ព័ត៌មានទាន់ហេតុការណ៍៖

លោក​ហ៊ុន​ ម៉ា​ណែ​ត​សម្ពោធ​អគារសិក្សា​អំណោយ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នៅ​ស្រុក​ថ្មពួក​

​ខេត្តបន្ទាយមានជ័យ ​៖ សមិទ្ធផល​ក្នុង​វិស័យ​អប់រំ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​ថ្លា​របស់​សម្តេច​ អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជូន​ដល់​ប្រជាពលរដ្ឋ​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៥​ ក្រោម​អធិបតី​ ភាព​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ទាំង​ពីរ​។​

​នៅ​ក្នុង​ពិធី​នោះ​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​ សាកសួរ​សុខទុក្ខ​របស់​សម្តេច​ទាំង​ទ្វេ​ ជូន​ដល់​ ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ថ្មពួក​ ដែល​បាន​បន្ត​ការ​គាំទ្រ​សម្តេច​ក្នុង​ការ​ដឹកនាំ​ប្រទេស​ដោយ​បាន​ជូនពរ​ឱ្យ​បង​ ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ បាន​ជួប​ប្រទះ​តែ​សេចក្តី​ សុខ​ចម្រើន​ជា​និច្ច​។​ លោក​បន្ត​ទៀត​ថា​ សមិទ្ធផល​ថ្មីៗ​ ដែល​បាន​ កើតឡើង​ព្រោងព្រាត​នេះ​ គឺជា​ការ​ដោះស្រាយ​ឆ្លើយ​តប​ភ្លាមៗ​របស់​ សម្តេច​ជូន​ដល់​ប្រជាពលរដ្ឋ​ ដែល​ជា​និច្ចកាល​សម្តេច​តែងតែ​យកចិត្ត​ ទុកដាក់​ខ្ពស់​ ផ្តល់​នូវ​ការ​លើកទឹកចិត្ត​យ៉ាង​កក់ក្តៅ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ គ្រប់​បែប​យ៉ាង​ដល់​វិស័យ​អប់រំ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​។​

​លោក​បាន​គូសបញ្ជាក់​ថា​ គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​សំខាន់​បំផុត​ គឺ​បន្ត​ជំរុញ​ការ​បង្កើត​ សាលារៀន​ឱ្យ​បាន​ច្រើន​ ទៅ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​កូនចៅ​ពួក​ គាត់​បាន​រៀនសូត្រ​ នៅ​នឹង​កន្លែង​តែ​ម្តង​ ក្នុង​គោលបំណង​ជំរុញ​ការ​អប់រំ​ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យ​កុមារ​គ្រប់​រូប​ និង​យុវជន​ ទាំងអស់​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​បាន​ចូល​រៀន​ប្រកបដោយ​សមធម៌​ ដើម្បី​អនាគត​ដ៏​រុងរឿង​នៃ​ទឹកដី​មាតុភូមិ​អង្គរ​យើង​។​

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ក៏​បាន​ផ្តាំផ្ញើ​បងប្អូន​ប្រជាពលរដ្ឋ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ត្រូវ​ខិតខំ​ ប្រឹងប្រែង​រៀនសូត្រ​ឱ្យ​បាន​ ប្រសើរ​ និង​ក្លាយជា​សិស្ស​ពូកែ​ កូន​ល្អ​ មិត្ត​ល្អ​ និង​ត្រូវ​ចូលរួម​ថែរក្សា​អគារ​ថ្មី​ទាំង​ អស់នេះ​ឱ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​ និង​បាន​អំពាវនាវ​ដល់​មាតាបិតា​ និង​អាណាព្យាបាល​ ត្រូវ​ជំរុញ​ កូនចៅ​ឱ្យទៅ​រៀនសូត្រ​បាន​គ្រប់ៗ​គ្នា​ និង​ជាប់លាប់​កុំ​អាក់ខាន​ និង​កុំឱ្យ​បោះបង់​ការ​សិក្សា​។​

​អភិបាល​ខេត្តបន្ទាយមានជ័យ​លោក​ គោ​ ស៊ុំ​សា​រឿ​ត​ ដែល​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ការ​ដឹង​ គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​តេ​ជោ​ និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ ដែល​ជា​និច្ចកាល​តែង​ តែ​បាន​គិត​ គូរ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ទូទៅ​ និង​បាន​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ​ ថ្នល់​ ស្ពាន​ ទឹក​ ភ្លើង​ សាលារៀន​ មន្ទីរពេទ្យ​ វត្ត​អារាម​ជា​ច្រើន​ឥត​គណនា​។​ នៅ​ខេត្តបន្ទាយមានជ័យ​ បច្ចុប្បន្ន​គ្រប់​ភូមិ​សិក្សា​មាន​សាលារៀន​ ចំនួន​៧៣៩​កន្លែង​ សិស្ស​សរុប​១៣៦.៤២៨​នាក់​ ដោយ​មិន​គិត​បញ្ចូល​សាលា​ឯកជន​៦៥​កន្លែង​ សិស្ស​ចំនួន​១១.៩៦២​ នាក់​ និង​បុគ្គលិក​សិក្សា​សរុប​ជាង​៦.០០០​នាក់​ឡើយ​។​

​លោក​ ប្លែក​ វ៉ា​រី​ អភិបាលស្រុក​ថ្មពួក​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ សមិទ្ធ​ ផល​លើ​វិស័យ​អប់រំ​ដែល​ជា​អំណោយ​របស់​ សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដល់​ស្រុក​ថ្មពួក​ ដែល​បាន​សម្ពោធ​នេះ​មាន​អគារសិក្សា​១​ខ្នង​មាន​ ៦​បន្ទប់​ នៅ​សាលា​បឋម​សិក្សា​គោក​ព្រិច​ឃុំ​គោក​រមៀត​។​ នៅ​ក្នុង​វិទ្យាល័យ​បន្ទាយឆ្មារ​ ឃុំ​បន្ទាយឆ្មារ​មាន​ អគារសិក្សា​១​ខ្នង​៦​បន្ទប់​ អគារ​កាត់ដេរ​១​ខ្នង​៣​បន្ទប់​ និង​អគារ​បណ្ណាល័យ​១​ខ្នង​៣​បន្ទប់​។​ រហូត​ដល់​សព្វថ្ងៃ​ នេះ​នៅ​ស្រុក​ថ្មពួក​ អគារសិក្សា​ជា​អំណោយ​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មាន​ចំនួន​៣២​ខ្នង​ស្មើនឹង​១២៨​បន្ទប់​ ៕

182(1)

183

185