឹកដីអាមេរិក មានទំហំលើសទំនិញអាមេរិកដែលបាននាំចេញទៅចិនរហូតទៅដល់ ៣៧៦ ពាន់ លានដុល្លារអាមេរិក។

ជាការប្រឆាំងតបតអាមេរិកវិញ ប្រទេស ចិនបានបរិហារពីឆន្ទៈ របស់ទីក្រុងវ៉ាស៊ីន តោន នៅក្នុងការបង្កសង្គ្រាមពាណិជ្ជកម្មដ៏អាក្រក់បំផុតមួយនៃប្រវត្តិសាស្រ្តនិងបានវាយបកតបវិញថា “ប្រទេសចិននឹងយក ពន្ធលើផលិតផលអាមេរិក ថ្មីៗថែមទៀត។ ក្នុងន័យនេះហើយ បានជា ប្រទេសចិន គាំទ្រឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងរង្វង់នៃក្រុមប្រទេស BRICS ។

កន្លងមកថ្មីៗប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានស្នើឲ្យលុបចោល ការ ដំឡើងពន្ធដល់ប្រទេសជាសម្ពន្ធមិត្តនៅ តំបន់អឺរ៉ុប ក្រោយពេលដែលប្រទេសអឺរ៉ុប បាននាំគ្នាចាកចេញពីអាមេរិក ដោយសារតែសកម្មភាដំឡើងពន្ធទាំងនោះ។ អឺរ៉ុប ជាតំបន់ ដែលមានសក្កានុពលសេដ្ឋកិច្ច ដែលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនចង់ បង្កើនទំនាក់ទំនង ហើយនៅពេលដែល ប្រឈមមុខក្នុងវិស័យពាណិជ្ជកម្ម ជាមួយ ទីក្រុងវ៉ាស៊ីនតោន អឺរ៉ុបក៏ងាកទៅរកដៃគូ ផ្សេង។

ប្រទេសអឺរ៉ុបមួយចំនួន បានងាកទៅរក ចិន ដែលជាប្រទេសមានទីផ្សារប្រើប្រាស់ច្រើន ដើម្បីជំនួសតំណែងរបស់អាមេរិក ។ ចំណុចទាំងនោះហើយ បានជាអ្នកវិភាគ ជាច្រើន និងមេដឹកនាំជុំវិញពិភពលោក យល់ថា សកម្មភាពរបស់លោកត្រាំ មិន ខុសអ្វីពីការធ្វើបាបខ្លួនឯងនោះឡើយ ។

ក្រោយមានការព្រមានដំឡើងពន្ធពី សហភាពអឺរ៉ុប នៅទីបំផុតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យមានការលុបចោលទៅវិញទៅមកលើការដំឡើងពន្ធ និងរបាំងពាណិជ្ជកម្ម នៅក្នុងការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ក្នុង គោលបំណងផ្ដល់នូវការធ្វើពាណិជ្ជ កម្មដោយយុត្តិធម៌។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃ ពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ ថ្លែងបែបនេះ មុននឹងលោកត្រូវជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការអឺរ៉ុប លោក Jean-Claude Juncker ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេ រិក)។ ថ្លែងនៅលើ Twitter ប្រធានាធិបតី អាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖«សហភាពអឺរ៉ុប កំពុងធ្វើដំណើរមកកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃស្អែកនេះ (ថ្ងៃពុធ) ដើម្បីចុះកិច្ចព្រម ព្រៀងពាណិជ្ជកម្ម។ ខ្ញុំ មានគំនិតមួយសម្រាប់ពួកគេ នោះគឺសហ រដ្ឋអាមេរិក និងសហភាពអឺរ៉ុប គួរតែលុប ចោលការដំឡើងពន្ធ និងរបាំងពាណិជ្ជកម្ម ដាក់គ្នាទៅវិញទៅមក ដើម្បីធ្វើពាណិជ្ជកម្មដោយយុត្តិធម៌…»។

គួរបញ្ជាក់ថា ប្រធានសភាអាមេរិក លោក Paul Ryan ក៏បានបង្ហាញពីក្ដីសង្ឃឹមផងដែរថាភាពតានតឹងផ្នែកពាណិជ្ជកម្ម បច្ចុប្បន្ន រវាងសហរដ្ឋអាមេរិក នឹងសហ ភាពអឺរ៉ុប នឹងត្រូវបិទបញ្ចប់តាមរយៈការ លុបចោលរបាំងពាណិជ្ជកម្ម និងការដំឡើងពន្ធដាក់គ្នាទៅវិញទៅមក៕ ម៉ែវ សាធី