ព័ត៌មានទាន់ហេតុការណ៍៖

លោក​អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ពន្យល់​បែប​ព្រមាន​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ករណី​ដេញថ្លៃ​អាជីវកម្ម​ខ្សាច់​មិន​ស្រប​នីតិវិធី​

​ភ្នំពេញៈ​ បើ​ទោះជា​លោក​អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ កាលពី​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៥​បាន​ចេញ​លិខិត​បែប​ជា​លក្ខណៈ​ព្រមាន​មក​លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ ពន្យល់​ពី​មូលដ្ឋាន​ពិនិត្យ​លទ្ធភាព​កែតម្រូវ​ឯកសារ​ដេញថ្លៃ​ដែល​ក្រសួង​រ៉ែ​ និង​ថាមពល​កំពុង​បំពេញការងារ​របស់​ខ្លួន​ បំពាន​ទៅ​នឹង​ច្បាប់​ស្តី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ ន​.​ស​./​រកម​ /០៥០៨​ /០១៦​នេះ​ក៏​ដោយ​ ប៉ុន្តែ​ជា​លទ្ធផល​ លោក​ស៊ុ​យ​ សែ​ម​ នៅ​តែ​បន្ត​ដំណើរការ​ដេញថ្លៃ​ធ្វើ​អាជីវកម្ម​ខ្សាច់​ចំនួន​៤​ឡូត៍​ ស្ថិត​នៅ​តំបន់​ប្រឡាយ​ស្តៅ​តា​ឯកកាល​ពី​ព្រឹក​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ដដែល​ ។​

​គួរ​រំលឹក​ថា​ នៅ​រសៀល​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៥​ មុន​ការ​ដេញថ្លៃ​ធ្វើ​អាជីវកម្ម​ខ្សាច់​ឡូត៍​ទាំង​៤​ខាងលើ​ ខាង​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ទូរស័ព្ទ​កោះហៅ​ជា​បន្ទាន់​ឲ្យ​អាជីវករ​ចូលរួម​ប្រជុំ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នីតិវិធី​នៃ​ការ​ដេញថ្លៃ​ ប៉ុន្តែ​អាជីវករ​ជា​ច្រើន​នាក់​ ហាក់ដូចជា​បញ្ចេញ​ប្រតិកម្ម​ ថែម​ទាំង​លើក​ឡើង​ថា​ តាំងពី​លោក​ស៊ុ​យ​ សែ​ម​ ឡើង​កាន់​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​ និង​ក្រោយមក​ជា​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ មិន​ធ្លាប់​មានការ​ដាក់​ដេញថ្លៃ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ ឬ​រ៉ែ​មាស​ ធ្យូង​ផ្សេងៗ​ ប៉ុន្តែ​ករណី​នេះ​លោក​ ឌិ​ត​ ឌី​ណា​ អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ឆ្លើយ​តប​ថា​ ការ​ដេញថ្លៃ​នេះ​គឺ​អនុវត្ត​តាម​ច្បាប់​ ហើយ​ស្រប​តាម​ប្រទេស​ជឿនលឿន​ប្រជាធិបតេយ្យ​ បើ​អាជីវករ​មិន​ព្រម​ លោក​ជំរុញ​ឲ្យ​ប្តឹង​ទៅ​តាម​ផ្លូវច្បាប់​ ។​

​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ​ តំណាង​ខាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិញ្ញ​វត្ថុ​បាន​ចោទ​ជា​សំណួរ​ថា​ ហេតុ​អ្វី​ក៏​ការ​ដេញថ្លៃ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ ខាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​មិន​បានដឹង​ ខណៈ​តាម​ផ្លូវច្បាប់​ រាល់​ការ​ដេញថ្លៃ​ត្រូវ​មានការ​ឯកភាព​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នោះ​?​ បើ​ទោះជា​តំណាង​ខាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចោទសួរ​ជា​សំណួរ​បែប​នេះ​ក៏​ដោយ​ ការ​ឆ្លើយ​តប​ពី​ក្រសួង​រ៉ែ​ និង​ថាមពល​ លោក​ឌិ​ត​ ឌី​ណា​ គ្រាន់តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា​ រឿង​នេះ​ចាំ​និយាយ​បញ្ហា​ផ្ទៃក្នុង​នៅ​ពេល​ក្រោយ​ រួច​ក៏​បិទ​កម្មវិធី​ប្រជុំ​ ។​

​ដោយ​មានការ​ដាក់​ឲ្យ​ដេញថ្លៃ​មិន​បាន​ស្រប​ទៅ​តាម​ច្បាប់​ស្តី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ ន​.​ស​./​រកម​ /០៥០៨​ /០១៦​ ចុះ​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០០៨​ បែប​នេះ​ហើយ​ ទើប​មាន​ច​ម្ង​ល់​ជា​ច្រើន​ពី​មន្ត្រី​ ក៏​ដូច​ជា​អាជីវករ​បាន​លើក​ឡើង​ថា​ តើ​ច្បាប់​ស្តី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​អនុម័ត​ដោយ​រដ្ឋសភា​ក្នុង​ឆ្នាំ​២០០៨​នោះ​ត្រូវ​បាន​និរាករណ៍​ ឬ​មួយ​យ៉ាងណា​ បានជា​លោក​ស៊ុ​យ​ សែ​ម​ រដ្ឋមន្ត្រី​មិន​បាន​អនុវត្ត​តាម​ច្បាប់​នេះ​?​ ។​ បញ្ហា​នេះ​ មិន​ត្រឹមតែ​អាជីវករ​ និង​មន្ត្រី​ប៉ុណ្ណោះ​ទេ​ សូ​ម្បី​តែ​លោក​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​លិខិត​បែប​ព្រមាន​មួយ​ដោយ​បញ្ជាក់​ថា​ «​ដើម្បី​ឲ្យ​ការ​ដេញថ្លៃ​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​ត្រឹមត្រូវ​តាម​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ជា​ធរមាន​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​សូម​អនុញ្ញាត​ដកស្រង់​បទ​ប្បញ្ញត្តិ​ខ្លះៗ​ និង​ចូលរួម​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដើម្បី​ឲ្យ​រដ្ឋមន្ត្រី​ (​ស៊ុ​យ​ សែ​ម​)​ មាន​មូលដ្ឋាន​ពិនិត្យ​លទ្ធភាព​កែតម្រូវ​ឯកសារ​ដេញថ្លៃ​ ឬ​សៀវភៅ​បន្ទុក​ សម្រាប់​ការ​ដេញថ្លៃ​នេះ​ ក៏​ដូច​ជា​ការ​ដេញថ្លៃ​ផ្សេង​ទៀត​។​ ក្នុង​នោះ​ លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ពី​ច្បាប់​ស្តី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​ (២០០៨)​ មាត្រា​១៦​ (​វាក្យខណ្ឌ​ចុង​ក្រោយ​)​ ការ​ប្រមូល​ចំណូល​ មិនមែន​ជា​សារពើ​ព័ន្ធ​ ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ។​ មាត្រា​១៧​ ទ្រព្យសម្បតិ​រដ្ឋ​ ដែល​រួម​មាន​ទ្រព្យសម្បតិ្ត​ឯកជន​របស់​រដ្ឋ​ និង​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ត្រូវ​ចាត់ចែង​ និង​គ្រប់គ្រង​យ៉ាង​ត្រឹមត្រូវ​ទៅ​តាម​បទ​ប្ប​ញ្ញ​តិ្ត​នៃ​ច្បាប់​ និង​បទបញ្ជា​ជា​ធរមាន​ ។​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ទ្រព្យសម្បតិ្ត​រដ្ឋ​ លើ​ការ​លក់​ ការ​ជួល​ ការ​ផ្ទេរ​ និង​ការ​ចាត់ចែង​ដទៃ​ទៀត​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​ ការ​ផ្តល់​សម្បទាន​ផ្សេងៗ​របស់​រដ្ឋ​ ព្រមទាំង​ការ​ធ្វើ​បញ្ជី​សារពើ​ភណ្ឌ​ ។​ ការ​ចុះ​កិច្ចសន្យា​លើ​ការ​ចាត់ចែង​ទ្រព្យសម្បត្តិ​រដ្ឋ​ និង​ផ្តល់​សម្បទាន​ផ្សេងៗ​របស់​រដ្ឋ​ ដែល​មានការ​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​សាធារណៈ​ ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ និង​ការ​ឯកភាព​របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ។​

​លោក​អូន​ ព័ន្ធ​មុនី​រ័​ត្ន​ បាន​ផ្តល់​អនុសាសន៍​ទៅ​កាន់​លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ដែល​កំពុង​ដេញថ្លៃ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោយ​បំពាន​ច្បាប់​ស្តី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​នោះ​ទៀត​ថា​ ពាក្យសុំ​ដេញថ្លៃ​ត្រូវ​បាន​បិទ​តែមប្រិ៍​,​ រាល់​ការ​ដេញថ្លៃ​ត្រូវ​មាន​សៀវភៅ​បន្ទុក​ ដែល​មាន​ចែង​លម្អិត​អំពី​សេចក្តីណែនាំ​ក្នុង​ការ​បំពេញបែបបទ​ដេញថ្លៃ​ នីតិវិធី​ដេញថ្លៃ​ សិទ្ធិ​អ្នកចូលរួម​ដេញថ្លៃ​ កាតព្វកិច្ច​ បច្ចេកទេស​ កាតព្វកិច្ច​ហិរញ្ញវត្ថុ​ និង​នីតិវិធី​ប្តឹង​តវ៉ា​។​ល​។​
​លោក​រដ្ឋមន្ត្រី​បញ្ជាក់​ទៀត​ថា​ ក្រុមហ៊ុន​ និង​អាជីវករ​ដែល​ចូលរួម​ដេញថ្លៃ​ត្រូវ​តែ​ជា​ក្រុមហ៊ុន​ និង​អាជីវករ​ដែល​មិន​មាន​ជាប់បំណុល​ពន្ធ​អាករ​ណ៍​ថ្លៃ​សួយ​សារ​ ឬ​បំណុល​រដ្ឋ​ផ្សេង​ទៀត​ ។​ ក្រោយ​ការ​ដេញថ្លៃ​ក្នុង​ករណី​រក​ឃើញ​ថា​ ក្រុមហ៊ុន​ឬ​អាជីវករ​ដែល​ឈ្នះ​ការ​ដេញថ្លៃ​ មាន​ជាប់បំណុល​ពន្ធ​ អាករ​ថ្លៃ​សួយ​សារ​ ឬ​បំណុល​រដ្ឋ​ផ្សេង​ទៀត​ លទ្ធផល​នៃ​ការ​ដេញថ្លៃ​ ត្រូវ​ទុកជា​មោឃៈ​ ។​

​ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​អាច​ពិនិត្យ​ឃើញ​ថា​ លោក​ស៊ុ​យ​ សែ​ម​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​រៀបចំ​ការ​ដេញថ្លៃ​ធ្វើ​អាជីវកម្ម​ខ្សាច់​មិន​ស្របច្បាប់​ ដូច្នេះ​នេះ​ជា​ការ​ព្រមាន​ផង​ដែរ​ ដើម្បី​ឲ្យ​ក្រសួង​រ៉ែ​ និង​ថាមពល​សំឡឹង​មើលឃើញ​ឲ្យ​ច្បាស់​ពី​ច្បាប់​ស្តី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​ដែល​នៅ​ជា​ធរមាន​នៅឡើយ​នោះ​។​

​នៅ​ក្នុង​លិខិត​ចំនួន​៤​ទំព័រ​របស់​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដាក់​ទៅ​កាន់​ និង​ផ្តល់​អនុសាសន៍​ឲ្យ​ក្រសួង​រ៉ែ​ និង​ថាមពល​គឺ​បាន​លើក​ឡើង​យ៉ាង​ក្បោះក្បាយ​ពី​នីតិវិធី​ ការ​ដេញថ្លៃ​ ក៏​ដូច​ជា​មាត្រា​មួយ​ចំនួន​របស់​ច្បាប់​ស្តី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​ដែល​នៅ​មាន​ជា​ធរមាន​ ប៉ុន្តែ​ជា​លទ្ធផល​ លោក​រដ្ឋមន្ត្រី​ ស៊ុ​យ​ សែ​ម​ នៅ​តែ​បន្ត​ដេញថ្លៃ​ ទាំង​មិន​ទាន់​បាន​ឆ្លើយ​តប​ និង​អនុវត្ត​តាម​ការ​ផ្តល់​អនុសាសន៍​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដដែល​ ។​

​អាជីវករ​បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ បើ​តាម​ការ​អះអាង​ពី​មន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​ថា​ មាន​អាជីវករ​ជាង​៦០​នាក់​ត្រូវ​បាន​ដាក់​ដេញថ្លៃ​ ប៉ុន្តែ​ជាក់ស្តែង​មាន​ចំនួន​៣០​នាក់​ប៉ុណ្ណោះ​ចូលរួម​ដេញថ្លៃ​សម្រាប់​ឡូត៍​ខ្សាច់​ទាំង​៤​ ហើយ​លទ្ធផល​ខាង​ក្រសួង​រ៉ែ​ និង​ថាមពល​កំណត់​រយៈពេល​២០​ថ្ងៃ​ដើម្បី​បើក​សំបុត្រ​ស្វែងរក​អ្នក​ឈ្នះ​ចំនួន​៤​អ្នកមាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ខ្សាច់​ស្របច្បាប់​ ។​

