ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ សហគមន៍ខ្មែរឥស្លាមឃុំបឹងចាត់ទុកការទៅបោះឆ្នោតនៅថ្ងៃទី២៩កក្កដា២០១៨សំខាន់ស្មើនឹងអាយុជីវិតរបស់ខ្លួន

ខេត្តកំពង់ធំ៖ សហគមន៍ខ្មែរឥស្លាម ដែលមានចាស់ព្រឹទ្ធាចារ្យ សកម្មជន និង តំណាងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ទូទាំងឃុំបឹង ជាច្រើនកុះករ បានមកជួបជុំគ្នានៅបរិវេណព្រះវិហារឥស្លាមភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីចូលរួមអបអរសាទរ ពិធីសំណេះសំណាល និងឃោសនារកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និង លោកស្រី កាលពីថ្ងៃ៩កើត ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២១ កក្ដដា ឆ្នាំ២០១៨ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ សហគមន៍អ្នកឃុំបឹង បានបានចាត់ទុកការទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩កក្កដា ឆ្នាំ ២០១៨នេះ គឺកាតព្វកិច្ចសំខាន់ ស្មើនឹងជីវិត ព្រោះមានតែការសម្រេចចិត្តបោះឆ្នោតជ្រើស រើសមេដឹកនាំរបស់ខ្លួននេះហើយ ដែលជាការសម្រេចជោគវាសនា សម្រាប់ជីវិតរស់នៅរបស់ពួកគេ ថាតើនឹងមានវាសនាយ៉ាងណានោះ ហើយបើសិនជាការសម្រេចចិត្តខុស គឺសម័យកាលសង្គ្រាមយុងឃ្នង ប្រាកដជានឹងមកជួបពួកគេវិញ ដូចមានបទពិសោធន៍រួចកាលសម័យសង្គ្រាម ដែលបានយាយីកម្ពុជារាប់ទស្សវត្ស។

លោក អូស្មាន ហាស្សាន់ បានកោតសរសើរដល់អ្នកឃុំបឹង ដែលជានិច្ចកាលតែងតែបានគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយផ្តល់ការទុកចិត្តផ្ញើវាសនានៅជាមួសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។ លោកបន្តថា៖ សន្តិភាព និង ការអភិវឌ្ឍន៍មកដល់សព្វថ្ងៃនេះ ក្រៅពីការលះបង់របស់គណបក្សប្រជាជនកម្ពុជា វាក៏ជាចំណែកនៃការ ចូលរួមកសាងដោយឆន្ទៈរបស់បងប្អូន ជនរួមជាតិ និងការផ្តល់កម្លាំងចិត្ត ជាពិសេសការបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ៕ សំរិត