ព័ត៌មានទាន់ហេតុការណ៍៖

លោក គីម ជុងអ៊ុន ចងរៀបចំជំនួបលើកទី៣ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង

មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង និងខាងជើង នឹងជួបពិភាក្សាគ្នានៅសប្តាហ៍ក្រោយ ដើម្បីរៀបចំជំនួបកំពុល លើកទី៣ រវាង លោក ម៉ូនជេអីនប្រធានាធិបតីកូរ៉េខាងត្បូង និង គីម ជុងអ៊ុន ក្រោយពេលដែលជំនួបជាមួយ ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក មិនទទួលបានលទ្ធផល រីកចំរើនឆ្ពោះទៅមុខ ។

ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងថា ភាគីកូរ៉េខាងជើង បានស្នើរឲ្យរៀបចំពិភាក្សាថ្នាក់ក្រសួងនៅតំបន់ព្រំដែន នាថ្ងៃទី១៣ ខែសីហា ដើម្បីពិភាក្សាត្រៀមជំនួបកំពូល របស់មេដឹកនាំប្រទេសទាំងពីរ ។

លោកម៉ូន ជេអីន គីម ជុងអ៊ុន បានជួបគ្នាពីរលើកមកហើយនៅក្នុងឆ្នាំនេះ គឺ នៅខែមេសា និងខែឧសភា ។ មន្ត្រីកូរ៉េខាងត្បូង បានបង្ហាញពីគោលបំណង ចងរៀបចំជំនួបលើកទីបី ក្នុងពេលឆាប់ៗស្តីពីកម្មវិធីបរមាណូកូរ៉េខាងជើង ។

ប្រធានាធិបតីកូរ៉េខាងត្បូង បានទទួលនៅការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង ទៅទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង នាពេលខាងមុខ ប៉ុន្តែមិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយ ហើយក៏មិនទាន់ដឹងថា ជំនួបលើកទី៣ អាចរៀបចំនៅក្នុងដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ដែរឬទេ ។

នៅក្នុងជំនួបកំពូលកាលពីថ្ងៃទី ២៧ ខែមេសា ជាជំនួបលើកទីមួយ លោកមូន និង លោក គីម បានឈានដល់កិច្ចព្រមព្រៀង ធំៗ បញ្ចប់ការប្រឈមមុខតានតឹងដោយយោធា និងកែប្រែទំនាក់ទំនងប្រទេសទាំងពីរឲ្យល្អប្រសើរឡើងវិញ ។ មេដឹកនាំទាំងពីរក៏បានឯកភាព រំសាយអាវុធបរមាណូនៅឧប្បទ្វីបកូរ៉េ ។

ជំនួបលើកទីពីរ គឺនៅថ្ងៃទី ២៦ ខែឧសភា ដែលជាជំនួប ដើម្បីរៀងចំដល់ជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសសឹង្ហបុរី ដែលជាលើកទីមួយ មេដឹកនាំកូរ៉េខាងជើងជួបប្រធានាធិបតីអាមេរិក ៕ ម៉ែវ សាធី