ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានដឹកនាំគណៈប្រតិភូ ចូលរួមបុណ្យសព លោក ស ថេង

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹកនាំ គណៈប្រតិភូ ចូលរួមបុណ្យសព លោក ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលមរណៈភាពកាលពីថ្ងៃអាទិត្យ ២រោច ខែទុតិយសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ វេលាម៉ោង ១០:៣៩នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ។

សពត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមបែបប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ លេខ ១០០ មហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីក៏បានឧទ្ទិស បួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ លោក ស ថេង ឆាបបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