ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តសេនីយ៍ត្រីស្នងការរងជំរុញឲ្យកម្លាំងនគរបាលខណ្ឌដង្កោបន្តអនុវត្តន៍ច្បាប់ចរាចរណ៍ និងភូមិ សង្កាត់មានសុវតិ្ថភាព

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសកិ្ត និងប្រគល់ប័ណ្ណសសើរដល់មន្ត្រីការិយាល័យជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃពុធ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរង ទទួលផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានជំរុញឲ្យមន្ត្រីការិយាល័យជំនាញខណ្ឌដង្កោ និងនគរបាលប៉ុសិ៍្តរដ្ឋបាលទាំងអស់ត្រូវយកចិត្តទុកដាក់បានខ្លាំងក្លា និងអនុវត្តន៍នូវគោលនយោបាយភូមិសង្កាត់មានសុវតិ្ថភាពឲ្យដូចភ្លៀងរលឹម យកចិត្តទុកដាក់ទៅលើគោលការណ៍ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៣ និងជាពិសេសបន្តអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដែលបញ្ហាចរាចរណ៍នេះជាករណីកើតខ្លាំងជាងបញ្ហាគ្រឿងញៀន ។

លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ ក៏បានធ្វើការកោតសសើរដល់នគរបាលខណ្ឌដង្កោដែលបានបង្ក្រាប់បទល្មើសបានល្អប្រសើរ ក្នុងករណីបទល្មើសកើតមាន៤៦លើក ហើយសមត្ថកិច្ចជំនាញបង្ក្រាបបាន៤៥លើក បើគិតជាភាគរយតិចបំផុតដែលនៅសេសសល់ ។ ក្នុងនោះលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ក៏បានធ្វើការផ្តាំផ្ញើដល់មន្ត្រីដែលទើបតម្លើងឋានន្តរសកិ្ត និងផ្ទេរភារកិច្ចធ្វើយ៉ាងត្រូវខិតខំបន្តបំពេញភារកិច្ចរបស់ឲ្យបានភ្ជាប់ភ្ជួន ខិតខំបម្រើសេវាសាធារណៈដល់ពលរដ្ឋឲ្យបានល្អប្រសើរ ចៀសវាងយកតួរនាទីភារកិច្ចទៅអនុវត្តន៍ប្រាកចាកខុសតួរនាទីជាកងកម្លាំងដែលអុវត្តច្បាប់ នាំឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរនគរបាលជាតិរបស់ក្រសួងមហាផ្ទៃឲ្យសោះ ។

ការតម្លើងឋានន្តរសកិ្តនាពេលនេះសបញ្ជាក់យ៉ាងច្បាស់ពីថ្នាក់លើ ដែលបានយកចិត្តទុកដាក់ដល់មន្ត្រីថ្នាក់ក្រោមខិតខំបំពេញភារកិច្ចក្នុងមូលដ្ឋានបានល្អប្រសើរ ។ ត្រូវការពារដាច់ខាត់នូវឧបាយកលទុច្ចរឹតរបស់ក្រុមអគតិបក្សប្រឆាំង ដែលព្យាយាមផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងការពារសន្តិភាពដល់ពលរដ្ឋ ដើម្បីប្រទេសកំពុងមានការអភិវឌ្ឍន៍ ព្រោះថាបើគ្មានសន្តិភាពទេនោះ ក៏មិនមានឱកាសអភិវឌ្ឍន៍ប្រទេសបានដែរ ។

លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ក៏បានក្រើនរំលឹកទប់ស្កាត់ករណីគ្រឿងញៀនដើម្បីកាត់បន្ថយបទល្មើស ដែលភាគច្រើនបទល្មើសកើតចេញពីកត្តាគ្រឿងញៀន ។ ក្នុងនោះលោកឧត្តមសេនីយ៍ត្រីស្នងការរងក៏បានជំរុញឲ្យកងកម្លាំងយកចិត្តទុកដាក់ទៅលើ ការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ទាំងមុនពេលបោះឆ្នោត ពេលឃោសនាបោះឆ្នោត និងក្រោយបោះឆ្នោត ។

ដោយឡែកលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោក៏បានឲ្យដឹងថា លទ្ធផលស្នាដៃសម្រេចបានក្នុងឆ្នាំ២០១៨នេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោបានបំពេញតួនាទីយ៉ាងសកម្មក្នុងការចូលរួមសហការការពារស្ថេរភាពនយោបាយ និងការពារសន្តិសុខ សុវតិ្ថភាព សណ្តាប់ធ្នាប់របៀបរាបរយក្នុងមូលដ្ឋានបានល្អប្រសើរ ។ ក្នុងនោះពិនត្យលើរូបភាព និងសកម្មភាពនៃបទល្មើសព្រហ្មទណ្ឌ ពិសេសបទល្មើសឧក្រឹដ្ឋក្រោមការចង្អុលបង្ហាញពីឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌដង្កោបានកែសម្រួលផែនការបង្កាបង្ក្រាបបទល្មើសព្រហ្មទណ្ឌតាមរូបមន្ត(៥វិធានការបង្ការ និង២វិធានការបង្ក្រាប) ។

លោកអធិការនគរបាលដង្កោ បន្តថាសភាពការបទល្មើសកើតឡើងចំនួន៤៦លើក បង្ក្រាបបាន៤៥ករណី ឃាត់ខ្លួនជនសង្ស័យ៧៥នាក់ និងវត្ថុតាងមួយចំនួនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញ ។ ដោយឡែកបទល្មើសគ្រឿងញៀនបង្ក្រាបបានចំនួន៦៣ករណី ឃាត់ខ្លួនជនសង្ស័យ១៤៥នាក់ និងវត្ថុតាងមួយចំនួន បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕ តាឡឹម