ព័ត៌មានទាន់ហេតុការណ៍៖

លោកអ៊ិន ចាន់រតនាកាន់តែអស់សង្ឃឹម ពីស្ថានភាពជំងឺម្តាយ

ភ្នំពេញ៖ តារាចម្រៀង និងសម្តែង អ៊ិន ចាន់រតនា បានបង្ហាញអារម្មណ៍សោកសង្រេង និងអស់សង្ឃឹមកាន់តែខ្លាំង ក្រោយពីស្ថានភាពជំងឺមហារីករបស់ម្តាយបង្កើតជាទីស្រឡាញ់ហាក់មិនមានភាពប្រសើរឡើង ។ លោកថាពិតជាពិបាកនឹងទទួលយកអារម្មណ៍បែបនេះ ខណៈដែលលោកធ្លាប់កំព្រាឪពុកអស់រយៈពេល១០ឆ្នាំមកហើយ ។

ម្តាយតារាសម្តែង អ៊ិន ចាន់រតនា បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយអស់រយៈពេល២សប្តាហ៍មកហើយ ក្រោយពីជំងឺមហារីកធ្វើទុក្ខខ្លាំង ។ ដោយសារស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរវេជ្ជបណ្ឌិតបានឲ្យក្រុមគ្រួសារត្រៀមចិត្ត និងដឹកម្តាយវិលមកលំនៅដ្ឋានវិញដើម្បីឲ្យធម៌តាមប្រណៃណីព្រះពុទ្ធសាសនា ។

លោកថា ពិបាកនឹងពណ៌នាពីអារម្មណ៍មួយនេះ ហើយក៏ពិបាកចិត្តខ្លាំងណាស់ដែរ នឹងធ្វើឲ្យលោកកាន់តែអស់សង្ឃឹម ។ លោកថាកន្លងមកម្តាយរបស់លោកបានលះបង់ តស៊ូច្រើនសម្រាប់គ្រួសារ ទាំងធ្វើជាម្តាយផង ជាឪពុកផងរែកពន់ការងារមិនខ្លាចនឿយហត់ ។

លោកថាមួយរយៈនៃការចូលសង្គ្រោះបន្ទាន់របស់ម្តាយគឺលោកបាត់បង់អស់នូវកម្លាំងចិត្ត និងមិនបានចេញធ្វើកិច្ចការងារសិល្បៈដូចរាល់ដង ។ លោកថាថ្ងៃទី២៨ខែសីហានេះលោកបានទទួលយកការចូលរួមសម្តែង និងប្រកួតសមត្ថភាពសិល្បៈក្នុងកម្មវិធីអប្សរា StarAward របស់ទូរទស្សន៍អប្សរា ប៉ុន្តែលោកសម្រេចចិត្តស្នើសុំលប់ចោលវិញក្រោយពីស្ថានភាពជំងឺរបស់ម្តាយកាន់តែធ្ងន់ធ្ងរ ។ លោកថា ពេលនេះម្តាយលោកត្រូវបានដឹកត្រឡប់ទៅគេហដ្ឋាននៅជិតផ្សារ CKថ្មីផងដែរ៕ វឌ្ឍនា