ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ស្វាយ ស៊ីថា និង​ក្រុម​​ការងារ​ចុះ​បើកការដ្ឋាន​ស្តារស្រះ​នៅ​ក្នុងឃុំ​ កុមារាជា​

ខេត្តតាកែវ៖ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំ កុមារាជា បានដឹកនាំក្រុមការងារចុះទៅស្តារស្រះនៅក្នុងភូមិថ្មី ដែលជាជំហានចាប់ផ្តើមមុនគេក្នុងចំណោមស្រះទឹកចំនួន១៥ក្នុងភូមិទាំង១៣ នៃឃុំកុមារាជា ដែលនឹងស្តារជាបន្តបន្ទាប់ ដើម្បីបានទឹកគ្រប់គ្រាន់ជូនប្រជាពលរដ្ឋប្រើប្រាស់។

លោក  ស្វាយ ស៊ីថា បានរំលឹកឡើងវិញប្រាប់ទៅ ប្រជាពលរដ្ឋថា ការបើកការដ្ឋានស្តារស្រះទឹកនៅថ្ងៃនេះ គឺកើតចេញពីស្មារតីនៃការទទួលខុសត្រូវខ្ពស់ គិតគូរពីសុខទុក្ខ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈម និងកង្វះខាតទឹកប្រើប្រាស់ ហេតុដូច្នេះហើយ ទើបរូបលោកផ្ទាល់បានបរិច្ចាគ ថវិកាចំនួន២០លានរៀល ដើម្បីប្រកាសបើកការដ្ឋានស្តារស្រះចំនួន១៥ ក្នុងឃុំ ហើយមន្ត្រីរាជការទាំងអស់ក្នុងអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ក៏បានស្ម័គ្រចិត្តទាំងអស់គ្នាបរិច្ចាគ ប្រាក់ខែរបស់ខ្លួន១ខែ ក្នុងម្នាក់ៗដែលជាប្រាក់ខែ១០០ភាគរយ សម្រាប់បើកនៅខែឧសភានេះ ដោយបង្វែរ មកស្តារស្រះទឹកនេះវិញ ហើយការស្តាស្រះនេះក៏មានការចូលរួមផងដែរពីប្រជាពលរដ្ឋគ្រប់ភូមិ ក្នុងឃុំ រួមចំណែកទិញអាចម៌ដី ចាក់តាមផ្លូវ និងជុំវិញផ្ទះរបស់ពួកគាត់។

លោក ស្វាយ ស៊ីថា បានមានប្រសាសន៍ថា ស្រះទឹកនេះ បន្ទាប់ពីស្តាររួចរាល់ហើយ គឺទុកជាស្រះសាធារណៈ សម្រាប់ប្រជាពលរដ្ឋទូទៅក្នុងឃុំកុមារាជាប្រើប្រាស់ទាំងអស់គ្នាដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ។  ប៉ុន្តែ លោក បានសំណូមពរឲ្យប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាស្រះនេះឲ្យបានស្ថិតស្ថេរយូរអង្វែង។

ជាមួយគ្នានេះ លោក ស្វាយ ស៊ីថា ក៏បានប្រកាសឈ្មោះសប្បុរសជនមួយចំនួន ដែលនឹងជួយបរិច្ចាគថវិកា ដើម្បីកសាងផ្លូវលំមួយខ្សែក្នុងឃុំ គឺ លោកស្រី សុខ សុវណ្ណារី លោកស្រី ឡុច ណារីលោកស្រី ប៉ាង វាសនា និងលោកស្រី ហាក់ ប៉ោលាង ដែលកាយវិការនេះ បានបង្ហាញនូវការរួមចំណែកក្នុងការអភិវឌ្ឍភូមិ ឃុំឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

ប្រជាពលរដ្ឋនៅក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ បានសម្តែងនូវការសប្បាយចិត្តជាខ្លាំង ជាមួយនឹងការថ្លែងអំណរគុណចំពោះក្រុមការងារដែលបានយកចិត្តទុកដាក់ គិតគូរដោះស្រាយបញ្ហាទឹកនៅក្នុងមូលដ្ឋានរបស់ពួកគាត់។

