ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី​អភិបាលក្រុង​ច្បារមន​ជួយ​មើល​បរិវេណ​ជុំវិញ​ផ្សារ​កំពង់​ស្ពឺ​ផង​

​ខេត្ដកំពង់ស្ពឺ​ ៖​ ប្រជាពលរដ្ឋ​ និង​ក្រុម​ អាជីវករ​លក់ដូរ​នៅ​ផ្សារ​កំពង់ស្ពឺ​រិះគន់​ អាជ្ញាធរ​ខេត្ដកំពង់ស្ពឺ​ថា​ មិន​បាន​យក​ ចិត្ដ​ទុកដាក់​ចំពោះ​សកម្មភាព​កកស្ទះ​ ចរាចរណ៍​នៅ​ជុំវិញ​ផ្សារ​កំពង់ស្ពឺ​ដែល​ ក្រុម​អ្នក​ដេញថ្លៃ​ភាស៊ី​ផ្ញើ​កង់​ ម៉ូតូ​បាន​ យក​ចិញ្ចើម​ផ្លូវ​ធ្វើ​ជា​ចំណត​ពាសពេញ​ បណ្ដាល​ឱ្យ​ពិបាកធ្វើ​ចរាចរណ៍​ ។​

​ពលរដ្ឋ​ដែល​មក​ទិញ​បន្លែបង្ការ​ ត្រី​ សាច់​នៅ​ផ្សារ​កំពង់ស្ពឺ​ជា​រៀងរាល់ថ្ងៃ​បាន​ និយាយ​ថា​ អាជ្ញាធរ​ក្រុង​ច្បារមន​ក៏​ដូច​ ជា​អាជ្ញាធរ​ខេត្ដកំពង់ស្ពឺ​ល្មម​ដល់​ពេល​ ចុះ​ពិនិត្យ​ទី​បរិវេណ​ផ្សារ​កំពង់ស្ពឺ​ម្ដង​ ហើយ​ ។​ សព្វ​ថ្ងៃនេះ​ក្រុម​ដេញថ្លៃ​ផ្ញើ​កង់​ ម៉ូតូ​បាន​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​ជា​កន្លែង​ចត​ រថយន្ដ​ ម៉ូតូ​ កង់​ពាស​វាល​ពាស​កាល​ ពិបាកធ្វើ​ដំណើរ​ឆ្លងកាត់​ ។​ ចំណែកឯ​ តម្លៃ​ផ្ញើ​កង់​ ម៉ូតូ​ រថយន្ដ​ក៏​យក​លើស​ពី​ សៀវភៅ​បន្ទុក​ដែល​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​កំណត់​គឺ​ឱ្យ​យក​៥០០​ រៀល​ ប៉ុន្ដែ​ក្រុម​ដេញថ្លៃ​ភាស៊ី​បាន​យក​ ១០០០​រៀល​ឯណោះ​ ។​

ករណី​នេះ​ដែរ​នគរបាល​សណ្ដាប់ធ្នាប់​ មិន​បាន​មើល​ផង​ទេ​ចំពោះ​ការ​កកស្ទះ​ ចរាចរណ៍​រាល់​ព្រឹក​នៅ​ផ្សារ​កំពង់ស្ពឺ​ ។​ ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លង​ កាត់​ផ្សារ​កំពង់ស្ពឺ​ អាជីវករ​លក់ដូរ​នៅ​ ផ្សារ​បាន​ស្នើ​សុំ​ដល់​សាលាក្រុង​ច្បារមន​ និង​អាជ្ញាធរ​ខេត្ដកំពង់ស្ពឺ​មេត្ដា​ជួយ​ សម្រួល​ករណី​កកស្ទះ​ចរាចរណ៍​ និង​ការ​ យក​ចិញ្ចើម​ផ្លូវ​ធ្វើ​ជាទី​ចំណត​ផ្ញើ​កង់​ ម៉ូតូ​ រថយន្ដ​ផង​ ៕ សេនា​ស័ក្ដិ​

senasak