ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ គិតយ៉ាងម៉េច បើឡានដឹកឈើរាប់សិបឡានបើកឆ្លងកាត់ដែនសមត្ថកិច្ចគ្រប់គ្រងរបស់លោកអញ្ចឹង?

ខេត្តត្បូងឃ្មុំ ៖ ដូចជាហួសហេតុពេកហើយ អស់លោកសមត្ថកិច្ច បើមានចេតនាទុច្ចរិត ដោយអំពើឃុបឃិតគ្នា ផ្តើមឲ្យមានបទល្មើសឈើចរាចរក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនដូចហែរកឋិនអីចឹង ជាកំហុសធ្ងន់ធ្ងរណាស់ ខណៈឡានដឹកឈើអាចធ្វើការប្រដូច ឬប្រៀបធៀបនឹងឡានក្បួនអ្នកធំទៅហើយ និងចំហរអីយ៉ាងនេះលោកអើយ ។

ប្រជាពលរដ្ឋបានលើកឡើងថា ៖ ពួកគាត់បានឃើញនឹងភ្នែក ជាក់ស្តែងៗ មិនបំផ្លើស និងមិនបំភ្លៃទេ ពិសេសកុំខឹងអីបងៗមានភារកិច្ចបង្ក្រាបតែមិនបង្ក្រាប…? ហើយកុំទើសចិត្តអី បានស៊ីបានចុកចឹងប្រឹងទៅ ដើម្បីទប់សេដ្ឋកិច្ចគ្រួសារ ស្រីញី និងការបែងចែងផលប្រយោជន៍បានមកពីបទល្មើសនេះ ។ ប៉ុន្តែកុំភ្លេចការទទួលខុសត្រូវតាមផ្លូវច្បាប់ នៃភារកិច្ច តួនាទី របស់ខ្លួន ។ ថ្ងៃក្រោយមិនរំពឹងថា លុយបានមកពីបទល្មើសឈើនេះ អាច ក្លាយពូនជាកូន ជាចៅ រីកលុយបន្ថែមនោះទេ ។ ពេលខ្លះអាចរីកដុះដាលនូវអំពើល្មើស និងទទួលខុសត្រូវចំពោះបទល្មើសនេះនៅពេលណាមួយថ្នាក់លើ ឬអ្នកទទួលប្រភពសេដ្ឋកិច្ចពីអ្នកយករួចខ្លួន រួចទម្លាក់កំហុសនេះឲ្យអស់លោកជាសមត្ថកិច្ចទទួលខុសត្រូវ?

ថ្មីៗនេះសកម្មភាពដឹកជញ្ជូនឈើចេញទៅវៀតណាមកើតជាប្រចាំ ប៉ុន្តែគេទទួលស្គាល់ថា ឈ្មួញគឃ្លើននឹងច្បាប់ហ៊ានព្រហើនបំផុត ខណៈសមត្ថកិច្ចជំនាញជាច្រើនស្ថាប័នរាងទន់ដៃក្នុងការបង្ក្រាប ដែលគេសង្ស័យថា អាចជាប់ ចិត្តនឹងលាភសក្ការក្នុងការទទួលផលប្រយោជន៍ ទាន់ឱកាសហុចឲ្យ ភ្លេចភារកិច្ច តួនាទីរបស់ខ្លួន។ នេះជាការពិតមិនអាចប្រកែកបាន។

ជាក់ស្តែង ប្រជាពលដ្ឋថតផ្តិតយកសកម្មភាព (វីដេអូ)ពិតៗរាយការណ៍មកថា ក្នុងមួយយប់ៗមានឡានសាំយ៉ុងដឹកឈើដប់ម្ភៃគ្រឿងឆ្លងមកពីស្រុកឆ្លូង ខេត្តក្រចេះ កាត់តាមស្ពានកំពង់រាំងស្រុកតំបែរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ យកទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង យ៉ាងអាណាធិប្បតេយ្យ ។ ប្រជាពលរដ្ឋថា ឃើញសមត្ថកិច្ចជំនាញចុះទៅដែរប៉ុន្តែឃើញតំរៀបក្បាលឡានតាមដងផ្លូវចាំរាប់ចំនួនឡានដឹកឈើទៅវិញ???

ពាក់ព័ន្ធនឹងករណីនេះ មហាជនបានទទូចស្នើសុំឲ្យលោក លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មេត្តា មានវិធានការណ៍បង្ក្រាប ឬ ទប់ស្កាត់ខ្លះផង ព្រោះឃើញថាសកម្មភាពដឹកឈើកំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេង ផ្ទាល់នឹងភ្នែក មិនអាចប្រកែកបាន ។
លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ភ្នាក់ងារយកព័ត៌មានអង្គភាពនគរដ្រេហ្គនមិនអាចសុំការបំភ្លឺបានទេ នៅពេលទូរស័ព្ទចូលហើយ តែលោកមិនព្រមចុចទទួល ៕ វណ្ណៈ