ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

លោកស្រីអង់សាន ស៊ូជី រងការរិះគន់យ៉ាងខ្លាំងក្នុងកិច្ចប្រជុំនៅសិង្ហបុរីពាក់ព័ន្ធក្រុមជនជាតិរ៉ូហ៊ីងយ៉ា

ចែករំលែក៖

កន្លងមកសហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលមិនអាចដោះស្រាយបញ្ចប់វិបត្តិពាក់ព័ន្ធក្រុមជនជាតិ រ៉ូហ៊ីងយ៉ា ។ ចំណែក នៅក្នុងកិច្ចប្រជុំ អាស៊ាន លើកទី៣៣នៅ ក្នុងប្រទេសសិង្ហបុរី លោកស្រីបន្តរងការរិះគន់ពីបណ្តាប្រទេសក្នុងតំបន់ ពិសេសគឺ ម៉ាឡេស៊ី ដែលក្នុងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកមហាធៀរ មហាម៉ាត់ បានរិះគន់ ខ្លាំងៗ ចំពោះជំហររបស់លោកស្រីអង់ សាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ សម្រាប់ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី លោក ស្រីស៊ូជី កំពុងព្យាយាមនិយាយការពារនូវអ្វីដែលគេមិនអាចការពារ បិទបាំងបាន។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកមហា ធៀរ មហាម៉ាត់ លែងខ្វល់នឹងទម្លាប់ ប្រពៃណីរបស់ អាស៊ាន ដែលរហូតមក តមសំដី មិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសសមាជិកអាស៊ាន។ កាលពី ថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា នៅតែមួយម៉ោង មុនឡើងទៅឈរ ជិតលោកស្រី អង់សាន ស៊ូជី នៅលើវេទិការបស់មេដឹកនាំប្រទេសសមាជិកអាស៊ាន ប្រមុខរដ្ឋាភិបាល ម៉ាឡេស៊ី បាននិយាយរិះគន់ខ្លាំងៗ លោក ស្រីអង់សាន ស៊ូជី ដែលមិនឃើញចាត់ វិធានការអ្វី នៅពេលកងទ័ពបើកប្រតិបត្តិការបណ្តេញជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ិស្លាម ចេញពីតំបន់រ៉ាឃីន ភាគខាង ជើងមីយ៉ាន់ម៉ា។

នៅចំពោះមុខអ្នកកាសែត លោកមហា ធៀរ មហាម៉ាត់ ប្រមុខរដ្ឋាភិបាលរបស់ ប្រទេសដែលសម្បូរដោយប្រជាជនកាន់សាសនាអ៊ិស្លាម បាននិយាយថា លោក ខកចិត្តខ្លាំងណាស់នឹងលោកស្រីអង់សាន ស៊ូជី។ ដោយនិយាយយោងដល់លោកស្រី ស៊ូជី ដែលធ្លាប់ជាប់ឃុំក្នុងគេហដ្ឋាន ក្រោមរបបសឹកមីយ៉ាន់ម៉ា លោកមហាធៀរ បានវាយតម្លៃថា អ្នកដែលធ្លាប់ជាប់ឃុំឃាំងគួរតែយល់ច្បាស់ពីការឈឺចាប់ ហើយនិងមិនគួរយកការឈឺចាប់ទាំងនោះមកលេងសើចនោះទេ។

លោកមហាធៀរ មហាម៉ាត់ បានអំពាវ នាវផងដែរ ឲ្យមីយ៉ាន់ម៉ាទទួលយកប្រជា ជនរ៉ូហ៊ីងយ៉ាជាជនជាតិរបស់ខ្លួន គឺដូច កាលដែលម៉ាឡេស៊ីធ្លាប់បានធ្វើនៅក្នុង អតីតកាល។ “នៅពេល ទទួលបានឯក រាជ្យនៅឆ្នាំ ១៩៥៧ ពីចក្រភពអង់គ្លេស ម៉ាឡេស៊ី បានទទួលយកប្រជាជនបរទេស ជាច្រើនជាតិសាសន៍។ ឥឡូវនេះជនបរទេសទាំងនោះបានក្លាយជាជនជាតិម៉ាឡេស៊ី និងដើរតួយ៉ាងសំខាន់ក្នុងសង្គមម៉ាឡេស៊ី” នេះជាប្រសាសន៍របស់លោកនាយករដ្ឋ មន្រ្តីមហាធៀរ។

នៅក្នុងប្រទេសមីយ៉ាន់ម៉ា អ្នកគាំទ្រ លោកស្រីអង់សាន ស៊ូជី ជាច្រើនបាន និយាយការពារជ័យលាភីណូបែលសន្តិ ភាព ថា លោកស្រីមានឥទ្ធិពលតិចតួចទៅលើពួកកងទ័ព ដែលនៅតែមានអំណាច នយោបាយ ក្តោបក្តាប់ខ្លាំងក្នុងប្រទេស។ ប៉ុន្តែ សម្រាប់អ្នករិះគន់នៅបរទេស លោក ស្រីអង់សាន ស៊ូជី បរាជ័យមិនអាចប្រមូលសំឡេងគាំទ្រប្រជាធិបតេយ្យរបស់លោកស្រី ដើម្បីដាក់គំនាបទៅលើកងទ័ព ដែលមន្រ្តីអង្គការសហប្រជាជាតិចោទប្រកាន់ថា បានអនុវត្តនយោបាយបោសសម្អាតជាតិសាសន៍ នៅរដ្ឋរ៉ាឃីន។ ដោយសារតែវិបត្តិ រ៉ូហ៊ីងយ៉ានេះ អង្គការការពារសិទ្ធិមនុស្ស Amnesty International បានប្រកាសដក ហូតមកវិញ នូវរង្វាន់សិទ្ធិមនុស្ស ពីលោក ស្រីអង់សាន ស៊ូជី ក្នុងហេតុផលថា លោក ស្រី លែងជានិមិត្តរូបនៃក្តីសង្ឃឹម ភាពក្លា ហាន និងមោះមុត ក្នុងការការពារសិទ្ធិ មនុស្សដូចមុនទៀតហើយ។

នៅក្នុងលិខិតផ្ញើជូនទៅលោកស្រីអង់ អ៊ុងសាន ស៊ូជី កាលពីថ្ងៃចន្ទ អង្គការ Amnesty Internationalបានពន្យល់ថា គេបាន ដកហូតមកវិញ រង្វាន់ “ទូតមនសិការ” Ambassador of Conscience ពីលោកស្រី ដែលគេបានប្រគល់ជូនលោកស្រី កាលពី ឆ្នាំ ២០០៩ នៅពេលដែលលោកស្រី កំពុងជាប់ឃុំក្នុងគេហដ្ឋាននៅឡើយ៕ ម៉ែវ សាធី


ចែករំលែក៖