ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីអនុរដ្ឋលេខាធិការក្រសួងការបរទេសសហរដ្ឋអាមេរិក Catherine Novelli នឹងធ្វើទស្សនកិច្ចនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី Catherine Novelliអនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ចថាមពលនិងបរិស្ថាន (ជាមន្រ្តីជាន់ខ្ពស់បំផុតផ្នែកសេដ្ឋកិច្ចនៅក្នុងក្រសួងការបរទេសអាមេរិក) នឹងធ្វើទស្សកិច្ចនៅកម្ពុជានៅថ្ងៃទី ៩ និងទី ១០ ខែមិថុនាឆ្នាំ ២០១៦ បន្ទាប់ពីបានចេញពីប្រទេសចិនដែលនៅទីនោះលោកស្រីបានចូលរួមក្នុងកិច្ចពិភាក្សាលើកទី ៨ ផ្នែកសេដ្ឋកិច្ចជាយុទ្ធសាស្រ្តរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។

នៅថ្ងៃទី ៩មិថុនាលោកស្រីអនុរដ្ឋលេខាធិការនឹងទៅមើលតំបន់ជំរកសត្វព្រៃនៅព្រៃឡង់ហើយជួបជាមួយនឹងក្រុមអនុរក្សព្រៃឈើក្នុងមូលដ្ឋានដើម្បីនិយាយពីការអនុវត្តច្បាប់ព្រៃឈើនិងសកម្មភាពដែលមានបំណងកាត់បន្ថយការបរបាញ់សត្វដោយខុសច្បាប់ ការជួញដូរសត្វព្រៃនិងការកាប់ឈើខុសច្បាប់ដើម្បីបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការការពារទីជំរកសត្វព្រៃដែលប្រឈមនឹងការហិនហោចព្រៃឈើ។ លោកស្រីក៏នឹងជួបផងដែរជាមួយឯកឧត្តមសុខចិន្តាសុភាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងឯកឧត្តម កឹមស៊ីថនរដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្មដើម្បីពិភាក្សាពីបញ្ហានានាផ្នែកវិនិយោគនិងពាណិជ្ជកម្ម។ លោកស្រីអនុរដ្ឋលេខាធិការនឹងចូលរួមផងដែរក្នុងពិធីភោជនាហារពេលល្ងាច ជាមួយសហគ្រិនជាស្រ្តី។

នៅថ្ងៃទី ១០ ខែមិថុនាលោកស្រីអនុរដ្ឋលេខាធិការNovelliនឹងចូលរួមក្នុងក្រុមពិភាក្សាដើម្បីគូសបញ្ជាក់ពីនយោបាយស្ថាប័ននិងភាពជាដៃគូចាំបាច់សំរាប់កសាងសេដ្ឋកិច្ចដែលមានវិស័យចំរុះច្រើននិងមានភាពជឿនលឿននៅកម្ពុជា។ បន្ទាប់មកលោកស្រីនឹងធ្វើដំណើរទៅខេត្តសៀមរាបដើម្បីមើលការជួសជុលប្រាសាទភ្នំបាក់ខែងនិងប្រាសាទដទៃទៀតក្រោមជំនួយថវិការបស់សហរដ្ឋអាមេរិកនៅក្នុងសួនឧទ្យានអង្គរ។

ចំពោះព័ត៌មានបន្ថែមស្តីពីដំណើររបស់លោកស្រីអនុរដ្ឋលេខាធិការNovelliសូមតាមដាន Twitter តាម @CathyNovelliឬទាក់ទងឈ្មោះ Ana Himelicតាមអ៊ីម៉េលHimelicA@state.gov ៕

catherine_novelli_2


ចែករំលែក៖