លោកតាម្នាក់ជាតំណាងប្រជាពលរដ្ឋភូមិថ្មី បានមានប្រសាសន៍ថា ពលរដ្ឋអាចអត់អាហារបានរយៈពេល៧ថ្ងៃ ប៉ុន្តែ មិនអាចអត់ទឹកបានទេសូម្បីតែមួយថ្ងៃ។ លោកតា បានអះអាងថា អ្នកភូមិបានទន្ទឹងរង់ចាំការ ស្តារស្រះទឹកនេះជាយូរមកហើយ អីឡូវស្រះទឹកបានបើកការដ្ឋានស្តារហើយ។

ក្នុងទឹកមុខរីករាយ លោកតាអាចារ្យ ស៊ិន សាងថ្លែងថា ទៅថ្ងៃមុខនៅក្នុងភូមិរបស់គាត់នឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ សម្រាប់មនុស្ស សត្វ និងការដាំដំណាំបានមួយចំនួនទៀតផង។

លោក ស្វាយ ស៊ីថា ក៏បានមានប្រសាសន៍ឲ្យដឹងផងដែរថា កន្លងមកក្រុមការងារថ្នាក់ជាតិក៏បានចុះជួយដោះស្រាយបញ្ហាជាច្រើនលើគ្រប់វិស័យជូនប្រជាពលរដ្ឋក្នុងឃុំ និងការជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ បានផ្តល់នូវថវិកា និងសម្ភារជាបន្តបន្ទាប់ ដែលជាការអនុវត្តនូវវប្បធម៌ចែករំលែក យកចិត្តទុកដាក់ខ្ពស់នៅក្នុងការកសាង អភិវឌ្ឍមូលដ្ឋាន និងលើកិច្ចការងារសង្គមកិច្ច សុខាភិបាល សាសនា អប់រំ ចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ជាពិសេសទប់ស្កាត់បទល្មើសនានា ក្នុងភូមិដូចជា បញ្ហាជួញដូរគ្រឿងញៀន ល្បែងស៊ីសងជាដើម ដើម្បីភូមិឃុំមានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

បន្ទាប់ពីប្រកាសបើកការដ្ឋាន ស្តារស្រះរួចមក លោក និងក្រុមការងារ ក៏បានចុះទៅពិនិត្យមើលទីតាំងស្រះទឹកជាច្រើនកន្លែងទៀតនៅក្នុងភូមិ ដែលនឹងត្រូវស្តារនៅពេលខាងមុខ និងបានជួបប្រជុំជាមួយរដ្ឋអំណាចមូលដ្ឋាន និងក្រុមយុវជន  ដោយបានជម្រាបជូននូវការវិវត្តនៃ ស្ថានការណ៍នយោបាយបច្ចុប្បន្ន ចៀសវាងប្រជាពលរដ្ឋចាញ់បោក ការភូតកុហក បោកប្រាស់ និងបំពុលព័ត៌មានពីក្រុមប្រឆាំងមួយចំនួន។

នៅក្នុងការជួបសំណេះសំណាលគ្នានេះ លោក ស្វាយ ស៊ីថា ក៏បានប្រកាសឲ្យមានការប្រកួតកីឡាបាល់ទាល់របស់យុវជនក្នុងឃុំដើម្បីទទួលពានរង្វាន់ប្រចាំឆ្នាំទៀតផង។ បន្ទាប់មក លោក និងក្រុមការងារ ក៏បានចុះទៅពិនិត្យមើលទីតាំងផលិតទឹកស្អាត របស់យុវជនក្នុងឃុំ និងក្រោយមកបានជួបជុំពិសាអាហាររួមគ្នានៅទីស្នាក់ការរបស់យុវជនកម្ពុជា ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕ សហការី

20160512_HE-SVAY-SITHA_9443

20160512_HE-SVAY-SITHA_9578

20160512_HE-SVAY-SITHA_9715

20160512_HE-SVAY-SITHA_9931

20160512_HE-SVAY-SITHA_9935