ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

លោក​ កឹម​ សុខា​ ត្រូវ​តុលាការ​កំពូល​ បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដដែល​ ​

ភ្នំពេញ​៖ ​មន្ត្រី​ជាន់ខ្ពស់​តុលាការ​កំពូល​ ថ្លែង​ឱ្យ​ដឹងថា​ ក្រោយ​សវនាការ​ពេញ​មួយ​ព្រឹក​ថ្ងៃទី​៩​ ខែ​មីនា​ នេះ​ លោក​ឃឹម​ ប៉ុណ្ណ​ អនុប្រធាន​តុលាការ​កំពូល​ សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល​ ពោល​គឺ​បន្ត​ឃុំ​ខ្លួនជនត្រូវចោទ​ កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ ​ក្នុង​ពន្ធនាគារ​ រង់ចាំ​តុលាការ​បន្ត​នីតិវិធី​ ។

លោក​ កឹម​ សុខា​ នៅ​ថ្ងៃនេះ​ ពុំ​ត្រូវ​បាន​ដឹក​បញ្ជូនពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ នៃ​ខេត្ត​ត្បូង​ឃ្មុំ​ ​មក​តុលាការ​កំពូល​ ដើម្បី​ចូលរួម​សវនាការ​ទេ​ ។ មន្ត្រី​តុលាការ​ បញ្ជាក់​ថា​ នេះ​ជា​សវនាការ​មុន​អង្គសេចក្តី​ ដោយ​ដេញដោល​តែ​លើ​អង្គ​ច្បាប់​ប៉ុណ្ណោះ​ ពុំ​មាន​វត្តមាន​ជនត្រូវចោទ​ក៏​បាន។

លោក កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ ដល់ ៣០​ឆ្នាំ​។

គួរ​បញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់​កណ្តាល​អាធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២0១៧។ ក្រោយ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ។ ហើយ​នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ព្រះរាជ​អាជ្ញា​៣រូប​បាន​ទៅដល់​ពន្ធនាគារ​ត្រពាំង​ផ្លុង ដើម្បី​សាកសួរ​លោក កឹម សុខា។ ការ​សាកសួរ​នោះ ក៏មាន​វត្តមាន​របស់​មេធាវី​ទាំង ៥​រូប របស់​លោក កឹម សុខា ដែរ ៕ ចេស្តា