ព័ត៌មានទាន់ហេតុការណ៍៖

លោក​អូ​ស្មាន​ ហា​ស្សាន់​ ៖​ ប្រទេស​ម៉ា​រ៉ុ​ក​នៅ​តែ​បន្ដ​ជួយ​លើ​វិស័យ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សង្គមកិច្ច​ សេដ្ឋកិច្ច​ និង​ឧស្សាហកម្ម​នៅ​កម្ពុជា​

​ភ្នំពេញ​ ៖​ ប្រទេស​ម៉ា​រ៉ុ​ក​ នឹង​នៅ​តែ​បន្ដ​ជួយ​លើ​វិស័យ​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ សង្គមកិច្ច​ សេដ្ឋកិច្ច​ និង​ឧស្សាហកម្ម​នៅ​កម្ពុជា​ ដើម្បី​បង្កើន​ការ​ទំនាក់ទំនង​ ពង្រឹង​កិច្ច​សហប្រតិបត្ដិការ​ រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ទ្វេ​ឡើង​ថែម​ទៀត​ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​អូ​ស្មាន​ ហា​ស្សាន់​ រដ្ឋលេខាធិការ​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ក្នុង​ដំណើរ​ទស្សនកិច្ច​ នៅ​ប្រទេស​ម៉ា​រ៉ុ​ក​ ក្នុង​ឱកាស​ចូល​ជួប​ពិភាក្សា​ការងារ​ ជាមួយ​ លោក​Abdesslam​ Seddiki​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​សង្គមកិច្ច​ម៉ា​រ៉ុ​ក​ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទំនាក់ទំនង​លើ​វិស័យ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សេដ្ឋកិច្ច​ ឧស្សាហកម្ម​ រវាង​ប្រទេស​ទាំង​ពីរ​ កាលពី​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៥​នៅ​ទីស្ដីការក្រសួង​ការងារ​ និង​សង្គមកិច្ច​ម៉ា​រ៉ុ​ក​ ។​

​លោក​ Abdesslam​ Seddiki​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​សង្គមកិច្ច​ម៉ា​រ៉ុ​ក​ បាន​បញ្ជាក់​ថា​ ម៉ា​រ៉ុ​ក​ ជា​ប្រទេស​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជា​តំបន់​ដែល​អំណោយផល​សម្រាប់​ការ​ប្រកបការងារ​ កសិកម្ម​ ។​ ក្រៅពី​នោះ​ឧស្សាហកម្ម​ និង​ ទេសចរណ៍​ក៏​ជា​វិស័យ​អាទិភាព​ និង​ មានការ​រីក​លូតលាស់​គួរ​អោ​យក​កត់សម្គាល់​សម្រាប់​ប្រទេស​នេះ​។​ លោក​បន្ដ​ថា​ ប្រទេស​ទាំង​ ពីរ​កម្ពុជា​-​ម៉ា​រ៉ុ​ក​ជា​ប្រទេស​ជា​មិត្ត​តាំងពី​យូរ​មក​ហើយ​ ម្យ៉ាងទៀត​ប្រទេស​ទាំង​ពីរ​ក៏​ជា​ប្រទេស​ដែល​ធ្លាប់​នៅ​ក្រោម​អាណានិគម​បារាំង​ ហើយ​ក៏​ប្រកាន់​របប​រាជា​និយម​ដូច​គ្នា​ ដូចនេះ​តាំង​នាម​អោយ​ក្រសួង​ការងារ​ ក៏​ដូច​ជា​រដ្ឋាភិបាល​ម៉ា​រ៉ុ​ក​ នៅ​តែ​បន្ដ​ជួយ​គ្នា​ទៅ​វិញ​ ទៅ​មក​សូម​អោយ​តម្លៃ​ខ្ពស់​ និង​មាន​ចំណាប់អារម្មណ៍​ជា​ខ្លាំង​ក្នុង​បរិបទ​នៃ​កិច្ច​សហ​ ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ ជា​ពិសេស​វិស័យ​ការងារ​ និង​ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ គឺ​ ប្រទេស​ម៉ា​រ៉ុ​ក​រីករាយ​នឹង​ចូលរួម​ចែករំលែក​ និង​លើក​ស្ទួយ​គ្រប់​វិធីសាស្ត្រ​នានា​ដែល​អាច​ ធ្វើ​ទៅ​បាន​។​ លោក​បន្ដ​ថា​ សព្វថ្ងៃ​ម៉ា​រ៉ុ​ក​ក៏​មាន​បញ្ជូន​ពលករ​ កម្មករ​ជំនាញ​ និង​បុគ្គលិក​ ប្រមាណ​ជា​៣​លាន​នាក់​ ទៅ​ធ្វើការ​នៅ​តំបន់​អ៊ី​រ៉ុ​ប​ និង​បណ្តា​ប្រទេស​អា​រ៉ាប់​ដូច​ជា​ កា​តា​ អា​រ៉ា​ប៊ី​សា​អូឌីត​ គុយ​វ៉ែត​ អា​រ៉ាប់​រួម​អេ​មី​រ៉ាត់​ ជាដើម​ ។​

​ ​លោក​អូ​ស្មាន​ ហា​ស្សាន់​ បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​ក្រសួង​ការងារ​ សង្ឃឹម​យ៉ាង​ម៉ុ​ត​មាំ​ថា​ កិច្ច​ពិភាក្សា​ការងារ​រវាង​ក្រសួង​ទាំង​ពីរ​នៅ​ថ្ងៃនេះ​ ជា​ជំហាន​ឆ្ពោះទៅ​មុខជា​បណ្តើរៗ​ ដែល​ដឹកនាំ​អោយ​ប្រទេស​ទាំង​ពីរ​មានការ​ទំនាក់ទំនង​ទៅ​លើ​គ្រប់​វិស័យ​កាន់តែ​ខ្លាំង​ឡើងជា​បន្តបន្ទាប់​។​ ក្នុង​ឳ​កាស​នោះ​លោក​អូ​ស្មាន​ ហា​ស្សាន់​ ក៏​បាន​អញ្ជើញ​ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​ម៉ា​រ៉ុ​ក​ និង​គណៈប្រតិភូ​ស្ថាប័ន​ពាក់​ព័​ន្ឋ​គួរតែ​មានការ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នា​ពេល​ណាមួយ​ទៅ​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​សូម​បញ្ជាក់​ថា​ លោក​អូ​ស្មាន​ ហា​ស្សាន់​ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចំនួន​៨​នាក់​ ទៅ​ទស្សនៈកិច្ច​នៅ​ប្រទេស​ម៉ា​រ៉ុ​ក​ ចំនួន​៥​ថ្ងៃ​ ចាប់​ថ្ងៃ​ទី​១២​ដល់​១៦​ ខែមីនា​ ឆ្នាំ​២០១៥​ ដើម្បី​ទៅ​ចូលរួម​ក្នុង​វេទិកា​អន្តរជាតិ​ Crans​ Montana​ Forum​ លើក​ទី​១១​ នៅ​ក្រុង​ Dakhla​ ភាគ​ខាងត្បូង​ប្រទេស​ម៉ា​រ៉ុ​ក​ ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១២​ដល់​១៦​ ខែមីនា​ ឆ្នាំ​២០១៥​ ។​ Crans​ Montana​ Forum​ ជា​អង្គការ​អន្តរជាតិ​ ដែល​បាន​បង្កើត​ឡើង​នៅ​ប្រទេស​ស្វី​ស​ តាំ​ពី​ឆ្នាំ​១៩៨៦​ ហើយ​ក៏​ត្រូវ​បាន​ទទួលស្គាល់​ពី​សំណាក់​អង្គការ​អន្តរជាតិ​ជា​ច្រើន​ ដូច​ជា​ UN,​ UNESCO,​ UNIDO,​ ISESCO,​ NATO,​ និង​ អង្គការ​អន្តរជាតិ​ធំៗ​ ក្នុង​ពិភពលោក​សរុប​៤៧​អង្គការ​។​ ទិស​ដៅ​របស់​វេទិកា​ Crans​ Montana​ Forum​ គឺ​ការ​ដាក់​ចេញ​នូវ​យុ​ទ្ឋ​សាស្ត្រ​បង្កើន​សមធម៌​ នៃ​ ក្តី​មេត្តា​ និង​ភាព​មិន​លំអៀង​ជូន​ពិភពលោក​ ។​ វា​ជា​គោលបំណង​ដើម្បី​ជំរុញ​អនុវត្ត​ប្រកបដោយ​ប្រ​សិ​ទ្ឋ​ភាព​ និង​ ធានា​បាន​ នូវ​កិច្ច​សន្ទនា​សកល​ កសាង​ឡើង​វិញ​នូវ​ស្ថិរភាព​នយោបាយ​ និង​សេដ្ឋកិច្ច​ ក្រោយ​សង្គ្រាមត្រជាក់​នៅ​អ៊ឺ​រ៉ុ​ប​ ៕​ សំរិត​

Sam-rith

Sam-rith-(1)

Sam-rith-(2)

Sam-rith-(3)

Sam-rith-(4)

Sam-rith-(5)