ព័ត៌មានទាន់ហេតុការណ៍៖

លោក កៅ អ៊ីមរ៉ន តំណាងលោកអូស្មាន ហាស្សាន់៖ ប្រគល់អណ្តូងទឹកស្អាតខ្នាតធំ ចំនួន៤បន្ថែមទៀត ដល់អ្នកស្រុកម៉ាឡៃ ប្រើប្រាស់បង្កើនជីវភាពគ្រួសារ

បន្ទាយមានជ័យ ៖ លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៍មាន តំណាងលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានដឹកនាំតំណាងអង្គការដៃគូមកពីប្រទេសបារាំង លោក Kamel Lahssinin ប្រគល់អណ្តូង ទឹកស្អាត ខ្នាតធំចំនួន៤បន្ថែមទៀត ជូនដល់អ្នកខ្វះខាតទឹកតំបន់ព្រុំដែនកម្ពុជាថៃ បន្ទាប់ពីបានប្រគល់២លើករួចមកហើយក្នុងតំបន់នេះ ដែលមកដល់ពេលនេះ សហគមន៍តំបន់ដែលខ្វះទឹកស្អាត ក្នុងឃុំចំនួន២ នៅស្រុកម៉ាឡៃ រួមមានឃុំបឹងបេង និងឃុំអូរស្រឡៅ បានទទួលអណ្តូងខ្នាតធំសរុប ចំនួន១៣។

នេះបើតាមការបញ្ជាក់របស់ លោក កៅ អ៊ីមរ៉ន កាលពីថ្ងៃអាទិ្យ១២កើត ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ តុលា ឆ្នាំ២០១៨ ។

លោក កៅ អ៊ីមរ៉ន ថ្លែងអំណរគុណអង្គការដៃគូរ និងសប្បុរសជនបារាំង ដែលតែងតែទទួលសំណើរ អណ្តូងពីកម្ពុជា ដើម្បីដោះស្រាយកង្វល់បងប្អូននៅតំបន់ដាច់ស្រយាលដែលខ្វះទឹក ។ លោកអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលផលពីការប្រើប្រាស់អណ្តូងទឹកស្អាតនេះ សូមចូលរួមសហការគ្នា ថែទាំ សមិទ្ធផលនេះ ឲ្យបាននៅឋិតថេរ គង់វង់ ដើម្បីជាប្រយោជន៍ ដល់សហគមន៍រួមរបស់យើងទាំងមូលជាបន្តបន្ទាប់ ផង ។

លោក Kamel Lahssini ក្នុងនាមសប្បុរជនអង្គការ LIFE នៅប្រទេសបារាំង ក៏បានផ្តាំផ្ញើ និងសង្កត់ធ្ងន់ ដល់ប្រជា ពលរដ្ឋក្នុងតំបន់ដែល នៅជុំវិញ សូមយកចិត្តទុកដាក់ពីលើការប្រើប្រាស់ទឹកដែលស្អាត មានអនាម័យ ដើម្បីសុខភាពគ្រប់ៗគ្នា។ លោកបន្តថា ៖ត្បិតយើងមិនអាចផ្តល់អណ្តូងទឹកស្អាតឲ្យបានគ្រប់គ្នានោះបានឡើយ តើបងប្អូនអាចប្រើប្រាស់រួមគ្នា ហើយយើងព្យាយាមផ្តល់ឲ្យបានច្រើនតាមលទ្ធភាព ដើម្បីសម្រួលដល់សេចក្តីត្រូវការរបស់ បងប្អូនប្រជាជនក្នុងតំបន់ ដែលតែងតែជួបប្រទះបញ្ហាខ្វះទឹក ជាពិសេស នៅរដូវប្រាំងតែម្តង ៕ សំរិត