ព័ត៌មានទាន់ហេតុការណ៍៖

លោក គន់ គីម ថ្លែងអំណរគុណអតីតយុទ្ធជន ដែលបានចេញទៅបោះឆ្នោត និងប្តេជ្ញាបន្តប្រឹងប្រែងឲ្យអស់កម្លាំងកាយចិត្តជួយលើកកម្ពស់ជីវភាពអតីតយុទ្ធជន

ភ្នំពេញ៖ លោក គន់ គីម បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនមណ្ឌលឧត្តរមានជ័យ និងអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានសម្តែងក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ និងអតីតយុទ្ធជនកម្ពុជាទាំងអស់ ដែលបានចេញទៅបោះឆ្នោតបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញនេះ។ ជាពិសេសបានបោះឆ្នោតគាំទ្រផ្តល់សេចក្តីទុកចិត្តជូនគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានសំឡេងយ៉ាងច្រើនលើសលុប។

ក្នុងសារថ្លែងអំណរគុណដល់ម្ចាស់ឆ្នោត លោក គន់ គីម បានគូសបញ្ជាក់ថា ការចេញទៅបោះឆ្នោត និងគាំទ្រគណបក្សប្រជាជនកម្ពុជាពីសំណាក់ព្រះសង្ឃ អតីតយុទ្ធជន គឺជាការបង្ហាញឲ្យឃើញនូវជំនឿទុកចិត្តដ៏មុតមាំរបស់ព្រះសង្ឃ អតីតយុទ្ធជនចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានប្រឹងប្រែងអស់លទ្ធភាពក្នុងការអភិវឌ្ឍជាតិ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាអតីតយុទ្ធជនបានកាន់តែប្រសើរ។

«ក្នុងនាមជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ និងបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានចេញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាពីសំណាក់បងប្អូនអតីតយុទ្ធជនទាំងអស់ គឺបង្ហាញនូវក្តីស្រឡាញ់ផុសចេញពីបេះដូងរបស់បងប្អូន ជាពិសេសគឺការទុកចិត្ត និងពេញចិត្តរបស់បងប្អូនចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានប្រឹងប្រែងអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ»។ លោក គន់ គីម បានគូសបញ្ជាក់។

លោក គន់ គីម ក្នុងនាមជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន ក៏បានប្តេជ្ញាប្រឹងប្រែងបំពេញក្នុងតួនាជាអគ្គលេខាឲ្យកាន់តែស្វាហាប់បន្ថែមទៀតក្នុងការធ្វើជាស្ពាននាំយករាល់បញ្ហារបស់អតីតយុទ្ធជនទាំងអស់ជូនសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីដោះស្រាយបញ្ហាឲ្យមានប្រសិទ្ធភាព និងលើកកម្ពស់ការរស់នៅរបស់អតីតយុទ្ធជនឲ្យកាន់តែប្រសើរ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនចេញទៅបោះឆ្នោត។ របាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ប្រជាពលរដ្ឋចេញទៅបោះឆ្នោតនៅថ្ងៃម្សិលមិញនេះមានចំនួនរហូតដល់ ៦,៨៨៥,៧២៩នាក់ ស្មើនឹង ៨២.១៧ភាគរយ នៃប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។ របាយការណ៍បឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានបង្ហាញដែរថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយមួយទទួលបានសំឡេងគាំទ្រច្រើនជាងគណបក្សនយោបាយ១៩ផ្សេងទៀត៕