​អាជីវករ​បាន​លើក​ឡើង​ទៀត​ថា​ មិន​ត្រឹមតែ​អាជីវករ​ទេ​ ដែល​បញ្ចេញ​ប្រតិកម្ម​ក្នុង​រឿង​ក្រសួង​រ៉ែ​ និង​ថាមពល​ដក​ឡូត៍​ខ្សាច់​ដាក់​ឲ្យ​ដេញថ្លៃ​ ក្នុង​នោះ​ពួក​គាត់​បាន​រិះគន់​ថា​ លោក​រដ្ឋមន្ត្រី​ស៊ុ​យ​ សែ​ម​ នៅ​តែ​ប្រកាន់​បក្ខពួក​ និង​អំពើ​ពុក​រលួយ​ខណៈ​អនុញ្ញាត​ឲ្យ​លោក​ ហ៊ឺ​ ប៉ា​វី​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​កំពង់​ផៃ​ស្វយ័ត​ភ្នំពេញ​ដែល​ត្រូវជា​ ដន្លង​របស់​គាត់​ធ្វើ​អាជីវកម្ម​ខ្សាច់​ ដោយឡែក​ អាជីវករ​ផ្សេង​ទៀត​ត្រូវ​តែ​ដេញថ្លៃ​?​ ។​ ពួក​គាត់​បន្ត​ថា​ កន្លង​ទៅ​ ក៏​ធ្លាប់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​ ហើយ​ក្រោយមក​ ក៏​ខាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែល​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល​ក៏​បញ្ចេញ​ប្រតិកម្ម​ចាត់​ទុក​ថា​ ក្រសួង​រ៉ែ​ និង​ថាមពល​ដេញថ្លៃ​ធ្វើ​អាជីវកម្ម​ខ្សាច់​បំពាន​ទៅ​នឹង​ច្បាប់​ស្តី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​(២០០៨)​ ដែល​មិន​ទាន់​ជា​និរាករណ៍​នោះ​ ។​

​ក្រោយ​ពី​រាជរដ្ឋាភិបាល​ចេញ​សេចក្តីសម្រេច​លេខ​២០​ ចុះ​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០១៥​ ប្រគល់​សិទ្ធិ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​ចេញ​អាជ្ញា​បណ្ណ​អាជីវកម្ម​រ៉ែ​ខ្សាច់​ ឃើញ​ថា​ ភាពយឺត​យ៉ាវ​ នីតិវិធី​មិន​ច្បាស់លាស់​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាជីវកម្ម​ខ្សាច់​ខាតបង់​ពេលវេលា​ ប្រាក់​កាស​ បញ្ចេញ​ប្រតិកម្ម​ ហើយ​ក៏​បណ្តាល​ឲ្យ​វិស័យ​សំណង់​មួយ​ចំនួន​ត្រូវ​បាន​រាំងស្ទះ​ និង​អាច​និយាយ​បាន​ថា​ ក្រសួង​រ៉ែ​ និង​ថាមពល​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ចជាតិ​តាម​រយៈ​វិស័យ​សំណង់​ ប្រសិនបើ​រាំងស្ទះ​ និង​មិន​ទាន់​បាន​ចេញ​អាជ្ញា​បណ្ណ​ស្របច្បាប់​ណាមួយ​ជូន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ខ្សាច់​ ។​ គួរ​រំលឹក​ថា​ បើ​តាម​ការ​ព្យាករ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​ មាន​កំណើនសេដ្ឋកិច្ច​កើនឡើង​៧,៥​ តាម​រយៈ​វិស័យ​ទេសចរណ៍​,​ កសិកម្ម​,​ វាយនភ័ណ្ឌ​ រោងចក្រ​កាត់ដេរ​ និង​វិស័យ​សំណង់​ ប៉ុន្តែ​ បើ​ខាង​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ធ្វើ​ឲ្យ​វិស័យ​សំណង់​រាំងស្ទះ​ដោយសារ​តែ​ការ​យឺតយ៉ាវ​ និង​នីតិវិធី​មិន​ច្បាស់លាស់​ក្នុង​ការ​ចេញ​អាជ្ញា​បណ្ណ​ខ្សាច់​ ក៏​នឹង​អាច​ប៉ះពាល់​ដល់​ការ​បាត់បង់​ចំណូល​សេដ្ឋកិច្ចជាតិ​ពី​វិស័យ​សំណង់​នេះ​ផង​ដែរ​។​

​បើ​ទោះជា​មានការ​លើក​ឡើង​ពី​អាជីវករ​ និង​ការ​ផ្តល់​អនុសាសន៍​ពី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដាក់​ជូន​លោក​ ស៊ុ​យ​ សែ​ម​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ក៏​ដោយ​ នគរវត្ត​មិន​អាច​ទាក់ទង​បាន​ទេពី​លោក​ស៊ុ​យ​ សែ​ម​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ ៕​ សុខ​ ខេ​ម​រ៉ា​